ព័ត៌មានទាន់ហេតុការណ៍៖

លោក ប្រាក់ សុខុន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុង «កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារការទូតសេដ្ឋកិច្ចប្រចាំត្រីមាសទី១ ឆ្នាំ២០២៣ និងកិច្ចពិភាក្សាអំពីការជ្រើសរើសមុខម្ហូបខ្មែរសម្រាប់ទទួលភ្ញៀវបរទេសនៅកម្ពុជា»

ចែករំលែក៖

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបញ្ជាក់អោយដឹងថា, នៅល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន  រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុង «កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារការទូតសេដ្ឋកិច្ចប្រចាំត្រីមាសទី១ ឆ្នាំ២០២៣ និងកិច្ចពិភាក្សាអំពីការជ្រើសរើសមុខម្ហូបខ្មែរសម្រាប់ទទួលភ្ញៀវបរទេសនៅកម្ពុជា» ដែលបានរៀបចំឡើងដោយក្រុមការងារសម្របសម្រួលការទូតសេដ្ឋកិច្ច នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តាមទម្រង់ Hybrid។

ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានបន្តថា, កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួង-ស្ថាប័នពាក់ព័ន្ធ បណ្តាស្ថានតំណាងកម្ពុជាប្រចាំនៅបរទេស តំណាងសមាគមសណ្ឋាគារ សមាគមភោជនីយដ្ឋាន និងវិស័យឯកជន សរុបប្រមាណ ២០០នាក់។

គោលបំណងចំបងរបស់កិច្ចប្រជុំនេះ គឺដើម្បីបូកសរុបការងារ ដែលក្រុមការងារបានអនុវត្តក្នុងត្រីមាសទី១ ឆ្នាំ២០២៣ និងផ្តល់ឱកាសជូនក្រសួង-ស្ថាប័នពាក់ព័ន្ធ ក៏ដូចជាតំណាងវិស័យឯកជន មានមតិចំណាប់អារម្មណ៍ និងពិភាក្សាជ្រើសរើសមុខម្ហូបខ្មែរ សម្រាប់ទទួលភ្ញៀវអន្តរជាតិ នៅតាមសណ្ឋាគារ និងភោជនីយដ្ឋាន ឱ្យមានភាពសម្បូរបែប និងស្តង់ដារខ្ពស់ ទាំងខាងបញ្ជីមុខម្ហូប គ្រឿងផ្សំ រសជាតិ ការតុបតែង និងគុណភាព ៕

ដោយ ៖ សហការី


ចែករំលែក៖