ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារចំពោះកិច្ច ដើម្បីពិនិត្យ វាយតម្លៃ លើការដំឡើងឋានន្តរស័ក្តិ ជូនមន្ត្រីនគរបាលជាតិ មន្ត្រីពន្ធនាគារ និងមន្ត្រីរាជការស៊ីវិល

ចែករំលែក៖

ភ្នំពេញ ៖ ទីស្តីការក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំប្រកាសផ្សព្វផ្សាយសមាសភាព និងសេចក្តីសម្រេចស្តីពី ការបង្កើតក្រុមការងារចំពោះកិច្ច ដើម្បីពិនិត្យ វាយតម្លៃ លើដំណើរការប្រព្រឹត្តទៅនៃការដំឡើងឋានន្តរស័ក្តិ ថ្នាក់ ជូនមន្ត្រីនគរបាលជាតិ មន្ត្រីពន្ធនាគារ និងមន្ត្រីរាជការស៊ីវិល ក្រសួងមហាផ្ទៃ ក្រោមអធិបតីបតីភាព លោក ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារការងារចំពោះកិច្ច ដោយមានការអញ្ជើញចូលរួមពី អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គស្នងការរង អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន នាយការិយាល័យ និងអនុប្រធាន សមាជិក នៃក្រុមការងារការងារចំពោះកិច្ច ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

លោក ឡាំ ជា បានមានប្រសាសន៍ស្វាគមន៍ចំពោះសមាជិកនៃក្រុមការងារ ដែលទើបតែត្រូវបានតែងតាំងថ្មី ដើម្បីបំពេញការងារឱ្យស្របតាមសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារចំពោះកិច្ច និងអនុក្រុមការងារចំពោះកិច្ច ដើម្បីពិនិត្យ វាយតម្លៃ លើដំណើរការប្រព្រឹត្តទៅនៃការដំឡើងឋានន្តរស័ក្តិ ថ្នាក់ ជូនមន្ត្រីនគរបាលជាតិ មន្ត្រីពន្ធនាគារ និងមន្ត្រីរាជការស៊ីវិល ក្រសួងមហាផ្ទៃ។

លោក រដ្ឋលេខាធិការ បានលើកឡើងបន្ថែមដែរថា ដោយក្រុមការងារខាងលើមានតួនាទី ភារកិច្ចសិក្សាស្រាវជ្រាវច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងការដំឡើងឋានន្តរស័ក្តិ ថ្នាក់ ជូនមន្ត្រីនគរបាលជាតិ មន្ត្រីពន្ធនាគារ និងមន្ត្រីរាជការស៊ីវិលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិចំណុះក្រសួងមហាផ្ទៃ និងរៀបចំទម្រង់បែបបទ នីតិវិធីសម្រាប់បម្រើឱ្យការពិនិត្យ វាយតម្លៃការដំឡើងឋានន្តរស័ក្តិ ថ្នាក់ ជូនមន្ត្រីនគរបាលជាតិ មន្ត្រីពន្ធនាគារ និងមន្ត្រីរាជការស៊ីវិល។ ឯកឧត្តម ឡាំ ជា មានប្រសាសន៍បញ្ជាក់បន្ថែមថា ការៀបចំក្រុមការងារនេះឡើង គឺក្នុងន័យលើកទឹកចិត្ត ស្វែងរកមន្ត្រីរាជការដែលបំរើការងារយូរឆ្នាំ មិនជាប់ពិន័យអ្វីទាំងអស់ដែលមិនទាន់បានតម្លើងឋានន្តរស័ក្តិ ថ្នាក់ ជូនពួកគាត់នៅឡើយ ហើយការងារនេះក៏ដើម្បីស្វែងរកទិន្ន័យពិតប្រាកដនៃចំនួនអ្នកឡើងឋានន្តរស័ក្តិ និងអ្នកមិនទាន់បានឡើងឋានន្តរស័ក្តិ។

នាឱកាសនោះដែរ លោក នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរង និងជាប្រធាននាយកដ្ឋានបុគ្គលិក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលជាប្រធានអនុក្រុមការងារ ដើម្បីពិនិត្យ វាយតម្លៃ លើដំណើរការប្រព្រឹត្តទៅនៃការដំឡើងឋានន្តរស័ក្តិ ថ្នាក់ជូនមន្ត្រីនគរបាលជាតិ មន្ត្រីពន្ធនាគារ និងមន្ត្រីរាជការស៊ីវិល ក្រសួងមហាផ្ទៃ បានធ្វើសេចក្តីរាយការសង្ខេបជូនអង្គប្រជុំ អំពីទិន្នន័យ និងតួរលេខនៃមន្ត្រីនគរបាលជាតិ ព្រមទាំងបានធ្វើបទបង្ហាញអំពីបទពិសោធន៍ក្នុងការស្រាវជ្រាវ ចងក្រង និងការតម្លើងឋានន្តរស័ក្តិជូនមន្ត្រីនគរបាលជាតិកាលពីពេលកន្លងទៅ។

ជាមួយគ្នានោះ លោក អ៊ួង ចន្ធី អគ្គនាយករង និងជាប្រធាននាយកដ្ឋានបុគ្គលិក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ក៏បានធ្វើសេចក្តីរាយការណ៍ពាក់ព័ន្ធនឹងទិន្នន័យ នៃមន្ត្រីពន្ធនាគារ និងមន្ត្រីរាជការស៊ីវិលចំណុះក្រសួងមហាផ្ទៃ ដោយបានបញ្ជាក់ឱ្យដឹងថា តាំងពីការធ្វើសមាហរណកម្ម ពីឆ្នាំ២០០២ រហូតមកដល់បច្ចុប្បន្នការតម្លើងឋានន្តរស័ក្តិជូនមន្ត្រីរាជការស៊ីវិល ក្នុងក្របខណ្ឌនាយកដ្ឋានបុគ្គលិក បានរៀបចំយ៉ាងត្រឹមត្រូវដោយសារនាយកដ្ឋានមានតួលេខ និងទិន្នន័យច្បាស់លាស់។ 

ក្រោយបានទទួលនូវសេចក្តីរាយការណ៍ និងការផ្តល់ធាតុចូលនានាពីសមាជិកនៃក្រុមការងារ និងអនុក្រុមការងារ លោក ឡាំ ជា បានសម្តែងនូវការអរគុណចំពោះការចែករំលែកបទពិសោធន៍ និងធាតុចូលដែលសុទ្ធសឹងតែមានសារៈសំខាន់ ដើម្បីឱ្យដំណើរនៃការប្រព្រឹត្តទៅការដំឡើងឋានន្តរស័ក្តិ ថ្នាក់ ជូនមន្ត្រីនគរបាលជាតិ មន្ត្រីពន្ធនាគារ និងមន្ត្រីរាជការស៊ីវិល ក្រសួងមហាផ្ទៃ ទទួលបានជោគជ័យនាពេលខាងមុខ៕

ដោយ ៖ សហការី


ចែករំលែក៖