ព័ត៌មានទាន់ហេតុការណ៍៖

សោកស្តាយ ! ថ្ងៃនេះមានកូនផ្សោតឈ្មោល០១ក្បាល បានស្លាប់ នៅភូមិ បឹងច្រែង ឃុំសោម ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ

ចែករំលែក៖

ភ្នំពេញ ៖ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, សូមជូនដំណឹងដល់សាធារណជនឱ្យបាន ជ្រាបថា នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១០:៣០នាទី មានកូនផ្សោតឈ្មោល០១ក្បាល បានស្លាប់ នៅភូមិ បឹងច្រែង ឃុំសោម ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ តាមការពិនិត្យនិងវាយតម្លៃដោយមន្ត្រីជំនាញ នៃរដ្ឋបាលជលផល និងអង្គការ WWF កូនផ្សោតស្លាប់នេះ មានទម្ងន់ ១០គីឡូក្រាម ប្រវែង ០,៨៧ម៉ែត្រ អាយុប្រមាណ ៤ថ្ងៃ រលាត់ស្បែក ដាច់កន្ទុយនិងដាច់ព្រុយចំហៀងទាំងសងខាង។ តាមរយៈនៃការធ្វើកោសល្យវិច្ច័យ ក្រុមការងារបានសន្និដ្ឋានថា កូន ផ្សោតនេះស្លាប់ដោយជាប់មង។

បច្ចុប្បន្ន សត្វផ្សោតទន្លេមេគង្គរងការគំរាមកំហែង ដោយឧបករណ៍នេសាទមង សន្ទូចរនង និងឧបករណ៍ឆក់ ដូច្នេះទើបរាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ៤៧អនក្រ.បក ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ស្តីពីការកំណត់ តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ ដែលមានប្រវែង ១២០គីឡូម៉ែត្រ ចាប់ពីប៉ែកខាងក្រោមស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រែង ខេត្តស្ទឹងត្រែង រហូតដល់ក្បាលកោះទ្រង់ ខេត្តក្រចេះ ដោយហាមឃាត់ការធ្វើនេសាទដែលប្រើ ឧបករណ៍មង សន្ទូចរនង និងឧបករណ៍នេសាទខុសច្បាប់ផ្សេងទៀត។

ទន្ទឹមនេះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយរដ្ឋបាលខេត្តក្រចេះ ស្ទឹងត្រែង និងអង្គការ ដៃគូពាក់ព័ន្ធ បាននិងកំពុងបន្តពង្រឹងការការពារជាប្រចាំនៅតំបន់ដែលសត្វផ្សោតរស់នៅ ព្រមទាំងបានបន្តអប់រំ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន អំពីតម្លៃជាសកលដែលមិនអាចកាត់ថ្លៃបាននៃសត្វផ្សោតទន្លេគង្គនេះ។

ជាលទ្ធផលការប្រើមង សន្ទូចរនង និងឧបករណ៍ឆក់មានការថយចុះប្រមាណពី៥០ទៅ៦០%។

ទោះយ៉ាងនេះក្ដី ការឆ្លៀតឱកាសប្រើមង សន្ទូចរនង និងការលួចប្រើឧបករណ៍ឆក់ បានកើតមានក្នុងកន្លែងមួយចំនួន ដែលជាហេតុនាំឱ្យសត្វផ្សោតស្លាប់។

ជាថ្មីម្តងទៀតរដ្ឋបាលជលផល សូមអំពាវនាវដោយទទូចដល់បងប្អូនប្រជានេសាទ ត្រូវឈប់ប្រើប្រាស់មង សន្ទូចរនង និងឧបករណ៍នេសាទខុសច្បាប់ផ្សេងទៀត ក្នុងតំបន់សត្វផ្សោតរស់នៅជាបន្ទាន់ ដើម្បីធានានិរន្តរភាពសត្វ ផ្សោត សម្រាប់ការទាក់ទាញភ្ញៀវទេសចរណ៍ បង្កើនប្រាក់ចំណូល និងសម្រាប់កូនចៅជំនាន់ក្រោយៗបានស្គាល់និង ថែរក្សាបន្ត ៕

ដោយ ៖ សិលា


ចែករំលែក៖