ព័ត៌មានទាន់ហេតុការណ៍៖

លោក ទូច វិបុល សមាជិកក្រុមប្រឆាំង ប្រធានសម្ព័ន្ធខ្មែរ-អាមេរិកកាំង គាំទ្រ សម្តេចតេជោ ហ៊ុន សែន និងលោកបណ្ឌិត ហ៊ុន ម៉ាណែត និងប្តេជ្ញាបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមសកម្មជនប្រឆាំង ដ៏ច្រើនលើសលប់ បានត្រឡប់មកគាំទ្រ ការដឹកនាំរបស់សម្ដេចតេជោ លោកបណ្ឌិត ហ៊ុន ម៉ាណែត បន្ទាប់ពីឃើញកម្ពុជា មានសន្តិភាព មានការរីកចម្រើន រុងរឿង អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទូទាំងក្របខ័ណ្ឌប្រទេស។ 

លោក ទូច វិបុល សមាជិកក្រុមប្រឆាំង  ប្រធានសម្ព័ន្ធខ្មែរ-អាមេរិកកាំង គាំទ្រ សម្តេចតេជោ ហ៊ុន សែន និងលោកបណ្ឌិត ហ៊ុន ម៉ាណែត និងប្តេជ្ញាបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដោយចេញញាត្តិថា : 

ញត្តិគាំទ្រ

សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី

ឯកឧត្ដមនាយឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត ជាបេក្ខជនអនាគតនាយករដ្ឋមន្ត្រី

ខ្ញុំមានមោទនភាពជាពលរដ្ឋខ្មែរ ខ្ញុំនឹងបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតជ្រើសរើស តំណាងរាស្ត្រ នីតិកាលទី៧ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។ មគ្គទេសក៍ភាពដឹកនាំដ៏រឹងមាំ និងឈ្លាសវៃ បទពិសោធន៍ជាក់ស្តែង និងសមត្ថភាពពេញលេញនៃសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាពិសេស សមត្ថភាពដ៏កម្រនៃឯកឧត្តមនាយឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត អនាគតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺជាមូលដ្ឋានគ្រឹះនៃ ភក្តីភាពរបស់ខ្ញុំចំពោះគណបក្សប្រជាជនកម្ពុជា។ មគ្គទេសក៍ភាពដឹកនាំ បទពិសោធន៍ និងសមត្ថភាពរបស់សម្តេចតេជោ និងឯកឧត្តម នាយឧត្តមសេនីយ៍ ខ្ពស់ផុតពីបេក្ខភាពបក្សប្រឆាំងទាំងអស់។ ប្រជាពលរដ្ឋខ្មែរបោះឆ្នោតជ្រើសរើសមេដឹកនាំប្រទេសជាតិ។ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ខ្ញុំជឿជាក់ថាប្រទេសជាតិយើង នឹងបន្តរីកចម្រើន និងជោគជ័យជាចិរភាពក្រោមម្លប់សន្តិភាព។

ខ្ញុំមានជំនឿយ៉ាងមុតមាំលើឥទ្ធិពលនៃមគ្គទេសក៍ភាពមេដឹកនាំដែលមានសារៈសំខាន់បំផុត និងមិនអាចខ្វះបានសម្រាប់ សុខសន្តិភាពនៃសង្គមជាតិ សុខុមាលភាពរបស់ប្រជាជន និងការអភិវឌ្ឍន៍ជាតិ។ ប្រជាជនកម្ពុជាមានភ័ព្វសំណាង និងមោទនភាពជាតិ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាអ្នកដឹកនាំប្រទេសជាតិ។ សម្តេចតេជោ ហ៊ុន សែន បានរក្សាស្ថិរភាព និងសន្តិភាពជាង៤៤ឆ្នាំ កន្លងមកនេះ នឹងតទៅថ្ងៃអនាគត ដែលបានទប់ស្កាត់ក្រុមជ្រុលនិយមដែលប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ និងបញ្ចប់សង្គ្រាម សម្លាប់ខ្មែរ និងខ្មែរ នៅលើទឹកដីសុវណ្ណភូមិនៃយើង។ សម្តេចតេជោ ហ៊ុន សែន ទទួលបានការជឿទុកចិត្ត និងភក្តីភាពពីប្រជាជន កម្ពុជាគ្រប់ស្រទាប់វណ្ណៈ ជាមេដឹកនាំរបស់ប្រជាជន។ សម្ដេចតេជោ ហ៊ុន សែន ជាបិតាសន្តិភាពពិតប្រាកដនៅកម្ពុជា។ សូមស្រមៃមើល ប្រសិនអ្នកប្រឆាំងគ្មានសមត្ថភាព គ្មានបទពិសោធន៍ គ្មានមគ្គទេសក៍ភាពជាមេដឹកនាំ មានឱកាសទៅដឹកនាំប្រទេស ភ្លើងសង្គ្រាមប្រាកដណាស់នឹងផ្ទុះឡើង ប្រជាពលរដ្ឋនឹងធ្លាក់ចូលក្នុងវាលពិឃាដជាថ្មី។

សម្តេចតេជោ ហ៊ុន សែន បានលះបង់ជីវិតបម្រើប្រទេសជាតិតាំងពីអាយុ១៨ឆ្នាំ។ សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំ ប្រាកដនិយម តម្កល់សុខុមាភាពប្រជាជនកម្ពុជា មុនមនោគមវិជ្ជា ហ៊ានលះបង់អាយុជីវិត និងនៅឈរជាមួយប្រជាជនគ្រប់ កាលៈទេសៈ។ សម្ដេចតេជោ ហ៊ុន សែន គឺជាគូប្រជែងយ៉ាងម៉ឹងម៉ាត់ជាមួយមនោគមវិជ្ជាជ្រុលនិយមដែលពឹងបរទេសបំផ្លាញកម្ពុជា តាមរយៈបដិវត្តពណ៌។ សម្តេចតេជោ ហ៊ុន សែន គឺជាស្ថាបនិកមួយរូប នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ ដែលបានកំណត់យកលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដូចមានចែង ក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាសព្វថ្ងៃ។

កម្ពុជាជាប្រទេសមានស្ថិរភាព សន្តិភាព វិបុលភាព និងមានអនាគតភ្លឺស្វាងក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ ស្ថិរភាព និងសន្តិភាពដែលកម្ពុជាបានបង្កើតឡើង គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍន៍ ប្រទេសជាតិលើគ្រប់វិស័យ។ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជាស្ពាន ផ្លូវថ្នល់ សាលារៀន និងមន្ទីរពេទ្យ ដល់ការពង្រឹងគុណភាព វិស័យអប់រំ សុខាភិបាល និងការបង្កើនសេវាសាធារណៈដល់ប្រជាជន គឺជាសក្ខីភាពក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាជនកម្ពុជា។ ការប្តេជ្ញាចិត្តចំពោះការអភិវឌ្ឍន៍ជាតិប្រកបដោយចីរភាពនេះបាននាំឱ្យមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់តាមរយៈកំណើតសេដ្ឋកិច្ចជាតិ និងការកាត់បន្ថយភាពក្រីក្រជាប្រចាំឆ្នាំ។ កម្ពុជាបច្ចុប្បន្នជាប្រទេសរឹងមាំ និងមានអធិបតេយ្យភាពពេញលេញ អាចទំនាក់ទំនងជាមួយ ប្រទេសដ៏ទៃដោយសមភាព និងធ្វើការសម្រេចចិត្តដោយឯករាជ្យ ទាក់ទងនឹងគោលនយោបាយក្នុងស្រុក និងក្រៅប្រទេស ដោយឈរ លើគោលនយោបាយអព្យាក្រឹតភាព អចិន្ត្រៃយ៍ និងមិនចូលបក្សសម្ព័ន្ធ ជាពិសេសក្នុងបញ្ហាទាក់ទងនឹងពាណិជ្ជកម្ម ការវិនិយោគ សន្តិសុខ និងវិស័យការពារជាតិ។

ប្រជាពលរដ្ឋខ្មែរនៅតែជឿជាក់ និងរក្សាភក្តីភាពចំពោះ សម្តេចតេជោ ហ៊ុន សែន ។ ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ប្រជាពលរដ្ឋខ្មែរ នឹងបន្តបោះឆ្នោតផ្តល់សេចក្តីទុកចិត្តដល់គណបក្ស ប្រជាជនកម្ពុជា។ …ខ្ញុំមានមោទនភាពចូលរួមជាមួយប្រជាពលរដ្ឋខ្មែរ ទាំងក្នុង និងក្រៅប្រទេស គាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជារៀងរហូត និងគាំទ្រឯកឧត្ដមនាយឧត្ដមសេនីយ ហ៊ុន ម៉ាណែត អនាគតនាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ប្រជាពលរដ្ឋខ្មែរបានចារឈ្មោះសម្ដេចតេជោ ហ៊ុន សែន ជាមេដឹកនាំ ឪពុក នៅក្នុងបេះដូងរបស់ពួកគេជាអមត។ សម្តេចតេជោ ហ៊ុន សែន លះបង់ជីវិតដើម្បីប្រជាជនកម្ពុជា ប្រជាជនកម្ពុជានឹងលះបង់គ្រប់តម្លៃ ដើម្បីសម្ដេចតេជោ ហ៊ុន សែន ។ សម្តេចតេជោ ហ៊ុន សែន និងប្រជាជនកម្ពុជា គឺនៅស្លាប់រស់ជាមួយគ្នាជារៀងរហូត៕

ដោយ ៖ សិលា


ចែករំលែក៖