ព័ត៌មានទាន់ហេតុការណ៍៖

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនអ្នកសើយអាវសំញ៉ែងកាំភ្លើងហ្គាស ដាក់ពន្ធនាគារជាបណ្តោះអាសន្ន

ចែករំលែក៖

ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីការឃុំខ្លួន អ្នកសើយអាវសំញ៉ែងកាំភ្លើងប្រើហ្គាសដែលស្រែកឡូឡា នឹងទៅគំរាមក្នុងហាងកាត់សក់ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ដើម្បីរង់ចាំបើកសវនាការផ្តន្ទាទោសតាមច្បាប់ជាធរមាន ។ 

បានជាចៅក្រមស៊ើបសួរ សម្រេចឃុំខ្លួនអ្នកលេងកាំភ្លើងប្រើហ្គាសនោះ បន្ទាប់លោក សេង ម៉េងស្រ៊ន ព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ បើកការស៊ើបសួរ និងចោទប្រកាន់ជាផ្លូវការ លើករណីស្រែកជេរឡូឡា និងយកកាំភ្លើងប្រើហ្គាស ទៅគំរាមជាងកាត់សក់ក្នុងហាងយីហោ RHM ស្ថិតនៅតាមបណ្តោយផ្លូវលេខ៤៣២ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

បុរសនោះមានឈ្មោះ លឹម សុងឆ័យ អាយុ៣៣ ឆ្នាំ មុខរបរ ជាអាជីវករលក់ដូរ ស្នាក់នៅសង្កាត់ទួលទំពូង១ ខណ្ឌចំការមន ។

បុរសនោះត្រូវបានសមត្តកិច្ចនគរបាលចាប់បញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីរូបគេធ្វើសកម្មភាពស្រែកជេរឡូឡា និងយកកាំភ្លើងប្រើហ្គាសទៅគំរាម ក្នុងហាងកាត់សក់យីហោ RHM ធ្វើឲ្យមានការភ្ញាក់ផ្អើល ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ បុរសនោះបានទៅស្រែកជេរឡូឡា និងយកកាំភ្លើងប្រើហ្គាសគំរាមអ្នកដទៃ ហើយត្រូវបុគ្គលិកនៅក្នុងហាង ហាមឃាត់កុំឲ្យសើចលឺព្រោះរំខានដល់ភ្ញៀវមកកាត់សក់នៅទីនោះដែរ ។ តាមរយៈវីដេអូដែលត្រូវបានគេចែកចាយលើបណ្ដាញសង្គម នៅថ្ងៃខែខាងលើបានបង្ហាញថា បុរសម្នាក់នោះស្លៀកខោខូវប៊យ ពាក់អាវយឺតលឿង ជិះរថយន្តទំនើប១គ្រឿងឡិចសុីស៥៧០ ពាក់ស្លាកលេខ2AG 2222 បានចូលទៅក្នុងហាងកាត់សក់យីហោ RHM រួចស្រែកជេរគេជេរឯង ។ មួយសន្ទុះក្រោយមកបុរសនោះបានដើរចេញទៅក្រៅ ទំនងចូលក្នុងរថយន្ត ក៏យកគ្រាប់កាំភ្លើងពិតមកបាចនៅក្នុងហាង បង្កឲ្យមានការភ័យខ្លាចដល់ជាងកាត់សក់ និងភ្ញៀវដទៃទៀតដែលកំពុងអង្គុយរង់ចាំកាត់សក់ ។ បន្ទាប់មកទៀតបុរសនោះបានដើរចេញវិញ និងបានយកកាំភ្លើងខ្លីប្រើហ្គាសសៀតចង្កេះ សោយអាវឡើងលើ ដើម្បីគំរាមជាងកាត់សក់ទំនងចង់បញ្ជាក់ថា ខ្លួនមានកាំភ្លើង ។

 ក្នុងរូបភាពវីដេអូនោះទៀតបានបញ្ជាក់ថា ទាំងជាងកាត់សក់ និងភ្ញៀវនៅក្នុងហាង មានការភ័យខ្លាចយ៉ាងខ្លាំង រហូតអ្នកខ្លះលើក ដៃសំពះអង្វ សុំឲ្យបុរសនោះបញ្ឍប់សកម្មភាព ខណៈភ្ញៀវដទៃបានរត់ចេញពីហាងទាំងព្រលឹងចុងសក់គ្រប់គ្នា ។ ទង្វើទាំងអស់នោះហើយដែលធ្វើឲ្យសមត្ថកិច្ចឈានដល់ការឃាត់ខ្លួន និងកសាងសំណុំរឿងជនសង្ស័យបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖