ព័ត៌មានទាន់ហេតុការណ៍៖

មនុស្សស្លាប់ ២នាក់ និង១៤នាក់រងរបួស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ខណៈយានយន្តល្មើសចំនួន ១៣៥គ្រឿង ត្រូវបានផាកពិន័យនៅទូទាំងប្រទេស នាថ្ងៃទី២៥ មេសានេះ

ចែករំលែក៖

ភ្នំពេញ៖ គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង ! ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ បណ្តាលឲ្យមនុស្សស្លាប់ ២នាក់ របួសធ្ងន់ ៧នាក់ និងស្រាល ៧នាក់ ។

ជាក់ស្ដែងយោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៥ ខែមេសា បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឱ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ១៦នាក់ គឺកើតឡើងដោយសារការប៉ះទង្គិច គ្នាចំនួន ៥លើក មាន កត្តាល្បឿន ២លើក មិនគោរពសិទ្ធ ១លើក ប្រជែងគ្រោះថ្នាក់ ១លើក និងបត់គ្រោះថ្នាក់ ១លើក។

ជាមួយគ្នានោះ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះដែរ បានបញ្ជាក់ថា ចំនួនគោលដៅសរុប ៩០គោលដៅ មានយានយន្តចូលគោលដៅចំនួន ២២១គ្រឿង ម៉ូតូ ១២៨គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ១៣៥គ្រឿង មានម៉ូតូចំនួន ១០៦គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានវាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការ ទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕

ដោយ៖សហការី


ចែករំលែក៖