ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តព្រូសពន្លះរបាំងថ្មពុះចែកទ្រូងផ្លូវជាតិលេខ២​ រងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់បានបើករថយន្តម៉ាកតូយ៉ូតាព្រូសមួយគ្រឿងយ៉ាងលឿន​ និងមិនប្រយ័ត្នជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង​ បណ្ដាលឱ្យរថយន្តរងការខូចខាតមួយកំណាត់មុខយ៉ាងដំណំ​ ដោយបង្កឡេីងកាលពីវេលាម៉ោង ១០និង ៣០ នាទីយប់ថ្ងៃទី ០៩ខែឧសភាឆ្នាំ២០២៣ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២​ ក្នុងសង្កាត់ចាក់អង្រែលើ​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា​ នៅមុនពេលកើតហេតុនោះ​ គេឃើញរថយន្តម៉ាក​ តូយ៉ូតា​ ព្រូស  មួយគ្រឿង​ ពណ៌ទឹកប្រាក់​ ពាក់ផ្លាកលេខភ្នំពេញ 2BC-2114 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២ ទិសដៅពីជេីងទៅត្បូងក្នុងល្បឿនយ៉ាងលឿន។ លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវចំពាក់កណ្ដាលខាងមុខរថយន្តយ៉ាងពេញទំហឹង​ បណ្ដាលឱ្យរថយន្តបង្ករងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ​ រីឯរបាំងថ្មពុះចែកទ្រូងផ្លូវខូចខាតតិចតួច ។ ដោយឡែកម្ចាស់រថយន្តបង្កមិនរងរបួសនោះឡេីយ​ និងបានបើកទ្វារចុះពីរថយន្តគេចខ្លួនបាត់​ ។ 

    ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​ និងបានទំនាក់ទំនងទៅផ្នែកជំនាញចរាចរណ៍ឱ្យចុះមកធ្វេីការវាស់វែងស្ទួចយករថយន្តបង្កទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយតាមច្បាប់​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖