ខេត្តបន្ទាយមានជ័យ៖ បន្ទាប់ពីមានការរិះគន់ពីបណ្ដាញសង្គមហ្វេសប៊ុកនិងវាយប្រហារម្ចាស់សំណង់ដែលសាងសង់រំលោភដីផ្លូវសាធារណៈមានឈ្មោះ តាំង ហ័រឃីម ព្រមរុះរើចេញដោយសុំទុកពេលរយៈ៧ថ្ងៃបន្ទាប់ពីអាជ្ញាធរសង្កាត់ចុះទៅណែនាំបន្តនៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣នេះ នៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
ម្ចាស់សំណង់មានឈ្មោះ តាំង ហ័រឃីម ជាអាជីវករលក់ទូរស័ព្ទដៃ។ ប្រជាពលរដ្ឋលើកឡើងថាៈម្ចាស់ទីតាំងខាងលើបានសង់សំណង់រំលោភបំពានដីផ្លូវសាធារណៈផ្លូវ២,៨០ម៉ែត្រ គិតត្រឹមសំយាបស័ង្កសីសរុប៤ម៉ែត្រ បណ្តោយ២០ម៉ែត្រ យកអស់ផ្លូវមួយចំហៀង ដែលដីផ្លូវប្រវែងទំហំ១០ម៉ែត្រ ត្រូវបានលោក វ៉ាជឹម ណារ៉េត ចៅសង្កាត់អូរជ្រៅ លោក គ្រុយ គឹមលន ចៅសង្កាត់រងទី១ លោក តាំង លីហេង ក្រុមប្រឹក្សាសង្កាត់ រួមជាមួយសមត្ថកិច្ចបានចុះធ្វើការណែនាំឱ្យរុះរើចេញឱ្យបានឆាប់រហ័ស កុំឱ្យប៉ះពាល់ផ្លូវសាធារណរបស់រដ្ឋ ដែលទុកឱ្យប្រជាពលរដ្ឋប្រើប្រាស់។
លោក វ៉ា ជឹម ណារ៉េត ចៅសង្កាត់អូរជ្រៅ បានប្រាប់ថា សំណង់របស់លោក តាំង ហ័រឃីមខាងលើនេះ ត្រូវបានចុះធ្វើការណែនាំតាំងពីចាប់ផ្តើមសាងសង់ដំបូង បើគិតត្រឹមពេលនេះ ណែនាំចំនួន៤ដងហើយ ទើបម្ចាស់សំណង់ ព្រមទទួលតាមការសម្របសម្រួលរបស់អាជ្ញាធរសង្កាត់ព្រមរុះរើចេញ ដោយសុំរយៈពេល៧ថ្ងៃ។
លោក លោក វ៉ា ជឹម ណារ៉េត បានបញ្ជាក់ថា ក្នុងនាមអាជ្ញាធរសង្កាត់ ដឹកនាំក្រុមការងារចុះមកធ្វើការសម្របសម្រួលឱ្យម្ចាស់សំណង់ រុះរើចេញផ្នែកដែលបានរំលោភយកដីផ្លូវ បើមិនស្លាប់នោះទេ អាជ្ញាធរនឹងធ្វើរបាយការណ៍ទៅក្រុង និងបញ្ជូនបន្តទៅខេត្តចាត់វិធានការរុះរើចេញ។ ជាមួយគ្នានោះដែរ អាជ្ញាធរសង្កាត់អូរជ្រៅបានចុះណែនាំដល់ម្ចាស់សំណង់មួយកន្លែងឲ្យធ្វើការហ៊ុមស្បៃបិទបាំងជុំវិញសំណង់របស់ខ្លួន ដែលកំពុងសាងសង់កម្ពស់៣ទៅ៤ជាន់ ចៀសវាងបង្កគ្រោះថ្នាក់ដល់អ្នកជិតខាង និងធ្វើឱ្យប៉ះពាល់ដំបូលផ្ទះអ្នកជិតខាង។ លោកបញ្ជាក់ថា បើមិនទាន់ធ្វើការហ៊ុមព័ទ្ធទេ មិនអនុញ្ញាតឱ្យសាងសង់បន្តទៀតទេ៕
ពលរដ្ឋបញ្ជាក់ថាៈការសាងសង់រំលោភផ្លូវសាធារណៈនៅក្នុងតំបន់ក្រុងប៉ោយប៉ែតមិនមែនតែផ្ទះអាជីវកម្មខាងលើតែមួយនោះទេគឺនៅមានច្រើនទៀត ជាពិសេសផ្ទះដែលមានដីជាប់ផ្លូវកែងតែម្ដងសង់បិទបាំងបង្កហានិភ័យដល់អ្នកធ្វើដំណើរ។ ពួកគាត់ក៏សូមឱ្យអាជ្ញាធរក្រុងនិងមន្ត្រីជំនាញពាក់ព័ន្ធជួយពិនិត្យមើលផង៕
ដោយ ៖ វណ្ណា