ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូបុកអ្នកថ្មើរជើងម្នាក់រងរបួសធ្ងន់នៅស្រុកកណ្ដាលស្ទឹង

ចែករំលែក៖

ខេត្តកណ្ដាល៖ អ្នកថ្មើរជើងម្នាក់បានរងរបួសធ្ងន់ ខណៈកំពុងដើរឆ្លងផ្លូវត្រូវបានម៉ូតូមួយគ្រឿងបើកបុកពេញមួយទំហឹង នៅថ្ងៃទី២០​ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង​១៩និង១០នាទី លើផ្លូវជាតិលេខ​២​ត្រង់ចន្លោះគីឡូម៉ែត្រ​លេខ២១-២២ ក្នុងភូមិស្រុកធំ ឃុំជើងកើប​ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល​។​

មន្ត្រីនគរបាលចរាចរណ៍ស្រុកកណ្ដាលស្ទឹងបានឱ្យដឹងថា ជនរងគ្រោះរបួសធ្ងន់ឈ្មោះ ដូយ នោ ភេទប្រុស​ អាយុ​៥១ឆ្នាំមានទីលំនៅបច្ចុប្បន្នភូមិត្រពាំងយោង ឃុំពារាម ស្រុកបាទី ខេត្តតាកែវ ។

ចំណែកភាគីខាងម៉ូតូឈ្មោះ ជា វណ្ណី ភេទប្រុស អាយុ​២៤ឆ្នាំ​ មានទីលំនៅបច្ចុប្បន្ន​ភូមិ​អូរដំរី ឃុំត្បូងដំរី ស្រុកបាទី ខេត្ត​តាកែវ បើកបរម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥​ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ- ១X-២០៨៩។

ប្រភពដដែលបន្តថា នៅវេលាម៉ោងកើតហេតុខាងលើ​គេបានឃើញម៉ូតូម៉ាកហុងដាឌ្រីម បើកបរ​ក្នុងទិសដៅ​ពីត្បូងទៅជើង(តាកែវ-ភ្នំពេញ) លុះមកដល់ចំណុចកើតហេតុខាងលើបានបុកជនរងគ្រោះជាអ្នកថ្មើរជើង ខណៈដែលគាត់កំពុងដើរឆ្លងផ្លូវពីលិចទៅកើតបណ្ដាលឱ្យរងរបួសធ្ងន់។

ចំពោះវត្ថុតាងម៉ូតូ​កម្លាំងផ្នែកសណ្ដាប់ធ្នាប់ចរាចរណ៍​បានយកមករក្សាទុកនៅអធិការដ្ឋានបណ្ដោះអាសន្ន។​ចំណែកអ្នកបើកបរម៉ូតូ(ឃាត់ខ្លួន)។ តាមការសន្និដ្ឋាន ករណីនេះបង្កឡើងដោយអ្នកថ្មើរជើងឆ្លងផ្លូវមិនមើលឆ្វេងស្ដាំអោយបានច្បាស់លាស់ ។ចំណែកអ្នកបើកបរម៉ូតូបើកបរស្ថិតក្រោមជាតិស្រវឹងក្នុងកម្រិតជាតិអាល់កុល ០,៨០៤mg/l៕

ដោយ៖ ស្អាងជ័យ


ចែករំលែក៖