ព័ត៌មានទាន់ហេតុការណ៍៖

ឧត្តមសេនីយ៍ឯក លឹម តុងហួត ៖​ ប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងសង្រ្កាន្តឆ្នាំថ្មីនៅខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ​ ចាប់អារម្មណ៍ខ្លាំងការផ្សព្វផ្សាយចំណេះដឹងពីបញ្ហាគ្រឿងញៀន

ចែករំលែក៖

ខេត្តសៀមរាប-បន្ទាយមានជ័យ៖​ លោកឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ បានថ្លែង​ឱ្យ​ដឹង​នៅថ្ងៃចន្ទទី​១៧​ ខែមេសា​ ឆ្នាំ​២០២៣នេះថា​ ក្រោយពេលលោក​ និងសហការីដឹកនាំសម្របសម្រួលនិងប្រចាំការនៅស្តង់តាំងពិព៌ណ ចែកឯកសារប្រឆាំងគ្រឿងញៀននៅខេត្តសៀមរាប​ និងខេត្តបន្ទាយមានជ័យ​ ដែលមានប្រជាពលរដ្ឋ យុវជន កងកម្លាំង ភ្ញៀវបរទេស និងមិត្តសិល្បករចូលរួមនិងចាប់អារម្មណ៍ខ្លាំងចំពោះបញ្ហាគ្រឿងញៀន តាមរយៈការសួរដេញដោលនូវសំនួរ ទទួលយកឯកសារពាក់ព័ន្ធនឹងចំណេះដឹងពីផលប៉ះពាល់និងគ្រោះថ្នាក់នៃគ្រឿងញៀនយ៉ាងផុលផុស ដើម្បីទទួលបានចំណេះដឹងបន្ថែមទៀតជាទុនសម្រាប់ការពារខ្លួននិងផ្សព្វផ្សាយបន្តដល់ក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់កុំឱ្យធ្លាក់ចូលក្នុងអន្ទាក់នៃគ្រឿងញៀន។ 

ឧត្តមសេនីយ៍ឯក លឹម តុងហួត បានប្រាប់បន្ថែមថា៖៤ថ្ងៃពេញចាប់ពីថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៣ អនុវត្តតាមផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់របស់រាជរដ្ឋាភិបាលលើកទី៨ និងប្រសាសន៍ដឹកនាំរបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនសហការជាគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ សមាគមទំនាក់ទំនងនិងគាំទ្រប្រជាជនផនិងគ្រឹះស្ថានហិរញ្ញវត្ថុអិលអូអិលសុីផ្សព្វផ្សាយចំណេះដឹងពីបញ្ហាគ្រឿងញៀនដល់ប្រជាពលរដ្ឋដែលមកចូលរួមលេងកំសាន្តក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្តខេត្តសៀមរាបនិងសង្រ្កាន្តបន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ។ 

ក្នុងនាមថ្នាក់ដឹកនាំអគ្គលេខាធិកាដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឧត្តមសេនីយ៍ឯក លឹម តុងហួត សូមថ្លែងអំណរគុណដល់សមាគមទំនាក់ទំនងនិងគាំទ្រប្រជាជនដែលឧបត្ថម្ភដល់ការងារផ្សព្វផ្សាយ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលសុី (LOLC)ដែលបានឧបត្ថម្ភដល់ការបោះពុម្ពផ្សព្វផ្សាយ និងគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តទាំងពីរសៀមរាប-បន្ទាយមានជ័យដែលបានសម្របសម្រួលនិងចាត់មន្រ្តីចូលរួមធ្វើសកម្មភាពផ្សព្វផ្សាយ។ 

ការផ្សព្វផ្សាយនេះបានចាប់ផ្តើមតាំងពីថ្ងៃទី១៣ ខែមេសា ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣៕

ដោយ៖សហការី​


ចែករំលែក៖