ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ នេត សាវឿន ប្រគល់ករណីក្រុមអ្នកកាងល្បែងព្រួតគ្នាវ៉ៃអ្នកសារព័ត៌មានជូនស្នងការនគរបាលរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី

ចែករំលែក៖

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានប្រគល់ករណីក្រុមអ្នកកាងល្បែងស៊ីសងខុសច្បាប់ព្រួតគ្នាវ៉ៃអ្នកសារព័ត៌មាននៅក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ជូនលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី។

ទាក់ទងករណីនេះ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានបញ្ជាក់ប្រាប់សារព័ត៌មាន នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ថា “ជូនស្នងការមុខការ”។

សូមជម្រាបថា, មកដល់ពេលនេះសមត្ថកិច្ចនៅមិនទាន់ចាប់ឃាត់ខ្លួនក្រុមបងធំកាងល្បែងស៊ីសងខុសច្បាប់ដែលព្រួតគ្នាវ៉ៃទាត់ធាក់លើអ្នកសារព័ត៌មានមួយរូបនៅក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ កាលពីដើមខែមេសា ឆ្នាំ២០២៣ យកមកផ្តន្ទាទោស តាមច្បាប់នៅឡើយទេ ពោលគឺជិតមួយខែហើយ។

ជាមួយគ្នានេះ ក្រុមអ្នកសារព័ត៌មាន បានទទូចដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិមេត្តាជួយ អន្តរាគមន៍និងរកយុត្តិធម៌ដល់អ្នកសារព័ត៌មានដែលរងការរំលោភបំពានពីក្រុមកាងល្បែងស៊ីសងខុសច្បាប់ផង។

ចំណែកលោកឧត្តមសេនីយ៍ត្រី សាន សុខសីហា ជំនួយការ និងជាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា កំពុងស្រាវជ្រាវ តាមករណី នេះ ដោយមន្ត្រីជំនាញហើយ ។

សូមជម្រាបថា ក្រុមអាឆើត ត្រូវបានគេដឹងថា កាងល្បែងឱ្យលោកផ្កាយមួយម្នាក់និងជាជំនួយការអគ្គស្នងការរង នគរបាលជាតិមួយរូបផងដែរ។ 

បច្ចុប្បន្ននេះ បនល្បែងស៊ីសង មានស្ទើរគ្រប់ខណ្ឌទាំង ១៤ ក្នុងរាជធានីភ្នំពេញ ប្រភេទជាហ្គេម កាស៊ីណូ ល្បែងបៀរអាប៉ោង សង្វៀនបញ្ជល់មាន់ ឆ្នោតវៀតណាម មិនត្រឹមតែមានក្រុមជើងកាងជាជនស៊ីវិលប៉ុណ្ណោះទេ សូម្បីតែសមត្ថកិច្ចដែលមានតំណែង បុណ្យស័ក្តិ ឋានៈ តួនាទី ពាក់ផ្កាយ ក៏ចេញមុខរត់ការ ការពារ បនល្បែងទាំងនោះ ក្នុងប្រយោជន៍សេដ្ឋកិច្ចរបស់ខ្លួននិងបក្សពួក។ 

ក្រុមអ្នកកាងល្បែង បែងចែកជា ធីមរបស់គេ ដោយមិនប៉ះពាល់គ្នាទៅវិញទៅមក ។ ដោយឡែកអាជ្ញាធរសមត្ថកិច្ចដែនដី ប្រាកដណាស់ អាចដឹងក្នុងរឿងនេះ ប៉ុន្តែខ្លាចរអាផង សម្ងំកេងយកផលប្រយោជន៍ផង ។ មានន័យថា, បើសមត្ថកិច្ចខាងណាបង្ក្រាប អាជ្ញាធរសមត្ថកិច្ចមូលដ្ឋានចូលរួម ព្រោះមិនជាប់ពាក់ព័ន្ធជាមួយក្រុមបនល្បែងទាំងនោះទេ ៕

ដោយ ៖ សហការី


ចែករំលែក៖