ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវឲ្យពលរដ្ឋប្រើប្រាស់សេវារថយន្ដក្រុងទៅទស្សនា ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នយ៍ ដោយផាសុកភាពមិនបង់ប្រាក់ពីថ្ងៃទី០៥ឧសភាដល់០៩ មិថុនា

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ មានកិត្តិយស សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា ដើម្បីអបអរសាទរ ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និង កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែល ព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំខ្សែរត់ពិសេស រថយន្តក្រុងសាធារណៈ(Express Bus) របស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង(City Bus) រាជធានីភ្នំពេញ សម្រាប់បម្រើដល់ការធ្វើដំណើររបស់ មហាជន រួមទាំងភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិទាំងអស់ ទៅទស្សនាក្នុងព្រឹត្តិការណ៍ប្រកួតកីឡាខាងលើ ចាប់ពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ដល់ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ដោយមិនបង់ប្រាក់(ដូចមានតម្រាយផ្លូវជូនភ្ជាប់មកជាមួយ) នឹងមានព័ត៌មាន លម្អិតអំពីតម្រាយផ្លូវដូចខាងក្រោម៖

១-ខ្សែរត់ពិសេសរថយន្តក្រុងសាធារណៈ (Express Bus)ខ្សែទី១៖ ចេញដំណើរពីចំណតរង់ចាំរថយន្តក្រុងកោះពេជ្រ តាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ឆ្ពោះមកចំណតរង់ចាំរថយន្តក្រុងនៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលនឹងឈប់ នៅទីតាំងសំខាន់ៗមួយចំនួនដូចជា៖ ទីតាំងប្រកួតសណ្ឋាគារណាហ្គាវើលដ៍ទី១ និង ទី២ រួចបន្តដំណើរលើតីរវិថី ព្រះស៊ីសុវត្ថិឈប់នៅស្ថានីយចំណតរង្វង់មូលកួចកាណុង និងឈប់នៅទីតាំងប្រកួត នៃកីឡដ្ឋានកងយោធពលខេមរ ភូមិន្ទ(ស្តាតចាស់) បន្ទាប់មកឆ្លងស្ពានមិត្តភាពកម្ពុជា-ជប៉ុន ដោយឈប់នៅទីតាំងប្រកួតដាយណូស័រអឹឡាយហ្វ ទីតាំង ប្រកួតមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍OCIC ទីតាំងប្រកួតក្នុងបុរីរុងរឿង និងទីតាំងប្រកួតសហភាពសហព័ន្ធយុវជន កម្ពុជារាជធានីភ្នំពេញ (ស.ស.យ.ក) រួចបន្តដំណើរតាមផ្លូវជាតិលេខ៦អា, ឈប់នៅទីតាំងប្រកួតវាយកូនហ្គោលហ្គាឌិន ស៊ីធីហើយធ្វើដំណើរឆ្ពោះមកចំណតរង់ចាំរថយន្តក្រុងនៃពំហុកីឡដ្ឋានជាតិមរតកតេជោ ។

 ២- ខ្សែរត់ពិសេសរថយន្តក្រុងសាធារណៈ (Express Bus) ខ្សែទី២៖ ចេញដំណើរពីចំណតរង់ចាំរថយន្តក្រុងពហុកីឡដ្ឋាន ជាតិអូឡាំពិក តាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី បន្តមកមហាវិថីព្រះមុនីវង្ស ឆ្ពោះមកចំណតរង់ចាំរថយន្តក្រុង នៃ ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលនឹងឈប់នៅទីតាំងសំខាន់ៗមួយចំនួនដូចជា៖ ឈប់នៅស្ថានីយចំណតរង់ចាំ រង្វង់មូលកួចកាណុង និងឈប់នៅទីតាំងប្រកួតកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់) រួចបន្តដំណើរមក វិថីឧកញ៉ាឃ្លាំងមឿង កាត់តាមតំបន់អភិវឌ្ឍន៍កាំកូស៊ីធី, ឈប់នៅទីតាំងប្រកួតក្លឹបបាល់ទាត់ភ្នំពេញក្រោន និងឈប់ នៅទីតាំងប្រកួតកីឡដ្ឋានព្រីនស៍ និងបន្តដំណើរតាមមហាវិថីឈ្នះឈ្នះទៅកាន់ចំណតរង់ចាំរថយន្តក្រុង នៃពហុកីឡដ្ឋាន ជាតិមរតកតេជោ។

       អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមធ្វើដំណើរតាមរថយន្តក្រុងសាធារណៈ របស់រដ្ឋាករ ស្វយ័តដឹកជញ្ជូនសាធារណៈរថយន្ត.ដោយផាសុកភាព ៕

ដោយ ៖ សំរិត


ចែករំលែក៖