ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់នូវអគារសម្ភព នៃមន្ទីរពេទ្យកុមារជាតិ

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹក ថ្ងៃព្រហស្បតិ៍​ ១កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារសម្ភព ស្ថិតនៅក្នុងបរិវេណនៃមន្ទីរពេទ្យកុមារជាតិ។ 

សម្ដេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានអញ្ជើញមកសម្ពោធដាក់ឲ្យប្រើប្រាស់អាគារសម្ភពនៃមន្ទីរពេទ្យកុមារជាតិ នាថ្ងៃនេះ។ សម្តេចតេជោបានមានប្រសាសន៍ថា ទោះកម្ពុជា ក្នុងឆ្នាំ២០២០-២០២១ កំពុងរងគ្រោះដោយវិបត្តិកូវីដ-១៩យ៉ាងធ្ងន់ធ្ងរម្តេចក្តី តែកម្ពុជាមិនបញ្ឈប់ដំណើរការ នៃការអភិវឌ្ឍហេដ្ឋានរចនាសម្ព័ន្ធនោះទេ ក្នុងនោះរួមមាន៖ ផ្លូវជាច្រើនខ្សែនៅព្រះសីហនុ, ខេត្តសៀមរាប និងអគារមន្ទីរពេទ្យ រួមទាំងហេដ្ឋារចនាសម្ព័ន្ធជាច្រើន។

នៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអបអរសាទរ ដែលកម្ពុជាបានដំណើរការ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ប្រកបដោយជោគជ័យ និងសប្បាយរីករាយ ព្រមទាំងជូនពរដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសប្រកបសុខភាពល្អ និងរីកចម្រើន។សម្ដេចតេជោបានមានប្រសាសន៍រំលឹកថា កាលពី៤៨ ឆ្នាំមុន ប្រជាពលរដ្ឋកំពុងតែឃ្លាតចាកឆ្ងាយចេញពីគ្រួសារពីរាជធានីភ្នំពេញ ដោយសារតែសង្រ្គាម ប៉ុន្ដែ៤៨ឆ្នាំក្រោយនេះ ប្រជាពលរដ្ឋកំពុងតែរីករាយជាមួយសន្ដិភាព សប្បាយរីករាយក្នុងឱកាសចូលឆ្នាំថ្មី រហូតដល់ជាង ១៣លាននាក់នៅទូទាំងប្រទេស។ សម្តេចតេជោក៏បានរំលឹកពីគ្រាដ៏លំបាក ដែលកម្ពុជារងគ្រោះដោយវិបត្តិកូវីដ-១៩ ដែលកាលណោះវិធានការជាច្រើនត្រូវបានដាក់ចេញ ក្នុងនោះក៏មានត្រៀមក្តារមឈូស, មេន ផងដែរ ដែលកាលណោះមានការរិះគន់ វាយប្រហារ ពីក្រុមអគតិមួយក្តាប់តូចនៅក្រៅប្រទេស។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ជាក់ថា ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅស្រុកកំណើត នាពេលចូលឆ្នាំខ្មែរ និងដើម្បីកុំឱ្យក្រុមរថយន្តក្រុងមួយចំនួនរកស៊ី ឆ្លៀតឱកាសកេងចំណេញពីប្រជាពលរដ្ឋ សម្ដេចអនុញ្ញាតដាក់ឱ្យមានការផ្ដល់រថយន្តក្រុងដឹកពលរដ្ឋទៅស្រុកកំណើតក្នុងឱកាសពិធីនេះ។ សម្ដេចតេជោក៏បានថ្លែងអំណរគុណដល់អភិបាលរាជធានីភ្នំពេញ ដែលបានផ្ដល់រថយន្តក្រុងដឹកពលរដ្ឋជាង៥ម៉ឺននាក់ ទៅស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

ជាថ្មីម្តងទៀត សម្ដេចតេជោបានមានប្រសាសន៍បញ្ជាក់បន្ថែមថា កាតព្វកិច្ចសម្រាប់ពាក់ម៉ាស់ និងធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ត្រូវបានដកចេញកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ក៏ប៉ុន្ដែបើប្រជាពលរដ្ឋយល់ថា មិនស្រួលខ្លួនអាចប៉ះពាល់ដល់អ្នកដទៃ គឺអាចពាក់ម៉ាស់បានជាធម្មតា។ សម្ដេចតេជោបានមានប្រសាន៍សារជាថ្មីថា ប្រសិនបើប្រជាពលរដ្ឋ និងសាធារណជនចង់ទទួលបានព័ត៌មានបានលឿន រហ័ស គឺចុចចូល Channel តេឡេក្រាមរបស់សម្ដេចផ្ទាល់ ដែលបច្ចុប្បន្ននេះមានអ្នកចុចចូលក្នុងChannelសម្ដេចមានជិត ៧០ម៉ឺននាក់រួចទៅហើយ។

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកពីវីរភាពរបស់កងទ័ពការពារបូរណភាពទឹកដី និងក្រុមគ្រូពេទ្យការពារ និងសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ ដែលបានលះបង់កម្លាំងកាយចិត្ត ដើម្បីជាតិ និងប្រជាជន និងអំពាវនាវសូមកុំឱ្យមានការរិះគន់ វាយប្រហារចំពោះកំហុសតិចតួចរបស់គ្រូពេទ្យ។ សម្តេចតេជោ បានមានប្រសាសន៍ថា ការពង្រឹងសមត្ថភាពវិស័យសុខាភិបាល គឺជាកត្តាចាំបាច់ខ្លាំងណាស់ ដើម្បីកសាង និងធ្វើម៉េចឱ្យប្រជាពលរដ្ឋទទួលសេវាសុខភាព ក្នុងនោះមានការបង្កើនការព្យាបាលស្រ្ដី និងកុមារ។ 

សម្តេចតេជោបានរំលឹកប្រវត្តិជូរចត់ ស្រក់ទឹកភ្នែក នៃការទទួលមរណភាពកូនច្បងរបស់សម្តេចក្នុងរបបប៉ុលពត ដោយគ្រូពេទ្យមានការធ្វេសប្រហែសបានធ្វើឱ្យធ្លាក់កូនរបស់សម្ដេចទើបសម្រាលពីដៃ។ សម្ដេចតេជោ បានអំពាវនាវដល់គ្រូពេទ្យបន្តខិតខំពង្រឹងក្រមសីលធម៌ វិជ្ជាជីវៈគ្រូពេទ្យ រួមនឹងការខិតខំពង្រឹងសមត្ថភាពខាងផ្នែកបច្ចេកទេស ដើម្បីឱ្យសមនឹងប្រសិទ្ធនាមថា «គ្រូពេទ្យ ជាកងទ័ពអាវ ស»។

នៅថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានដាក់ចេញវិធានការឱ្យមានការពង្រឹងអក្ខរកម្មបច្ចេកវិទ្យាដល់មន្រ្ដីរាជការ ដោយសម្តេចបញ្ជាក់ថា បើមន្រ្ដីមិនចេះប្រើស្មាតហ្វូន មិនចេះប្រើសារតាមបណ្ដាញសង្គមផ្សេងៗ គឺមិនត្រូវបានតែងតាំងឡើយ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ដល់អាជ្ញាធរខេត្ត ក្រុង គ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានយកចិត្តទុកដាក់ ការពាររក្សាសន្តិសុខសណ្ដាប់ធ្នាប់បានយ៉ាងល្អ ជូនដល់ប្រជាពលរដ្ឋ បានសប្បាយរីករាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ សម្ដេចតេជោក៏បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមឱ្យបានគ្រប់គ្នា ខណៈនៅសល់តែ១៥ ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ។ សម្តេចតេជោ ក៏បានបន្តអំពាវនាវសារជាថ្មីដល់ប្រជាពលរដ្ឋ ដែលប្រើប្រាស់ដងផ្លូវធ្វើដំណើរទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងត្រូវគោរពច្បាប់ចរាចរណ៍។

មុននឹងបញ្ចប់ ជាមួយនឹងការប្រកាសដាក់ឲ្យប្រើប្រាស់នូវអគារសម្ភព នៃមន្ទីរពេទ្យកុមារជាតិ សម្ដេចតេជោ ហ៊ុន សែន ក៏បានជូនពរឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ជួបការសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា៕

ដោយ ៖ សិលា


ចែករំលែក៖