ព័ត៌មានទាន់ហេតុការណ៍៖

លោក ជិន ម៉ាលីន បានដឹកនាំគណៈប្រតិភូក្រសួងយុត្តិធម៌កម្ពុជាចំនួន ១២ រូប ចេញទៅបំពេញទស្សនកិច្ចសិក្សា យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការតាមរយៈសន្ធានកម្ម នៅសាធារណៈរដ្ឋកូរ៉េ រយៈពេល៤ថ្ងៃ

ចែករំលែក៖

ភ្នំពេញ ៖ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ លោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តាមការចាត់តាំងរបស់ លោករដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូក្រសួងយុត្តិធម៌កម្ពុជាចំនួន ១២ រូប ចេញទៅបំពេញទស្សនកិច្ចសិក្សា និងផ្លាស់ប្តូរបទពិសោធន៍លើការអភិវឌ្ឍយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការតាមរយៈសន្ធានកម្ម នៅសាធារណៈរដ្ឋកូរ៉េ រយៈពេល៤ថ្ងៃ។

សូមបញ្ជាក់ថា, នាថ្ងៃ ចន្ទ ៥ កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ តាមការចាត់តាំងរបស់ លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌, លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាប្រធានលេខាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ បានដឹកនាំគណៈប្រតិភូក្រសួងយុត្តិធម៌កម្ពុជាចំនួន ១២ រូប ចេញទៅបំពេញទស្សនកិច្ចសិក្សា និងផ្លាស់ប្តូរបទពិសោធន៍លើការអភិវឌ្ឍយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការតាមរយៈសន្ធានកម្ម នៅសាធារណៈរដ្ឋកូរ៉េ រយៈពេល៤ថ្ងៃ។ 

សូមជម្រាបជូនថា, ការទៅធ្វើទស្សនកិច្ចសិក្សា និងផ្លាស់ប្តូរបទពិសោធន៍នេះ គឺតបតាមការអញ្ជើញរបស់ក្រសួងយុត្តិធម៌នៃសាធារណៈរដ្ឋកូរ៉េ ដែលជាកិច្ចសហការទ្វេរភាគីរវាងក្រសួងយុត្តិធម៌នៃប្រទេសទាំងពីរ កម្ពុជា-កូរ៉េខាងត្បូង ដើម្បីរឹតចំណងមិត្តភាពលើកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ និងការអភិវឌ្ឍវិស័យយុត្តិធម៌។ 

ដំណើរទស្សនកិច្ចសិក្សារយៈពេល៤ថ្ងៃនេះ នឹងផ្តោតលើកម្មវិធីសំខាន់ៗមួយចំនួនដូចខាងក្រោម៖

១-ការធ្វើសិក្ខាសាលារួមគ្នារវាងភាគីកម្ពុជា និងកូរ៉េ ពិភាក្សា ផ្លាស់ប្តូរយោបល់ និងបទពិសោធន៍គ្នា អំពីការរៀបចំក្របខណ្ឌច្បាប់ គោលនយោបាយ និងយន្តការសន្ធានកម្ម រវាងប្រទេសទាំង២

២-ការធ្វើទស្សនកិច្ចអំពីការអនុវត្តយន្តការសន្ធានកម្មសហគមន៍ និងភ្ជាប់តុលាការ ៕

ដោយ ៖ សហការី


ចែករំលែក៖