ក្លិបតោខៀវ Chelsea បានពិភាក្សាជាមួយលោក Julian Nagelsmannជាផ្នែកមួយនៃការស្វែងរកអ្នកចាត់ការថ្មីរបស់ក្រុម។ បុរសសញ្ជាតិអាឡឺម៉ង់រូបនេះត្រូវបានម្ចាស់ជើងឯក Bundesliga ក្លិប Bayern Munich បណ្តេញចេញពីតំណែងកាលពីខែមីនា បន្ទាប់ពីដឹកនាំតិចជាង២ឆ្នាំ។
យោងតាមការចេញផ្សាយរបស់ BBC Sport បានឲ្យដឹងថា ក្លិប Chelsea មិនទាន់មានជម្រើសដែលពេញចិត្តក្នុងការជំនួសលោក Graham Potter ដែលត្រូវបានបណ្តេញចេញកាលពីខែមេសានៅឡើយទេ។ ទោះបីជាកំពុងពិភាក្សាជាមួយ Nagelsmann វ័យ៣៥ឆ្នាំក៏ដោយ ក៏ដំណើរការស្វែងរកគ្រូបង្វឹកថ្មីកំពុងបន្ត ដោយលោក Luis Enrique ក៏ត្រូវបានគេរាយការណ៍ថា ចាប់អារម្មណ៍ទៅ Chelsea ផងដែរ។
លោក Potter បានចាកចេញពី Stamford Bridge តិចជាង៧ខែបន្ទាប់ពីចាកចេញពីក្លិប Brighton & Hove Albion ដើម្បីជំនួសតំណែងលោកThomas Tuchel។
លោក Nagelsmann ដែលជាគ្រូបង្វឹកវ័យក្មេងម្នាក់មានចំណាត់ថ្នាក់ខ្ពស់បំផុតនៅក្នុងការប្រកួតនោះក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្រុម Tottenham Hotspur ផងដែរ។ គាត់បានធ្វើការជាមួយប្រធានផ្នែកកីឡារបស់ក្លិប Chelsea លោក Laurence Stewart និងនាយកបច្ចេកទេសលោក Christopher Vivell ខណៈពេលដែលគាត់ទទួលបន្ទុកនៅក្លិប RB Leipzig ។
លោក Nagelsmann ត្រូវបានគេចាត់ទុកថា ជាអ្នកចាត់ការដ៏ជោគជ័យវ័យក្មេងម្នាក់ក្នុងវិស័យបាល់ទាត់នេះ ដោយបានដឹកនាំក្លិប Hoffenheimដែលមានអាយុទើបតែ២៨ឆ្នាំ មុនពេលផ្លាស់ទៅដឹកនាំក្លិប RB Lepizigដែល គាត់បានដឹកនាំក្រុមនេះឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League។
បន្ទាប់មកគាត់បានចូលរួមជាមួយជើងឯក Bundesliga ក្លិប Bayern Munich ក្នុងឆ្នាំ២០២១ ដោយបានឈ្នះពានរង្វាន់លីកក្នុងរដូវកាលដំបូងរបស់គាត់ជាមួយនឹង German Supercups ចំនួន២។
ក្លិប Bayern Munich ដែលបានតែងតាំងលោក Tuchel បន្ទាប់ពីបណ្តេញលោក Nagelsmann ចេញ បានធ្វើការចរចាជាមួយជំនួយការគ្រូបង្វឹកក្រុម Chelsea លោក Anthony Barry ហើយការចរចានៅតែបន្តរវាងក្លិបនឹងលោកផ្ទាល់នៅឡើយ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)