ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ឃាត់ខ្លួនបានហើយ ! ជើងខ្លាំងបោះបាចគ្រាប់កាំភ្លើង ចូលក្នុងហាងកាត់សក់ និងគំរាមបាញ់នៅ បឹងត្របែក !

ចែករំលែក៖

ភ្នំពេញ ៖ ទីបំផុត ! សមត្ថកិច្ចចាប់ឃាត់ខ្លួនបានហើយបុរសចិត្តខ្លាំង ដែលស្រែកជេរឡូឡា និងគំរាមប្រើប្រាស់អាវុធលើជាងកាត់សក់, តែកាំភ្លើងសៀតចង្កេះគំរាមបាញ់នោះ ជាកាំភ្លើងប្រើហ្គាស គ្រាន់តែគាត់មានគ្រាប់កាំភ្លើងមែនទែន៣គ្រាប់ ទៅបោះគំរាមគេ ហើយត្រូវបានគេបង្ហោះព្រោងព្រាតលើបណ្ដាញទំនាក់ទំនងសង្គម ហ្វេសប៊ុក តាមរយៈវីដេអូឃ្លីប។

សូមបញ្ជាក់ថា, ទោះកាំភ្លើងហ្គាស ឬកាំភ្លើងគ្រាប់ពិតក៏ដោយ កម្លាំងសមត្ថកិច្ចបានអនុវត្តតាមច្បាប់ ដោយចាប់ឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ តែទើបបង្កការភ្ញាក់ផ្អើលតាមបណ្ដាញទំនាក់ទំនងសង្គម ហ្វេសប៊ុក និងគេហទំព័រ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣នេះ។

ជនសង្ស័យខាងលើ ឈ្មោះ លឹម សុងឆ័យ អាយុ៣៣ឆ្នាំ មុខរបរអាជីវករ ស្នាក់នៅសង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនទំនើងបានជិះរថយន្ដមួយគ្រឿង ម៉ាក Lexus 570 ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AG-2222។

របាយការណ៍របស់សមត្ថកិច្ចខណ្ឌចំការមន ដែលសារព័ត៌មាន ទទួលបាននៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ ប៉ុន្ដែក្រោយកើតហេតុភ្លាមៗ កម្លាំងសមត្ថកិច្ចបានចុះទៅអន្ដរាគមន៍ និងឃាត់ខ្លួនជនសង្ស័យតែម្ដង។

សមត្ថកិច្ចបានបញ្ជាក់ថា បុរសដែលស្រែកជេរគេឯងឡូឡា និងយកកាំភ្លើងគំរាមអ្នកដទៃនោះ ឈ្មោះ លឹម សុងឆ័យ អាយុ៣៣ឆ្នាំ មុខរបរអាជីវករ ស្នាក់នៅសង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ក្នុងនោះ សមត្ថកិច្ចដកហូតបាន អាវុធខ្លីមួយដើម ម៉ាក Glock19 ពណ៌ខ្មៅ (ប្រើហ្គាស) និងគ្រាប់កាំភ្លើងមួយចំនួន។

ដោយឡែក សម្រាប់ដើមចមដែលនាំឲ្យបុរសខាងលើខឹងស្រែកឡូឡា និងគំរាមប្រើប្រាស់អាវុធនេះ គឺដោយសារតែបុគ្គលិកនៅក្នុងហាងកាត់សក់ ហាមឃាត់កុំឲ្យសើចលឺពេកព្រោះរំខានភ្ញៀវដទៃដែលនៅក្បែរនោះ។

បុរសម្នាក់បើករថយន្ដស៊េរីទំនើបមួយគ្រឿង បានស្រែកជេរឡូឡា និងគំរាំមប្រើប្រាស់អាវុធលើជាងកាត់សក់ ក្នុងហាងកាត់សក់មួយកន្លែង នៅសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ទាំងមិនទាន់ដឹងមូលហេតុច្បាស់លាស់។ តាមរយៈវីដេអូដែលត្រូវបានគេចែកចាយលើបណ្ដាញសង្គម នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣នេះ បានបង្ហាញថា បុរសម្នាក់ស្លៀកខោកាប៊យ ពាក់អាវយឺតលឿង ស្រែកជេរឡូឡា ទៅកាន់ជាងកាត់សក់ម្នាក់។

លុះមួយសន្ទុះក្រោយមក បុរសខាងលើបានដើរចេញទៅក្រៅ ទំនងចូលទៅក្នុងរថយន្តហើយយកគ្រាប់កាំភ្លើងមកបាចនៅក្នុងហាង បង្កឲ្យការភ័យខ្លាច ដល់ជាងកាត់សក់ និងភ្ញៀវដទៃទៀតដែលកំពុងអង្គុយលើកៅអីកាត់សក់។ ក្រោយមកទៀត បុរសដដែលនោះបានដើរចេញទៅក្រៅ យកកាំភ្លើងសៀតចង្កេះខាងស្ដាំ រួចសោយអាវឡើងលើដើម្បីគំរាមទៅកាន់ជាងកាត់សក់ទំនងចង់បញ្ជាក់ថា ខ្លួនមានកាំភ្លើង។

តាមរយៈសកម្មភាពក្នុងវីដេអូនេះ បានបញ្ជាក់ថា ទាំងជាងកាត់សក់ និងភ្ញៀវ មានការភ័យខ្លាចយ៉ាងខ្លាំង រហូតជាងកាត់សក់នោះលើកម្រាមដៃ១០សំពះសុំទោសម្ដងហើយម្ដងទៀត ខណៈភ្ញៀវដទៃបានរត់ចេញក្រៅទាំងជាប់កន្សែងកាត់សក់គ្របលើខ្លួនថែមទៀតផង។
មជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ សូមគាំទ្រចំពោះ សមត្ថកិច្ច ដែលបានឃាត់ខ្លួនជនសង្ស័យ តាមនីតិវិធី ខណៈជនបង្កខាងលើ បង្កើតនូវអំពើអសីលធម៌ ប៉ះពាល់ដល់សិទ្ធិរបស់អ្នកដទៃ បង្កការភ័យខ្លាច ចំពោះប្រជាពលរដ្ឋស្លូតត្រង់។ ដូច្នេះសូមសមត្ថកិច្ច ចាត់វិធានការ បន្តនីតិវិធីដើម្បីធ្វើការសាកសួរ កសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

ដោយ៖ សហការី


ចែករំលែក៖