ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួង​សាធារណការ​ ៖​ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី៧ ខែមិថុនា

ចែករំលែក៖

ភ្នំពេញ៖​ ក្រសួងសាធារណការ និងដឹកជញ្ជូន​ នៅព្រឹក​ថ្ងៃ​២១​ ខែមេសា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ ផ្លូវល្បឿនតភ្ជាប់រវាងរាជធានីភ្នំពេញ រហូតដល់ក្រុងបាវិត ខេត្តស្វាយរៀង ជាប់ព្រំដែនប្រទេសវៀតណាម នឹងបើកការដ្ឋានសាងសង់ជាផ្លូវការនាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះហើយ នឹងធ្វើឡើងក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

សូមរម្លឹកថា​ រាជរដ្ឋាភិបាល នឹងបញ្ចេញថវិកាប្រមាណ ២៣០ លានដុល្លារសាងសង់ស្ពានថ្មីឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទៅកាន់គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត​ ដែលឆ្លងកាត់ខេត្ដកណ្ដាល, ខេត្ដព្រៃវែង និងខេត្ដស្វាយរៀង។ នេះបើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា​ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតបច្ចេកវិទ្យា និង គរុនិស្សិតបច្ចេកទេស ជ័យលាភីនៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅ។ 

យោងតាមប្រសាសន៍សម្ដេចបានបញ្ជាក់យ៉ាងដូច្នេះថា៖ «រាជរដ្ឋាភិបាលសម្រេចធ្វើស្ពានហ្នឹង ដោយប្រើប្រាស់ថវិកាប្រមាណ ២៣០ លានដុល្លារ ធ្វើជាស្ពានសម្រាប់ផ្លូវល្បឿនលឿន ពីរទៅពីរមក ដើម្បីតភ្ជាប់ឆ្លងទៅត្រើយម្ខាងរួចហើយបានឆ្លងកាត់ខេត្ដកណ្ដាលមួយផ្នែក ខេត្ដព្រៃវែងមួយផ្នែក ខេត្ដស្វាយរៀងមួយផ្នែក»។ សម្ដេចបន្ដថា រាជរដ្ឋាភិបាលនឹងឲ្យក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿនធ្វើស្ពាននេះ ហើយរាជរដ្ឋាភិបាលជាអ្នកចេញលុយ។ ការសម្រេចឲ្យក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿនជាអ្នកធ្វើដោយសារក្រុមហ៊ុនមានបច្ចេកទេស។ 

គួររម្លឹកផងដែរថា បេីតាមការបញ្ជាក់ពីលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីពេលកន្លងទៅ គម្រោងស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិតនេះ នឹងសាងសង់នៅតំបន់លើកដែកនៃស្រុកកៀនស្វាយ ក្បែរគម្រោងផ្លូវក្រវាត់ក្រុងទី៣ តភ្ជាប់ពីផ្លូវជាតិលេខ១ ឆ្លងទៅតំបន់ល្វាឯមឡើងទៅកាន់ផ្លូវល្បឿនលឿនតែម្ដង។ ផ្លូវល្បឿនលឿននេះមានចម្ងាយប្រមាណ ១៣៨គីឡូម៉ែត្រ និងត្រូវធ្វើស្ពានឆ្លងទន្លេមេគង្គដ៏វែងមួយឆ្លងទន្លេមេគង្គ។ គិតទាំងស្ពាន និងផ្លូវតភ្ជាប់មានប្រវែងប្រហែល ៥គីឡូម៉ែត្រ។

លោកទេសរដ្ឋមន្ត្រី​ ស៊ុន ចាន់ថុល បានបន្ថែមថា​ ​ផ្លូវល្បឿនលឿននេះដែរ មានសារៈសំខាន់ណាស់ក្នុងការតភ្ជាប់ពីប្រទេសចិន មកភូមា មកថៃ មកកម្ពុជា និងភ្ជាប់ទៅប្រទេសវៀតណាម៕

ដោយ​៖សហការី​


ចែករំលែក៖