ចិនបានចាប់ផ្តើមប្រតិបត្តិការល្បាតនិងធ្វើអធិការកិច្ចរួមគ្នាជាពិសេសរយៈពេល៣ថ្ងៃនៅភាគកណ្តាល និងភាគខាងជើងនៃច្រកសមុទ្រតៃវ៉ាន់ដែលរួមបញ្ចូលទាំងការចល័តនាវាចម្បាំងផងដែរ។
អាជ្ញាធរសុវត្ថិភាពដែនសមុទ្រក្នុងខេត្តភាគអាគ្នេយ៍នៃប្រទេសចិន បាននិយាយថា ប្រតិបត្តិការនេះរួមមាន «ការត្រួតពិនិត្យនៅនឹងកន្លែង» លើនាវាដឹកទំនិញនិងនាវាសំណង់នៅសងខាងនៃច្រកសមុទ្រតៃវ៉ាន់ ក្នុងគោលបំណងធានាសុវត្ថិភាពនៃការធ្វើនាវាចរណ៍ ការធ្វើប្រតិបត្តិការប្រកបដោយសុវត្ថិភាព និងមានសណ្តាប់ធ្នាប់សម្រាប់គម្រោងសំខាន់ៗលើផ្លូវសមុទ្រ។
ចំណែកការិយាល័យដែនសមុទ្រ និងកំពង់ផែតៃវ៉ាន់បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានធ្វើការតវ៉ាយ៉ាងខ្លាំងចំពោះប្រទេសចិនអំពីសកម្មភាពនេះ។ តៃវ៉ាន់ កំពុងតាមដានស្ថានការណ៍ ហើយបានបញ្ជាឱ្យយន្ដហោះចម្បាំង នាវាចម្បាំង និងប្រព័ន្ធខែលប្រឆាំងមីស៊ីល ត្រៀមលក្ខណៈឆ្លើយតបទៅនឹងសកម្មភាពទាំងនេះ។
សកម្មភាពនេះកើតមានឡើងចំពោះមុខភាពតានតឹងរវាងចិននឹងតៃវ៉ាន់ ក្នុងពេលដែលប្រធានសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក លោក ខេវីន ម៉ាកខេធី (Kevin McCarthy) ទទួលជួបមេដឹកនាំតៃវ៉ាន់ លោកស្រី សៃ អ៉ីវិន (Tsai Ing-wen) នៅរដ្ឋកាលីហ្វ័រនីញ៉ា កាលពីថ្ងៃពុធសប្តាហ៍នេះ៕ ដោយ៖ ធីរីណា
រូបថត៖ Reuters