ព័ត៌មានទាន់ហេតុការណ៍៖

«ប្រធានរដ្ឋឡាវ នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា»ពីថ្ងៃទី ០៤ ដល់ទី ០៦ ខែឧសភា ឆ្នាំ ២០២៣

ចែករំលែក៖

ភ្នំពេញ ៖ តបតាមការយាងរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ កម្ពុជា លោកបណ្ឌិត ថងលុន ស៊ីសុលីត ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត ឡាវ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី ០៤ ដល់ទី ០៦ ខែឧសភា ឆ្នាំ ២០២៣។

ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវរដ្ឋនេះ លោកបណ្ឌិត ថងលុន ស៊ីសុលីត នឹងចូលក្រាបបង្គំ គាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង។

លោកបណ្ឌិត ថងលុន ស៊ីសុលីត ក៏នឹងមានជំនួបដាច់ដោយឡែកពីគ្នាជាមួយ សម្តេច វិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋ សភា ផងដែរ។

លោកបណ្ឌិត ថងលុន ស៊ីសុលីត និង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងមានកិច្ចប្រជុំទ្វេភាគី ដើម្បីពិភាក្សាអំពីការធ្វើឱ្យស៊ីជម បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាអំពីបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនដែលជា ក្តីបារម្ភរួម។

លោកបណ្ឌិត ថងលុន ស៊ីសុលីត នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមាន ឯករាជ្យ និងនៅមណ្ឌបព្រះបរមរូបព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសស្នាក់នៅរាជធានីភ្នំពេញ នៅថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០២៣ លោកបណ្ឌិត ថងលុន ស៊ីសុលី នឹងអញ្ជើញចូលរួមក្នុងពិធីបើកនៃកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាជន ពិការអាស៊ានលើកទី១២ នៅពហុកីឡាដ្ឋានជាតិមរតកតេជោ ដែលកម្ពុជាជាម្ចាស់ផ្ទះរៀបចំ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ពីថ្ងៃទី ០៥ ដល់ទី ១៧ ខែឧសភា ឆ្នាំ២០២៣។

ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោកបណ្ឌិត ថងលុន ស៊ីសុលីត មកកាន់កម្ពុជា នឹងពង្រឹង បន្ថែមទៀតនូវទំនាក់ទំនងដ៏ល្អប្រពៃដែលមានស្រាប់ ភាពជាអ្នកជិតខាងល្អ ចំណងភាតរភាព និង ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ដើម្បីផលប្រយោជន៍នៃប្រជាជនទាំងពីរ៕

ដោយ ៖ សិលា


ចែករំលែក៖