ខេត្តបាត់ដំបង ៖ ច្រកឡែមយកលុយដដែលបងប្អូនកុំជឿអោយសោះថា មិនអស់លុយ ញុមទៅទើបនិងមកវិញចេញក៏អស់លុយ ចូលក៏អស់លុយបើមានអីវ៉ានច្រើនកាន់តែជំរិតយកលុយ ថែមទៀត ។ នេះជាការបង្ហោះ លើ facebook ដែលមានគណនី ឈ្មោះថា, ( កូលាប លក់ អនឡាញ ) ២ថ្ងៃកន្លងទៅនេះ ។
សូមបញ្ជាក់ថា, បើទោះ មានការបង្ហោះ បែបនេះ ជារឿងពិត ឬមិនពិត អាចជាកម្មវត្ថុ ដែលថ្នាក់ដឹកនាំ ស្ថាប័នពាក់ព័ន្ធ សាមីអង្គភាព ស៊ើបអង្កេត ស្រាវជ្រាវ រកឱ្យឃើញការពិត ដើម្បីជាទុន មានអំណះអំណាងច្បាស់លាស់ ធ្វើការបញ្ជាក់ បកស្រាយ ជូនសាធារណៈជន នូវអ្វីជាការពិត។
គេនៅចាំបានថា, ច្រកឡែម ស្រុកកំរៀង ខេត្តបាត់ដំបង ធ្លាប់ប្រព្រឹត្តអំពើពុករលួយ មានភាពមិនប្រក្រតី ក្នុងការយកលុយពីពលករ សម្រាប់ការបំពេញបែបបទ ឆ្លងទៅធ្វើការទឹកដីប្រទេសថៃ ក្នុងម្នាក់ ត្រូវចំណាយរហូតដល់ ១៣០០បាត ដល់ ២០០០បាត និងជួបការលំបាក ជាមួយនឹងសមត្ថកិច្ចច្រក បង្កើតបញ្ហាស្មុគ្រស្មាញ បង្កឲ្យមានភាពយឺតយូរ រហូតដល់មានប្រតិកម្ម ពីពលករកម្ពុជា បង្ហោះតាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសបុក បើកកកូរកកាយ ពីអំពើពុករលួយនេះ ល្បីទូទាំងប្រទេស ។
ក្នុងនោះលោកស្រី ហ៊ុន សុីណាត បានប្រតិកម្មមុនគេ ក្នុងគោលបំណងជាតិនិយម ជួយពលករកម្ពុជា ដោយចិត្តបរិសុទ្ធ និងសំណូមពរឲ្យអាជ្ញាធរខេត្តបាត់ដំបង មេត្តាពិនិត្យក្នុងរឿងនេះ ។ រឿងមួយនេះត្រូវបានបញ្ចប់ក្រោយពេលចូលឆ្នាំខ្មែររយៈពេលប៉ុន្មានថ្ងៃ បន្ទាប់ពីអាជ្ញាធរខេត្តចុះដោះស្រាយសម្របសម្រួល មិនតម្រូវឲ្យយកលុយពីពលករខ្មែរឆ្លងដែនទៅប្រទេសថៃ។
ពាក់ព័ន្ធក្នុងករណីនេះ នៅយប់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានប្រាប់អង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” តាមទូរសព្ទយ៉ាងដូច្នេះថា ” ដូចជាមិនមានករណីបែបនេះទេ។ ចាំមើលខ្ញុំពិនិត្យបន្ថែមទៀត..,” !
សូមជម្រាបជូនថា, នគរបាលអន្តោប្រវេស្តន៍ច្រកឡែម មិនដឹងជាខ្សែខាងអស់លោកណាទេ គាត់ពិតជាល្បីខ្លាំងណាស់ ខាងបន្សល់ទុកនូវការមិនពេញចិត្តរបស់ពលរដ្ឋកម្ពុជា។ គប្បីថ្នាក់លើ មានវិធានការដ៏សមស្រប ណាមួយដើម្បីសម្របសម្រួលនីតិវិធី បង្កភាពងាយស្រួលដល់ពលករខ្មែរ ក្នុងការឆ្លងដែន ! អ្នកទទួលបានប្រាក់ ពីសេចក្តីអត់របស់ពលករខ្មែរ , អ្នកពិតជាជោគជ័យក្នុងរង្វង់គ្រួសាររបស់អ្នក និងតំណែង ។ ប៉ុន្តែអ្នកមិនបានគិត អំពីសេចក្តីអត់ ក្រ របស់ពលរដ្ឋរបស់យើងទេ ។ បើអ្នកបានប្រព្រឹត្តយ៉ាងដូច្នេះ អ្នកពិតណាស់ថា, បំផ្លាញសេចក្តី ស្រឡាញ់ របស់ពលរដ្ឋដែលជាពលករ មកលើថ្នាក់ដឹកនាំកម្ពុជា ដែលមានចិត្តសន្ដោសប្រណី លើកតម្កើង ផ្ដល់តម្លៃឲ្យពលករខ្មែរ ស្វែងរកការងារឱ្យពលរដ្ឋខ្មែរមានការងារធ្វើ ដើម្បីកាត់បន្ថយភាពក្រីក្រនោះ ៕
ដោយ ៖ សិលា