ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចេញសារពិសេស អំពាវនាវ ចំពោះនាយឧត្តមសេនីយ សៅ សុខាឲ្យបន្តដឹកនាំកីឡាបាល់ទាត់កម្ពុជាតទៅទៀត ! ដោយសម្តេចមានប្រសាសន៍ថា, ជូនចំពោះឯកឧត្តមនាយឧត្តមសេនីយ៍សៅ សុខា ក៏ដូចជាកីឡាករ កីឡាការិនីបាល់ទាត់ទាំងអស់
ព្រមទាំងប្រជាពលរដ្ឋដែលស្នេហាកីឡាបាល់ទាត់ កាលពីម្សិលមិញបន្ទាប់ពី ការបញ្ចប់ ការប្រកួត រវាងកម្ពុជា និងមីយ៉ាន់ម៉ា ដោយទទួលលទ្ធផលមិនបានល្អ នាយឧត្តមសេនីយ៍ សៅ សុខា ដែលជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានសុំលាលែងចេញពីតំណែង ។
សម្ដេចតេជោបានបន្តថា, ខ្ញុំទទួលបានព័ត៌មាននេះ មានមនុស្សជាច្រើនបានបង្ហាញនូវការខកចិត្ត និងបង្ហាញអំពីការសោកស្ដាយ ចំពោះឯកឧត្តម សៅ សុខា ដែលធ្លាប់បានដឹកនាំ បង្កើតនូវការរីកចម្រើន របស់កីឡាបាល់ទាត់កម្ពុជា …ខ្លួនខ្ញុំផ្ទាល់ ក៏សូមចូលរួម សម្ដែងនូវការសោកស្ដាយនេះផងដែរ ..! ហើយក៏សូមធ្វើការកត់សំគាល់ថា, ចាប់តាំងពីឯកឧត្តម សៅ សុខា បានទទួលនូវមុខតំណែងនេះ កីឡាបាល់ទាត់កម្ពុជាគឺមានការរីកចម្រើន ឈានឡើងជាលំដាប់ បើទោះបីការលេងរបស់យើង មានលទ្ធផលមិនទាន់តាមការចង់បាន របស់យើងក៏ដោយចុះ។ ក៏ប៉ុន្តែយើងបានដើរចេញឆ្ងាយពី ចំណុចដែលយើងពុំធ្លាប់មានកាលពីពេលមុន ។
សម្ដេចមានប្រសាសន៍ទៀតថា, ខ្ញុំគួរបញ្ជាក់ថា, មានប្រទេសច្រើនណាស់ដែលកីឡាបាល់ទាត់ មិនអាចទទួលបាននូវលទ្ធផលល្អ ។ ប្រទេសខ្លះមានប្រជាជនដល់ទៅជាង១ពាន់លាននាក់ រាប់រយលាននាក់ , ក៏បាល់ទាត់របស់គេមិនខ្លាំងនោះដែរ ! យើងមានប្រជាជនត្រឹមតែ 16 លាននាក់ ឬ 17 លាននាក់ យើងធ្វើបានប៉ុណ្ណេះវាជាការល្អណាស់ទៅហើយ សម្រាប់ក្នុងកែវភ្នែកប្រជាជនកម្ពុជារបស់យើង ដែលធ្លាប់តែស្ថិតនៅក្នុងបាតតារាង ប៉ុន្តែយើងក៏ធ្លាប់ឈ្នះ ធ្លាប់ទទួលលទ្ធផលល្អប្រសើរ ។ ដូច្នេះក្នុងឋានៈជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំអំពាវនាវចំពោះនាយឧត្តមសេនីយ៍ សៅសុខា បន្តការធ្វើជាប្រធាន សហព័ន្ធកីឡាបាល់ទាត់កម្ពុជាតទៅទៀត។ ហើយនេះ មិនមែនជាបញ្ហាដាច់ដោយឡែក របស់ខ្ញុំ ! តែនេះជាបញ្ហារួម ..ដែលរាជរដ្ឋាភិបាលខ្ញុំ ខ្ញុំតំណាងឲ្យរាជរដ្ឋាភិបាល អំពាវនាវឱ្យនាយឧត្តមសេនីយ៍ សៅសុខា បន្តតួនាទីនេះ ជាមួយការចង់បានរបស់កីឡាករ កីឡាការិនី កីឡាបាល់ទាត់ និងប្រជាពលរដ្ឋ ដែលគាំទ្រកីឡាបាល់ទាត់ផងដែរ ។ សង្ឃឹមថា, ឯកឧត្តម នាយឧត្តមសេនីយ៍ សៅសុខា ដែលធ្លាប់នៅជាមួយខ្ញុំ អស់រយៈពេល 46 ឆ្នាំមកនោះ និងបន្ត ទទួលយកនូវសំណូមពរ របស់ខ្ញុំ ..! ដែលពេលនេះ ពេលមុន ក៏នៅផ្ទាល់ជាមួយខ្ញុំ 46 ឆ្នាំបានកន្លងផុត ! សង្ឃឹមថា នាយឧត្តមសេនីយ៍ សៅសុខា នៅតែបន្ត នូវសំណូមពររបស់ខ្ញុំ ។ ខ្ញុំគ្មានសិទ្ធិដាក់បញ្ជាទៅលើកីឡា សហព័ន្ធកីឡា បាល់ទាត់នោះទេ ក៏ប៉ុន្តែខ្ញុំមានសំណូមពរ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឱ្យនាយឧត្តមសេនីយ៍ សៅសុខា បន្តដឹកនាំ កីឡាបាល់ទាត់តទៅទៀត ដើម្បីការរីកចម្រើនរបស់ប្រទេសជាតិ។
សម្ដេចបានថ្លែងបន្តថា, សូមឯកឧត្តម សៅសុខា ទទួលយកនូវកិច្ចការ ដ៏សំខាន់នេះ ដើម្បីការរីកចម្រើន របស់កីឡាបាល់ទាត់ ហើយកីឡា ដែលយើងឈានមកដល់ពេលនេះ គឺពិតជាមានការរួមចំណែក ដឹកនាំដ៏ធំធេង ជាមួយនាយឧត្តមសេនីយ៍ សៅសុខា រាប់ទាំងតំណាងឲ្យខ្ញុំ ក្នុងការចែកថវិកាជូនចំពោះ កីឡាករ កីឡាការីនី ដែលប្រកួតឈ្នះ ការប្រកួតរយៈពេលកន្លងទៅ ។ សូមអរគុណចំពោះបងប្អូនប្រជាពលរដ្ឋរបស់យើង ក៏ដូចជាកីឡាករ កីឡាការិនី ដែលបានប្រឹងប្រែង និងចូលរួមជាមួយខ្ញុំ ដើម្បីអំពាវនាវចំពោះនាយឧត្តមសេនីយ៍ សៅសុខា ក្នុងការទទួលការងារបន្តទៀត សម្រាប់ជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា៕
ដោយ ៖ សុខ ខេមរា