ខេត្តបន្ទាយមានជ័យ ៖ អគ្គិភ័យបានឆាបឆេះផ្ទះសិប្បកម្មដែកមួយកន្លែងផ្អើលទាំងពលរដ្ឋនិងសមត្ថកិច្ចអាជ្ញាធរមូលដ្ឋាននាំគ្នាជួយពន្លត់កាលពីវេលាម៉ោង៥និង១៣នាទីរសៀលថ្ងៃទី១៤ខែមសាឆ្នាំ២០២៣ឋិតនៅក្នុងភូមិមិត្តសង្កាត់ប៉ោប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ម្ចាស់ផ្ទះមានឈ្មោះ រដ្ឋា ត្រូវជាប្ដីនិងប្រពន្ធឈ្មោះ ស្រីពៅអាយុ២០ឆ្នាំជាងរស់នៅភូមិកើតហេតុ។
ពលរដ្ឋនៅកន្លែងកើតហេតុប្រាប់ឱ្យដឹងថា នៅវេលាខាងលើគេមើលឃើញមានផ្សែងខ្មួលខ្មាញ់ចេញពីក្នុងផ្ទះ ងងឹតមេឃហើយបានផ្ដល់ព័ត៌មានអំពីអគ្គិភ័យជូនដល់អាជ្ញាធរដើម្បីជួយពន្លត់ដើម្បីកុំឲ្យមានការរីករាលដល់ផ្ទះអ្នកជិតខាង។
ពួកគាត់ថាៈខណៈភ្លើងកំពុងតែឆាបឆេះពេញទំហឹងចំណែកទ្វារដែលអគ្គិភ័យឆាបឆេះត្រូវចាក់សោជិតដោយឃើញដូចនេះពួកគាត់និងសមត្ថកិច្ចរួមគ្នាវាយកំទេចទ្វារសម្រុកចូលដើម្បីបើកផ្លូវចូលពន្លត់ ខណៈនោះដែរពលរដ្ឋនិងអាជ្ញាធរសមត្ថកិច្ចក្រុងព្រមទាំងយោធាបូកទាំងរថយន្តដឹកទឹកក៏សម្រុកបាញ់ទឹកពន្លត់ទាន់ពេលវេលា។
នៅកន្លែកើតហេតុគេឃើញមានវត្តមានអភិបាលរងខេត្តបន្ទាយមានជ័យលោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែតលោក គាត ហ៊ុលនិងលោកអធិការក្រុងប៉ោយប៉ែត សៅ សារឿនរួមនិងមន្ត្រីមូលដ្ឋានជាច្រើនដើម្បីជួយជម្រុញក្នុងស្ថានការណ៍អគ្គិភ័យឲ្យឆាប់រលត់ទៅវិញផងដែរ។
សមត្ថកិច្ចបញ្ជាក់ថា អគ្គិភ័យឆាបឆេះខាងលើនោះមានរថយន្តដឹកទឹករបស់អធិការក្រុងប៉ោយប៉ែត រថយន្តពន្លត់អគ្គិភ័យរបស់សាលាក្រុងប៉ោយប៉ែតនិងរថយន្តពន្លត់អគ្គិភ័យរបស់កាស៊ីណូត្រូពីការ ជាពិសេសនោះគីរថយន្តដឹកទឹកលក់របស់ពលរដ្ឋក៏ចូលរួមពន្លត់អគ្គិភ័យខាងលើនោះដែរ។
យោងតាមការឆ្លើយបំភ្លីរបស់ស្ត្រីម្ចាស់ផ្ទះឈ្មោះ ពៅ ថាពួកគាត់មិនបាននៅផ្ទះនោះទេដោយចាក់សោមុនចេញពីផ្ទះបានពន្លត់ធូបទានដែលដុតសែនទេវតាអស់ហើយ ចំណែកកុងតាក់ភ្លើងពួកគាត់មិនបានកាច់ឡើយដូច្នេះអាចសង្ស័យឆ្លងចរន្តទើបបណ្ដាលឲ្យឆាបឆេះផ្ទះបែបនេះ។
ទោះយ៉ាងណាអគ្គិភ័យមិនអាចឆេះរីករាលដាលដល់ផ្ទះអ្នកជិតខាងនោះទេនិងមិនមានអ្នករងរបួសឡើយ ហើយរលត់ទៅវិញនៅវេលាម៉ោង៦ថ្ងៃទីខែឆ្នាំដដែល ព្រោះការជួយអន្តរាគមន៏មកទាន់ពេលវេលា។
អគ្គិភ័យឆាបឆេះផ្ទះខាងលើអ្នកសារព័ត៌មានយើងមិនទាន់ទទួលបានរបាយការពីមន្ត្រីជម្នាញពីទំហំនៃការខូចខាតទ្រព្យសម្បត្តិនោះឡើយ ៕
ដោយ ៖ វណ្ណា