ព័ត៌មានទាន់ហេតុការណ៍៖

សូមជូនទិដ្ឋភាពច្បាប់ករណីនីតិសម្បទារបស់លោក រ៉ុង ឈុន !

ចែករំលែក៖

ភ្នំពេញ ៖ សូមជូនទិដ្ឋភាពច្បាប់ករណីនីតិសម្បទារបស់លោក រ៉ុង ឈុន ! នេះបើយោងតាមលិខិត លោករដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ សូមគោរពជូន លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយបញ្ជាក់ថា, 

កម្មវត្ថុ ៖ អំពីសំណើសុំបញ្ជាក់អំពីភាពមាន ឬមិនទាន់មាននីតិសម្បទាឡើងវិញរបស់ឈ្មោះ រ៉ុង ឈុន ភេទប្រុស កើតថ្ងៃទី១៥ ខែកក្កដា ឆ្នាំ១៩៦៩ តាមអំណាចសាលដីកាព្រហ្មទណ្ឌលេខ ៣៥១ I ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ របស់តុលាការកំពូល។

យោង ៖ លិខិតលេខ ៤៤៧ គ.ជ.ប. ចុះថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ របស់គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត។

សេចក្ដីដូចមានចែងក្នុងកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមគោរពជម្រាបជូន លោក មេត្តា ជ្រាបដ៏ខ្ពង់ខ្ពស់ថា ក្រសួងយុត្តិធម៌បានទទួលលិខិតលេខ ៤៤៧ គ.ជ.ប. ចុះថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលមានខ្លឹមសារស្នើសុំបញ្ជាក់អំពីភាពមាន ឬមិនទាន់មាន នីតិសម្បទាឡើងវិញរបស់ឈ្មោះ រ៉ុង ឈុន ភេទប្រុស កើតថ្ងៃទី១៥ ខែកក្កដា ឆ្នាំ១៩៦៩ តាមអំណាច សាលដីកាព្រហ្មទណ្ឌលេខ ៣៥១ I ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ របស់តុលាការកំពូល។

ចំពោះករណីនេះ, បន្ទាប់ពីចាត់ឱ្យមន្ត្រីជំនាញធ្វើការស្រាវជ្រាវរួចមក ក្រសួងយុត្តិធម៌ពិនិត្យ

ឃើញថា៖

១-អំពីការផ្តន្ទាទោសលើឈោ្មះ រ៉ុង ឈុន៖ ឈ្មោះ រ៉ុង ឈុន ត្រូវបានតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ២ឆ្នាំ ពីបទ ញុះញង់បង្កឱ្យមានភាពវិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដោយទោសនេះ ត្រូវអនុវត្តក្នុងពន្ធនាគារកំណត់រយៈពេល ១ឆ្នាំ ៣ខែ ១១ថ្ងៃ ហើយទោសដែលនៅសល់ត្រូវព្យួរទោស សាកល្បងដោយកំណត់រយៈពេល ៣ឆ្នាំ តាមអំណាចសាលដីកាព្រហ្មទណ្ឌស្ថាពរលេខ ៣៥១ រ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ របស់តុលាការកំពូល។ បទល្មើសដែលត្រូវផ្ដន្ទាទោសនេះជាប្រភេទបទមជ្ឈិម។

២-អំពីការមាននីតិសម្បទាឡើងវិញរបស់ទណ្ឌិត៖ ផ្អែកតាមក្រមនីតិវិធីព្រហ្មទណ្ឌ, ទណ្ឌិតដែល ត្រូវបានផ្តន្ទាទោសដោយតុលាការអាចមាននីតិសម្បទាឡើងវិញតាម ២ទម្រង់ ដូចខាងក្រោម៖

–ការមាននីតិសម្បទាឡើងវិញតាមផ្លូវតុលាការ៖ ផ្អែកតាមមាត្រា៥៣៤ នៃក្រមនីតិវិធីព្រហ្មទណ្ឌ,

ការផ្ដល់ឱ្យមាននីតិសម្បទាឡើងវិញតាមផ្លូវតុលាការអាចត្រូវបានផ្តល់ឱ្យឬមិនព្រមផ្តល់ឱ្យដោយសភាព្រហ្មទណ្ឌ នៃសាលាឧទ្ធរណ៍ដែលមានការប្រកាសផ្តន្ទាទោសដោយតុលាការនៅក្នុងសមត្ថកិច្ចដែនដីនៃសាលាឧទ្ធរណ៏ ហើយតាមមាត្រា៥៣៥ នៃក្រមនីតិវិធីព្រហ្មទណ្ឌ, សភាព្រហ្មទណ្ឌអាចពិនិត្យនិងសម្រេចលើការស្នើសុំឱ្យមាន

នីតិសម្បទាឡើងវិញបាន លុះត្រាតែផុតរយៈពេល ៣ឆ្នាំ ចំពោះបទមជ្ឈិម ហើយរយៈពេលនេះត្រូវចាប់ផ្តើមគិត ពីការអនុវត្តទោសរួច។

-ការមាននីតិសម្បទាឡើងវិញដោយពេញលក្ខណៈច្បាប់៖ ផ្អែកតាមមាត្រា៥៤១ នៃក្រមនីតិវិធី ព្រហ្មទណ្ឌ, នីតិសម្បទាត្រូវមានឡើងវិញដោយពេញលក្ខណៈច្បាប់ នៅពេលផុតរយៈពេល ៥ឆ្នាំ គិតចាប់ពីថ្ងៃ អនុវត្តទោសរួចហើយ ឬនៅពេលទោសត្រូវផុតអាជ្ញាយុកាល ក្នុងករណីដែលបុគ្គលនោះត្រូវបានតុលាការ ផ្តន្ទាទោសដាក់ពន្ធនាគារមិនលើសពី ៥ឆ្នាំទេ ឬក៏ផ្តន្ទាទោសពិន័យ។

ផ្អែកតាមមូលដ្ឋានច្បាប់ខាងលើ និងដោយហេតុថាឈ្មោះ រ៉ុង ឈុន ទើបត្រូវបានផ្តន្ទាទោស ស្ថាពរ ដោយសាលដីកាព្រហ្មទណ្ឌលេខ ៣៥១ | ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ របស់តុលាការកំពូល, ដូចនេះ ឈ្មោះ រ៉ុង ឈុន មិនទាន់មាននីតិសម្បទាឡើងវិញដោយពេញលក្ខណៈច្បាប់ឡើយ ដោយសារពុំទាន់ ផុតរយៈពេល ៥ឆ្នាំ គិតចាប់ពីថ្ងៃអនុវត្តទោសរួច ហើយឈ្មោះនេះ ក៏ពុំមានលក្ខខណ្ឌគ្រប់គ្រាន់សម្រាប់ស្នើសុំឱ្យ មាននីតិសម្បទាឡើងវិញតាមផ្លូវតុលាការ ស្របតាមមាត្រា៥៣៤ និងមាត្រា៥៣៥ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។

សេចក្ដីដូចបានគោរពជម្រាបជូនខាងលើ សូម ឯកឧត្តម មេត្តាជ្រាប និងចាត់ការបន្តតាមការគួរ ដោយសេចក្ដីអនុគ្រោះដ៏ខ្ពង់ខ្ពស់។

សូម លោកប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មេត្តាទទួលនូវ ការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំ៕

ដោយ ៖ សិលា


ចែករំលែក៖