សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសា ឆ្នាំ២០២៣បានផ្សាយថា នៅថ្ងៃព្រហស្បតិ៍នេះ ដាណឺម៉ាកបានប្រកាសថា ខ្លួននិងហុល្លង់បានព្រមព្រៀងគ្នាទិញរថក្រោះ Leopard 2 ចំនួន១៤គ្រឿង ហើយបរិច្ចាគពួកវាទៅឱ្យអ៊ុយក្រែនដើម្បីប្រើក្នុងកិច្ចប្រឹងប្រែងតស៊ូប្រឆាំងការឈ្លានពានរបស់រុស្ស៉ី។
ក្រសួងការពារជាតិដាណឺម៉ាកបានលើកឡើងក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «ថ្ងៃនេះហុល្លង់និងដាណឺម៉ាកសូមប្រកាស នូវចេតនារបស់ពួកយើងក្នុងការរួមគ្នាទិញ កែលម្អ ហើយបរិច្ចាគនូវ រថក្រោះ Leopard 2A4 សរុបចំនួន១៤គ្រឿងសម្រាប់អ៊ុយក្រែន»។ យោងតាមសេចក្តីថ្លែងការណ៍ដដែលបានបញ្ជាក់ថា រថក្រោះទាំងនោះនឹងត្រូវចាប់ផ្តើមប្រគល់ឱ្យទីក្រុងកៀវនៅខ្ទង់ដើមឆ្នាំ២០២៤ ខណៈដែលថវិកាត្រូវចំណាយគឺប្រហែល១៦៥លាអឺរ៉ូ (១៨០លានដុល្លារអាមេរិក) ដែលនឹងត្រូវបែងចែកចំណែកស្មើគ្នារវាងប្រទេសទាំងពីរ។
ប្រភេទរថក្រោះខាងលើ ស្ថិតក្នុងបញ្ជីសព្វាវុធធុនធ្ងន់ដែលអ៊ុយក្រែនចង់បានជាយូរមកហើយ។
កាលពីខែមីនាកន្លងទៅនេះ អាល្លឺម៉ង់បានបញ្ជូនរថក្រោះ Leopard 2 ១៨គ្រឿង ខណៈដែលចក្រភពអង់គ្លេសបានបញ្ជូនរថក្រោះ Challenger 2 របស់ខ្លួន១៤គ្រឿង ដល់ដែអ៊ុយក្រែន៕ ដោយ៖ ធីរីណា
រូបថត ៖ TTXVN-VNA