ព័ត៌មានទាន់ហេតុការណ៍៖

ករណីគ្រោះថ្នាក់ចរាចរណ៍នៅលើស្ពានជ្រោយចង្វារ បណ្ដាលឱ្យស្លាប់ទារកម្នាក់ និងរបួសធ្ងន់ពីរនាក់ , ជនបង្កកំបាំងកាយបានរហូតមែន ?

ចែករំលែក៖

ភ្នំពេញ ៖ កាន់តែស្ងាត់ទៅៗ គិតត្រឹមថ្ងៃកេីតហេតុទី០៥ ខែធ្នូ ឆ្នាំ២០២២ ម៉ោងកេីតហេតុ ម៉ោង០២:១២នាទីយប់ រហូតមកដល់ថ្ងៃនេះទី១៣ ខែឧសភា ឆ្នាំ២០២៣ នៅមិនទាន់ចាប់ឃាត់ខ្លួន ជនបង្កបាននៅឡេីយទេ .. ហុឹសបេីប៉ះចំបងប្អូនអ្នកតេីអ្នកមានអារម្មណ៍យ៉ាងណា! នេះជាការលើកឡើង របស់ប្រជាពលរដ្ឋ នៅលើបណ្ដាញទំនាក់ទំនងសង្គម នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣។ 

កន្លងទៅអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្រោយពីបានស៊ើបអង្កេតចប់សព្វគ្រប់ ព្រមទាំងបានពិនិត្យលើភស្ដុតាងនានាក្នុងសំណុំរឿង តំណាង អយ្យការបានបើកការស៊ើបសួរលើអង្គហេតុគ្រោះថ្នាក់ចរាចរណ៍លើឈ្មោះ សោម ណូរីទីឃា ពីបទ៖ បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្នបណ្តាលឲ្យស្លាប់ និងមានរបួសដល់អ្នកដទៃ ប្រព្រឹត្ត​នៅចំណុច លើស្ពានជ្រោយចង្វារចាស់ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ តាមបញ្ញត្តិមាត្រា ៨៣ និងមាត្រា ៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ។

ក្នុងសេចក្ដីប្រកាសព័ត៌មានបញ្ជាក់បន្ថែមថា ក្រោយពីទទួលបាន សំណុំរឿងខាងលើពីមន្ត្រីនគរបាលយុត្តិធម៌ នៃការិយាល័យ​នគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ និងពាក្យបណ្ដឹងផ្ទាល់របស់ភាគី​ជនរងគ្រោះ តំណាងអយ្យការបានធ្វើការស៊ើប អង្កេតដោយបានស្តាប់ចម្លើយភាគីពាក់ព័ន្ធ និងបានចេញដីកាបញ្ញាឲ្យចូលខ្លួនលើជនបង្កគ្រោះថ្នាក់ចរាចរណ៍ ឈ្មោះ សោម ណូរីទីឃា ប៉ុន្តែជននេះនៅតែមិនត្រូវបាននាំមកនៅចំពោះមុខអយ្យការដើម្បីស្តាប់ចម្លើយ អំពីអង្គហេតុខាងលើ ។

មាត្រា ៨៣ ចែងថា ជនណាបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលបទប្បញ្ញត្តិស្តី ពីចរាចរណ៍ផ្លូវគោកបណ្តាលឲ្យរបួសដល់អ្នកដ៏ទៃ ស្ថិតក្នុងស្ថានភាពស្រវឹងដោយអត្រាជាតិអាល់កុលចាប់ពី ០,៤០ (សូន្យក្បៀស សែសិប) មិល្លីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០,៨០ (សូន្យក្បៀសប៉ែតសិប) ក្រាមក្នុងមួយលីត្រឈាមឡើងទៅបណ្តាលឲ្យមានរបួសច្រើននាក់ អំពើល្មើសខាងលើនេះ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី១(មួយ)ឆ្នាំ ទៅ៣(បី)ឆ្នាំ និងពិន័យជាប្រាក់ពី ៤.០០០.០០០ (បួនលាន)រៀល ទៅ ១៥.០០០.០០០ (ដប់ប្រាំលាន) រៀល ។

មាត្រា ៨៥ ចែងថា ជនណាបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន មិនគោរពកាតព្វកិច្ចដែលបទប្បញ្ញត្តិស្តីពី ចរាចរណ៍ផ្លូវគោកតម្រូវបណ្តាលឲ្យស្លាប់អ្នកដ៏ទៃ ស្ថិតក្នុងស្ថានភាពស្រវឹងដោយអត្រាជាតិអាកុលចាប់ពី ០,៤០ (សូន្យក្បៀសសសិប) មិលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០,៨០ (សូន្យក្បៀសប៉ែតសិប) ក្រាមក្នុងមួយលីត្រឈាមឡើងទៅអំពើល្មើសខាងលើនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២(ពីរ)ឆ្នាំ ទៅ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ១០.០០០.០០០ ​(ដប់ន) រៀល ទៅ ២៥.០០០.០០០ (ម្ភៃប្រាំលាន) រៀល។

គួររំលឹកថា កាលពីវេលាម៉ោង០២និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចលើស្ពានជ្រោយ ចង្វារចាស់ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តម៉ាក LEXUS_NX200T ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BB-9989 ដែលបើកបរដោយឈ្មោះ សោម ណូរីទីឃា ភេទប្រុស អាយុ១៩ឆ្នាំ សញ្ញាតិខ្មែរ បើកបរក្នុងស្ថានភាពស្រវឹង និងមិនប្រុងប្រយ័ត្នបណ្តាលឲ្យបុកនឹងម៉ូតូមួយគ្រឿងដែលធ្វើដំណើរស្របទិសគ្នាម៉ាក HONDA SCOOPY ពណ៌ស ពាក់ផ្លាកលេខកណ្តាល 1B-9979 ដែលបើកបរដោយឈ្មោះ ប៉ែន ចំរើន ភេទប្រុស អាយុ៤០ឆ្នាំ រួមដំណើរដោយឈ្មោះ កែវ លក្ខិណា ភេទស្រី អាយុ៣១ឆ្នាំ និងឈ្មោះ សុខ ឡេង ភេទប្រុស អាយុ៦០ថ្ងៃ ។ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាង លើបានបណ្តាលឲ្យអ្នកបើកបរម៉ូតូ HONDA SCOOPY ព្រមទាំងអ្នករួមដំណើរទាំង២នាក់ រងរបួសជាទម្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ រហូតមកដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ អ្នករងរបួស ឈ្មោះ សុខ ឡេង បានទទួលមរណៈភាព។

សូមរំលឹកថា, កើតហេតុ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ , កុមាររងបានទទួលមរណភាព នៅថ្ងៃ១១ ខែធ្នូ ឆ្នាំ២០២២, ហើយឪពុកម្តាយ មានរបួសធ្ងន់ , រហូតដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ ទៅហើយ មិនទាន់ឃើញឃាត់ខ្លួនជនបង្កបាននោះឡើយ។ 

មជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋបានលើកឡើងថា, ជនបង្ក ពិតជាបំបាំងកាយបានយូរមែន។ ប៉ុន្តែអ្នក កំពុងរស់នៅលើគំនរទុក្ខសោក របស់ក្រុមគ្រួសារជនរងគ្រោះ ខ្មែរយើងមានជំនឿសាសនា ទទួលស្គាល់ បុណ្យនិងបាប ដូច្នេះទោះជាជនបង្កប្រឹងគេខ្លួនយ៉ាងណាក៏ដោយ បាបកម្មនឹងរត់ទៅរកអ្នក។ 

សូមសមត្ថកិច្ច ស្ថាប័នពាក់ព័ន្ធ ជួយយកចិត្តទុកដាក់ ក្នុងរឿងមួយនេះផង ដើម្បីឲ្យក្រុមគ្រួសារជនរងគ្រោះ ទទួលបានភាពយុត្តិធម៌ ៕

ដោយ ៖ សហការី


ចែករំលែក៖