ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា សាសនាទាំងឡាយនៅកម្ពុជា បានរស់រានឡើងវិញក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ ហើយព្រះពុទ្ធសាសនា បានក្លាយជាសាសនារបស់រដ្ឋ ហើយទីវត្តអារាម កន្លែងសក្ការៈបូជា និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត ក្នុងវិស័យព្រះពុទ្ធសាសនា ត្រូវបានបើកឱ្យដំណើរការឡើងវិញជាបន្តបន្ទាប់។ សម្តេចតេជោ មានប្រសាសន៍បែបនេះ ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ ពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានាក្នុងវត្តព្រះបារមីវង្កតបុរី ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃចន្ទទី២៤ ខែមេសា ឆ្នាំ២០២៣ ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ពីដើមឡើយទីអារាមវត្តព្រះបារមីវង្កតបុរី ហៅវត្តទួលក្រសាំងនេះ គ្រាន់តែជាកន្លែងស្នាក់នៅរបស់ជនភៀសសិកមកពីខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ព្រមទាំងការនិមន្តភៀសព្រះកាយរបស់ព្រះសង្ឃផងដែរ។
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេចមិននឹកស្មានថាពលរដ្ឋនៅរាជធានីភ្នំពេញចូលចិត្តមើលល្ខោនច្រើនបន្ទាប់ពីរៀបចំពិធីឆ្លងវិហារថ្មីនៃវត្តបារមីវង្គតបុរី ភ្នំពេញ នៅក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សម្ដេចតេជោបានឱ្យដឹងថាសម្ដេចក៏បាននឹកឃើញដល់អនុស្សាវរីយ៍កាលពីកុមារភាពបន្ទាប់ពីឃើញមានពលរដ្ឋយកកន្ទេលមកដេកមើលល្ខោនផងដែរ។
សម្ដេចបានថ្លែងអំណរគុណដល់ម្ចាស់ក្រុមហ៊ុនប៊ូយ៉ុងថោនដែលបានអនុញ្ញាតឱ្យប្រើប្រាស់ដីដើម្បីរៀបចំពិធីឆ្លងវិហារថ្មីនេះផងដែរ ៕
ដោយ ៖ សិលា