ភ្នំពេញ៖ តោះ! បងប្អូនមកដឹងពីទំនាយតាមថ្ងៃសង្ក្រាន្តក្នុងឆ្នាំថោះ បញ្ចស័ក ទាំងអស់គ្នាថា តើទំនាយតាមថ្ងៃនីមួយៗមានអ្វីខ្លះល្អ អ្វីខ្លះមិនល្អ ដើម្បីឱ្យបងប្អូនយើងបានដឹងទាំងអស់គ្នា។ ខណៈថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងនៅសល់តែប៉ុន្មានថ្ងៃទៀតនឹងចូលមកដល់ដែលប្រព្រឹត្តិទៅនៅថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៣ខាងមុខនេះ។
បើយោងតាមសៀវភៅមហាសង្ក្រាន្តដែលរៀបរៀងដោយលោកគ្រូ អុឹម បុរិន្ទ បោះពុម្ពផ្សាយឆ្នាំ២០២៣នេះបានឱ្យដឹងថា ហាក់មានការក្តៅក្រហាយចិត្តច្រើន ខណៈស្រូវមិនសូវល្អមិនសូវអំណោយផលនោះទេ ក្នុងនោះផងដែរ ទំនាយថ្ងៃមហាសង្ក្រាន្តឃើញថា មានបញ្ហារោគឈឺភ្នែក ។
តោះ! មកអានទាំងអស់គ្នា! ខាងក្រោមនេះគឺជាទំនាយតាមថ្ងៃសង្ក្រាន្តក្នុងថ្នាំថោះ បញ្ចស័ក ដែលដកស្រង់ទាំងស្រុងពីសៀវភៅមហាសង្ក្រាន្តដែលរៀបរៀងដោយលោកគ្រូ អុឹម បុរិន្ទ ដែលជាអ្នកស្រាវជ្រាវវិជ្ជាហោរាសាស្ត្រខ្មែរ ចិន សកលដ៏ល្បីឈ្មោះមួយរូបដែលលោកគ្រូបានរៀបរាប់ថា ៖
១- ទំនាយថ្ងៃមហាសង្ក្រាន្តចូលឆ្នាំត្រូវជាថ្ងៃសុក្រ ទំនាយថា ៖ ឆ្នាំនោះស្រូវអង្ករ ល្ង សណ្តែក ផលដំណាំទាំងឡាយបរិបូណ៌ ទឹកភ្លៀង ព្យុះ រន្ទះច្រើន មានរោគឈឺភ្នែក មនុស្សម្នាផងទាំងឡាយនឹងមានជំងឺស្លាប់ច្រើនហើយនូវចាញ់ឯខាងកូនក្មេង។ ទេវតានឹងរក្សាមនុស្សផងទាំងឡាយរស់នៅដោយសេចក្តីសុខ មិនមានជំងឺតម្កាត់អ្វីឡើយ។ ស្រូវអង្ករបានផលល្អ មនុស្សនឹងកើតសទ្ធាជឿជាក់កម្មផល ធ្វើបុណ្យដាក់ទានដល់ទុរគតជន។
២- ទំនាយថ្ងៃវ័នបត ត្រូវនឹងថ្ងៃសៅរ៍ ទំនាយថា ៖ ឆ្នាំនោះស្រូវ អង្ករ ត្រី សាច់ ដំណាំផល ថ្ងៃនឹងកើតភ្លើងឆេះកណ្តាលទីក្រុង ខុនណាងនឹងត្រូវទោស ទឹកតិចជាងរាល់ឆ្នាំ សមណៈជីព្រាហ្មណ៍នឹងក្តៅក្រហាយចិត្ត។
៣- ទំនាយថ្ងៃឡើងស័ក ត្រូវនឹងថ្ងៃអាទិត្យ ទំនាយថា ៖ ឆ្នាំនោះព្រះមហាក្សត្រនឹងរុងរឿង ព្រះតេជ្ជនុភាព និងមានជ័យជម្នះលើពពួកសត្រូវ គ្រប់ទិសានុទិស។ ស្រូវពុំប្រពៃ។
៤- ពេលវេលាមហាសង្ក្រាន្ត ៖ ចូលឆ្នាំនៅវេលាម៉ោង៤ល្ងាច នោះព្រះនាងទេពធីតាអង្គុយពាក់ឆៀងលើពាហណៈ ទំនាយថា ៖ បរិជនទាំងឡាយនឹងមានមរណភ័យ
(ភ័យព្រោះសេចក្តីស្លាប់) មនុស្សផងទាំងឡាយមានអាហារហូបចុកមិនបរិបូរណ៍ឡើយ៕
ដោយ៖ សហការី(រូបភាព៖ តំណាង)