ព័ត៌មានទាន់ហេតុការណ៍៖

គេហៅមកផឹកស៊ីនៅផ្ទះ​ ពេលស្រវឹងប៉ុនប៉ង​ចាប់រំលោភ​មានអីខ្នោះដៃល្មម

ចែករំលែក៖

​ខេត្តព្រៃវែង៖ ​កម្លាំងនគរបាលខេត្ត​ព្រៃវែង​ បានចុះទៅឃាត់ខ្លួនបុរស​ម្នាក់​ បន្ទាប់ពី​រូបគេ​បាន​ធ្វើ​សកម្មភាព​ប៉ុនប៉ង​ចាប់រំលោភ​ស្ត្រី​ម្នាក់​ដែល​ផឹកស៊ី​ជាមួយ​គ្នា តែ​មិន​បាន​សម្រេច​ កាលពី​វេលា​ម៉ោង១០​និង​៥០នាទី​យប់ ថ្ងៃ​ទី​១១ ឧសភា នៅ​ក្នុងផ្ទះ​ជន​រង​គ្រោះ​ និងត្រៀមខ្លួនបញ្ជូនទៅកាន់​សាលាដំបូងខេត្ត​ ដេីម្បីចាត់ការតាមច្បាប់​។ 

 ជនសង្ស័យ​ឈ្មោះ សាត រ៉ា​យូ ភេទ​ប្រុស អាយុ​២៥ឆ្នាំ រស់នៅ​ភូមិ​ក្រាំង​(​ក​) ឃុំ​ព្រៃ​ស្រឡិត ស្រុក​ពារាំង ចំណែក​នារី​រង​គ្រោះ​មាន​អាយុ​២៦​ឆ្នាំ​ ។

យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រៃវែង​ បានឱ្យដឹងថា កាលពីវេលា​ម៉ោង​៥ល្ងាច មុន​ពេល​កើតហេតុ​ឈ្មោះ ផេ​ន ដា​នី ភេទ​ស្រី អាយុ ៣៥​ឆ្នាំ បាន​នាំ​កូន​មក​លេង​ផ្ទះ​ជន​រង​គ្រោះ​​ ហើយ​បន្ទាប់​មក​ម្ចាស់ផ្ទះ ក៏​បាន​បបួល​ផឹកស្រា ពេល​នោះ​ឈ្មោះ ផេ​ន ដា​នី បាន​ឲ្យ​លុយ​ទិញ​ស្រា​បៀរ​​ចំនួន​មួយ​យួរ ។ លុះ​នាំ​គ្នា​ផឹក​រហូត ដល់​ម៉ោង​ប្រហែល​៨​យប់ ឈ្មោះ ផេ​ន ដា​នី ក៏​បាន​ទូរ​ស័ព្ទ​ហៅ​ឈ្មោះ ភឿន ជា ភេទ​ប្រុស អាយុ២៦​ឆ្នាំ រស់នៅ​ភូមិ​ក្រាំង​(​ក​) ឃុំ​ព្រៃ​ស្រឡិត ឱ្យ​មក​ផឹក​ជាមួយ​ខ្លួន​ដែរ ហើយ​ឈ្មោះ ភឿន ជា ក៏​បាន​ប្រាប់​ថា គេ​មាន​គ្នា ២​នាក់ បើសិន​ទៅ ត្រូវ​ទៅ​ទាំងអស់​គ្នា​។ ពេល​នោះ ​ឈ្មោះ ផេ​ន ដា​នី ក៏​ព្រម​ឲ្យ​មក​ទាំង ២​នាក់ ហើយ​ពេល​មក​ដល់​ឈ្មោះ ភឿន ជា និង​មិត្តភក្តិ​ឈ្មោះ សាត រ៉ា​យូ ភេទ​ប្រុស អាយុ ២៥​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា បាន​ទិញ​ស្រាថ្នាំ​ចំនួន ១​លី​ត្រ ផឹក​២​នាក់​គ្នា​គេ ចំណែក​ស្រី​ៗ២នាក់​ផឹកស្រា​បៀ ​។

លុះ​ដល់​ម៉ោង​ ១០និង​៥០នាទី​យប់ ដោយ​ស្រវឹងស្រា​ទៅ​ហើយ​នោះ ស្ត្រី​ឈ្មោះ ផេ​ន ដា​នី បាន​ឲ្យ​ឈ្មោះ ភឿន ជា ជិះ​ម៉ូតូឌុប​ខ្លួន​និង​កូន​ទៅ​ផ្ទះ​វិញ ដោយ​អោយឈ្មោះ សាត រ៉ា​យូ នៅ​រង់​ចាំ​នៅ​កន្លែង​ផឹក​សិន ប៉ុន្តែ​ក្នុងអំឡុងពេល​រង់​ចាំ​នោះ ដោយ​ឃើញ​ឱកាស​ស្ងាត់​ល្អ ហើយ​នៅ​តែ​២​នាក់​តទល់​គ្នា​ ក៏​ធ្វើ​សកម្មភាព​ចាប់រំលោភ​ម្ចាស់ផ្ទះ​តែ​ម្តង ប៉ុន្តែ​ដោយ​ស្ត្រី​រង​គ្រោះ​មិន​ទាន់​ស្រវឹង​ខ្លាំង នៅ​មាន​ស្មារតី​គ្រប់គ្រាន់ ក៏​បាន​ប្រតាយប្រតប់​ជាមួយ​ជនសង្ស័យ រហូត​ដល់​ជនសង្ស័យ​ប្រើ​ហឹិង្សា វាយ​ទៅ​លើ​ស្ត្រី​រង​គ្រោះ​បណ្តាល​អោយ​បែក​កញ្ចប់មាត់ ដាច់រ​យាស់​ប​បេ​រមាត់​ខាងលើ និង​របួស​ក្បាល បន្ទាប់​មក​ជនសង្ស័យ​ក៏​បាន​គេចខ្លួន​ពី​កន្លែង​កើតហេតុទៅ​បាត់ ។ លុះ​មួយសន្ទុះ​ក្រោយមក​ឈ្មោះ ភឿន ជា បាន​ត្រឡប់​មក​វិញ​ ឃើញ​ស្ត្រី​រង​គ្រោះ​រង​របួសធ្ងន់ ក៏​បាន​តេ​ប្រាប់​ឈ្មោះ ដា​នី អោយមក​ជួយ​មើល​វិញ និង​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ភ្លាម​ៗ​ផង​ដែរ​។

ក្រោយ​ពេល​កើតហេតុ​ ជន​រង​គ្រោះត្រូវ​បាន​សាច់ញាតិ​បងប្អូន បញ្ជូន​ទៅ​ព្យាបាល​របួស​នៅ​គ្លីនិក​ឯកជន។

ចំណែក​ជនសង្ស័យ ត្រូវ​បាន​សមត្ថកិច្ច ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រៃ​ស្រឡិត ឃាត់ខ្លួន​បាន និង​បញ្ជូន​ទៅឃាត់ខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពារាំង ដេីម្បីបន្តនីតិវិធី​ច្បាប់​៕

ដោយ ៖ អរុណរះ


ចែករំលែក៖