ព័ត៌មានទាន់ហេតុការណ៍៖

ស៊ូដង់ខាងត្បូង ទទួលជនស៊ីវិលភៀសខ្លួនពីប្រទេសស៊ូដង់ដែលកំពុងតែមានជម្លោះ

ចែករំលែក៖

សារព័ត៌មានស៊ីនហួរ នៅថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០២៣ បានផ្សាយថា ប្រទេសស៊ូដង់ខាងត្បូងបានបញ្ជាក់កាលពីល្ងាចថ្ងៃចន្ទថា ខ្លួនបានទទួលជនស៊ីវិលជាង ១០,០០០នាក់ ដែលត្រូវបានភៀសខ្លួនដោយសារជម្លោះនៅក្នុងប្រទេសស៊ូដង់ជិតខាង។
រដ្ឋមន្ត្រីស្តីទីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក Deng Dau Deng បាននិយាយថា ភាគច្រើននៃអ្នកភៀសខ្លួន គឺជាជនជាតិស៊ូដង់ខាងត្បូងខ្លួនឯង ខណៈអ្នកផ្សេងទៀតរួមមាន ស៊ូដង់ កេនយ៉ា អ៊ូហ្គង់ដា អេរីទ្រា និងសូម៉ាលី។
លោក Deng បាននិយាយថា «នៅប្រទេសស៊ូដង់ខាងត្បូង រដ្ឋាភិបាលកំពុងធ្វើអ្វីៗគ្រប់យ៉ាងក្នុងអំណាចរបស់ខ្លួន ដើម្បីទទួលពលរដ្ឋស៊ូដង់ខាងត្បូង ដែលកំពុងវិលត្រឡប់មកប្រទេសវិញ។ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះមនុស្សជាង ១០,០០០នាក់បានមកដល់ទីក្រុង Renk រួមទាំងជនជាតិនៃប្រទេសជិតខាងមួយចំនួនផងដែរ»។
រឿងនេះបានកើតឡើងបន្ទាប់ពីលោក Abdel Fattah al-Burhan មេបញ្ជាការកងកម្លាំងប្រដាប់អាវុធស៊ូដង់ និងគូប្រជែងរបស់គាត់គឺលោក Mohamed Hamdan Dagalo មេបញ្ជាការកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា បានឈានដល់កិច្ចព្រមព្រៀងមួយសម្រាប់បទឈប់បាញ់រយៈពេលបីថ្ងៃ៕ ដោយ៖ ធីរីណា


រូប​ថត​ ៖ m.nguoiduatin.vn 

ចែករំលែក៖