ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលខណ្ឌដូនពេញឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ករណីលួច​កាបូបស្ពាយ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌដូនពេញ បានចុះធ្វេីការស្រាវជ្រាវរហូតឈានដល់ការឃាត់​ខ្លួន​ជន​សង្ស័យបា​នចំនួន០២​នាក់ភ្លាមៗ​នៅ​វេលា​ម៉ោង២២ និង៣០នាទី​ថ្ងៃទី២០​ ខែមេសា​ ឆ្នាំ​២០២៣​ ស្ថិតនៅចំណុចលេីផ្លូវលេខ១៧៨​ កែងផ្លូវលេខ១៩​ ភូមិ៩​ ​សង្កាត់ជ័យជំនះ​ ខណ្ឌដូនពេញ​ ពាក់ព័ន្ធ​ករណីលួច​កាបូបស្ពាយ។ 

មន្ត្រី​នគរបាល​ខណ្ឌ​ដូនពេញ​បានឱ្យដឹងថា​ ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ​កាលពីយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១៩ និង៤០នាទី ថាមានករណីលួច​កាបូបស្ពាយ ​(មានកុំព្យូទ័រយួរដៃ,​ លិខិតឆ្លងដែន) ស្ថិតនៅចំណុចមុខផ្ទះ​១០៨Eo ផ្លូវលេខ១៩​ ក្នុងភូមិ៦ សង្កាត់ជ័យជំនះ​ ខណ្ឌដូន​ពេញ មក កម្លាំងជំនាញយុត្តិធម៌នៃអធិការដ្ឋាននិងប៉ុស្តិ៍​ បានធ្វេីការស្រាវជ្រាវរហូតឈានដល់ការឃាត់​ខ្លួន​បានជនសង្ស័យចំនួន ០២នាក់ ១-ឈ្មោះ​ ហ៊ុត​ ពិសិដ្ឋ​ ភេទប្រុស​ អាយុ​៤០ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរនិងទីលំនៅ​មិនពិតប្រាកដ ។ ២-​ឈ្មោះ​ ហម​ ណាវី​ ភេទស្រី​ អាយុ៣៥ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរ​និងទីលំនៅមិនពិតប្រាកដ ។ 

ចំណែក​ជនរងគ្រោះឈ្មោះ​ ហោ​ សុវណ្ណារ៉ា​ ភេទប្រុស អាយុ២៣​ឆ្នាំ ជនជាតិខ្មែរ​ មានទីលំនៅផ្ទះលេខ៩៤​ ផ្លូវ​លំ ភូមិត្រពាំងរាំងចាស់​ សង្កាត់ឃ្មួញ​ ខណ្ឌ​សែនសុខ​ រាជធានីភ្នំពេញ ។ ក្រោយការសួរចម្លើយជនសង្ស័យបានព្រមឆ្លើយសារភាពថា ខ្លួនពិតជាបានលួចកាបូបស្ពាយ​ (មានកុំព្យូទ័រយួរដៃ,​ លិខិតឆ្លនដែន) ពិត​ប្រាកដមែន ។ 

វត្ថុតាងដកហូតរួមមាន ៖

-​ កុំព្យូទ័រ​យួរដៃម៉ាក​ ASUS

-​ លិខិតឆ្លងដែនចំនួន​០៧ក្បាល

-​ ខ្សែសាកថ្ម​ចំនួន​០១

-​ កាបូបស្ពាយពណ៌ខ្មៅ​ចំនួន​០១ ។

បច្ចុប្បន្ន កម្លាំងជំនាញនៃអធិការដ្ឋានបាននិងកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យខាងលេីទៅសាលាដំបូងរាជធានីដើម្បីអនុវត្តតាមនីតិវិធី ៕

ដោយ​៖សហការី​


ចែករំលែក៖