ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុយ វណ្ណៈ ៖ កម្ពុជា គ្មានភាពចាំបាច់ស្នើសុំឱ្យលុបព័ត៌មានសំរាមទេ !

ចែករំលែក៖

ភ្នំពេញ ៖ លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធាន សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា (ស.ស.ស.ក) ដែលជាអ្នកកាសែតជើងចាស់ អាជីព ប្រកបដោយ វិជ្ជាជីវះ ក្រមសីលធម៌ បទពិសោធន៍ ជំនាញ យល់ដឹងផ្នែកច្បាប់ សង្គម បច្ចេកវិទ្យា ឆ្លងកាត់ការសិក្សា និងការងារគ្រប់ជំនាញ នៅល្ងាចថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣ បានបង្ហោះលើផេកផ្លូវការ របស់លោកថា៖ ថ្ងៃនេះ មានបងប្អូនកាសែតយើងជាបន្តបន្ទាប់ បានសួរសំណួរខ្ញុំជុំវិញករណីមាន អ្នកកាសែតសំរាម ផ្សាយបង្ខូចការខិតខំរបស់កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម។ តើគួរធ្វើដូចម្តេច? តើគួរស្នើសុំឱ្យលុបចេញទេ? ចម្លើយខ្ញុំ៖ 

ទី១. គេត្រូវដឹងថា ទម្រាំព្រឹត្តិការណ៍ កីឡាស៊ីហ្គេម កើតឡើងនៅទឹកដីកម្ពុជាដ៏អស្ចារ្យនេះ គឺគ្រប់តួអង្គទាំងអស់ ខិតខំប្រឹងប្រែងរាប់ខែ ទាំងការរៀបចំ និងហ្វឹកហាត់ ដោយចំណាយទាំងញើស ទឹកភ្នែក និងការលះបង់គ្រប់យ៉ាង ក្នុងនោះ គណៈកម្មការរៀបចំ បុគ្គលិកស្ម័គ្រចិត្ត សិល្បៈករ កីឡាករ គឺប្រឹងប្រែងទាំងចិត្ត ទាំងស្មារតី ទាំងព្រលឹង ធ្វើយ៉ាងណារកមេដាយ រកកិត្តិយសជូនជាតិឱ្យបាន។ តើគេមើលឃើញតម្លៃនៃការលះបង់នេះទេ បើគេជាមនុស្ស ដែលមានសតិត្រឹមត្រូវ!

ទី២. កុំឆ្លើយប្រាប់ខ្ញុំថា អ្វីដែលគេធ្វើនេះ គឺជាសេរីភាព ឱ្យសោះ! នេះជាសេរីភាពបែបឆ្កួត ដែលយកសំរាម មកផ្តិតជាមួយទីកន្លែងដែលមនុស្ស១៦លាននាក់ បូកនឹងមិត្តបរទេស១០ប្រទេសផ្សេងទៀត កុំមានមោទនភាព លើគោលបំណង កីឡា ដើម្បីមិត្តភាព ផ្សព្វផ្សាយវប្បធម៌ និងទេសចរណ៍។ សំរាមនេះ មិនស្ថិតនៅក្នុងពហុកីឡដ្ឋានទេ ប៉ុន្តែវាស្ថិតនៅក្នុងខួរក្បាលរបស់ពួកគេតែប៉ុណ្ណោះ ដែលគេប្រឹងតាមរក ហើយយកមកប្រឌិតភ្ជាប់កន្លែងប្រាព្ធពិធីពីចម្ងាយ ពីព្រោះខួរគេបានស្អុយទៅហើយ។ 

ទី៣. ការផ្សព្វផ្សាយជាវិជ្ជមាន ទាក់ទងកីឡា និងមោទនភាពចំពោះស៊ីហ្គេម គឺមានច្រើនលើសលប់រួចទៅហើយ។ ដូច្នេះ កម្ពុជា គ្មានភាពចាំបាច់ស្នើសុំឱ្យលុបព័ត៌មានសំរាមទេ។ ទុកអ៊ីចឹងទៅ ដើម្បីបង្ហាញថា មានសារព័ត៌មានល្អ ហើយក៏មានបុគ្គលសំរាម ម្នាក់ឬ២នាក់និងក៏សារព័ត៌មានសំរាមដែរ! ទុកទៅ ដើម្បីបញ្ជាក់ប្រាប់គាត់ថា តម្លៃនៃទង្វើរបស់ពួកគេ គឺស្មើនឹងសំរាម! ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖