ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ស្ត្រីម្នាក់បន្លំខ្លួនធ្វើជាជំទាវចូលរួមជាមួយថ្នាក់ដឹកនាំស្ទើរគ្រប់កម្មវិធីនិងដើរបោកពលរដ្ឋរាប់សិបនាក់អស់ប្រាក់មិនចេះតិច

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ ស្ត្រីម្នាក់ដែលគេតែងតែឃើញស្លៀក ពាក់សមសួន បន្លំខ្លួនធ្វើជាជំទាវចូលរួមជាមួយនឹងថ្នាក់ដឹកនាំស្ទើរគ្រប់កម្មវិធីនិងដើបោកពលរដ្ឋនៅខេត្ត ពោធិ៍សាត់នោះឥឡូវត្រូវបានសមត្ថកិច្ចចាប់ឃាត់ញាត់គុករួចរាល់ហើយបន្ទាប់ពីបែកការណ៍ត្រឹមអភិបាលខេត្តមានការសង្ស័យ។

ការចាប់ឃាត់ខ្លួនជំទាវនេះធ្វើឡើងនៅថ្ងៃទី៣ ខែឧសភាឆ្នាំ ២០២៣ ក្នុងក្រុងពោធិ៍សាត់។

លោក ម៉ូលីដា ស្នងការរងទទួលផែនព្រហ្មទណ្ទ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានបញ្ជាក់ឲ្យដឹងថា ស្ត្រីជាប់ចោទ ឈ្មោះ ហុីម មុំ អាយុ ៥៣ ឆ្នាំ ទីកន្លែងកំណើត ភូមិកោះដាច់ ឃុំកោះដាច់ ស្រុកមុខកំពូល ខេត្តកណ្ដាលនិងមានទីលំនៅមុនពេលឃាត់ខ្លួន ផ្ទះលេខ ២៤ ផ្លូវលេខ ១០៨ ភូមិ ១៨ សង្កាត់បឹងកក់ទី ២ ខណ្ឌទួលគោករាជធានីភ្នំពេញ។

ជននេះត្រូវបានលោកឡុញ ច័ន្ទចេតនាចៅក្រមស៊ើបសួរសាលាដំបូងខេត្តពោធិ៍សាត់ចេញដីកាបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្នក្នុងសំណុំរឿងស៊ើបសួរលេខ ២៤៥ ចុះថ្ងៃទី ៤ ខែឧសភាឆ្នាំ ២០២៣ នេះពីបទឆបោកមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែងក្នុងអំឡុងខែកក្កដាឆ្នាំ ២០២១កន្លងទៅ។ ដោយបោក ប្រាស់ជនរងគ្រោះម្នាក់ដែលបានមកដាក់ពាក្យបណ្ដឹងនៅតុលាការអស់ទឹកប្រាក់ចំនួន ១៧.៧០០ ដុល្លារ ជាថ្នូរនិងរត់ការចូលក្របខ័ណ្ឌនគរបាលហើយនិងមានអ្នកខ្លះទៀតអស់ចំនួន១៨.០០០ ដុល្លារ ,១៥.០០០ ដុល្លារដែលនឹងត្រៀមដាក់ពាក្យបណ្ដឹងជាបន្តបន្ទាប់ទៀត និងពលរដ្ឋជាច្រើននាក់ផ្សេងទៀតត្រូវស្ត្រីខាងលើឆបោកតាមរូបភាពផ្សេងៗ អស់ប្រាក់ពី៥ទៅ៦លានរៀលផងដែរ។

បើតាមប្រភពពីអាជ្ញាធរសមត្ថកិច្ចក្នុងខេត្តពោធិ៍សាត់បានឲ្យដឹងថា នៅរៀងរាល់កម្មពិធីផ្សេងៗរបស់ថ្នាក់ដឹកនាំ គេតែងតែសង្កេតឃើញវត្តមាន ស្ត្រីខាងលើចូលរួមអង្គុយជាកិត្តិយសនិងថតរូបស្ទើរគ្រប់កម្មពិធីទាំងអស់ដោយហៅថាជាលោកជំទាវ ៗចាប់តាំងពីជំនាន់ឯកឧត្តមម៉ៅ ធនិន ជាអភិបាលខេត្តពោធិ៍សាត់មកម្ល៉េះដែលគ្មាននរណាម្នាក់បានដឹងថាជាជំទាវបន្លំខ្លួនដើម្បីបង្ហាញអោយគេឃើញថាខ្លួនអស្ចារ្យធ្វើឱ្យពលរដ្ឋមាន ទំនុកចិត្តចាញ់បោកលុយអស់រាប់សិបម៉ឺនដុល្លារ។ ទើបបែកការណ៍ត្រឹមលោកខូយ រីដាអភិបាលខេត្តចាប់ អារម្មណ៍ មានការសង្ស័យ ដាក់ផែនការឲ្យអាជ្ញាធរនិងកម្លាំងសមត្ថកិច្ចស៊ើបអង្កេតលេចធ្លាយចេញជាករណីឆបោកប្រជាពលរដ្ឋនិងមានបណ្ដឹងចាប់ខ្លួនញាត់គុកតែម្ដង៕

ដោយ៖ សូរិយា


ចែករំលែក៖