ខេត្តពោធិ៍សាត់៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជាអធិបតីក្នុងពិធីបុណ្យឆ្លងព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តហ្លួង ស្ថិតក្នុងសង្កាត់លលកស ក្រុង- ខេត្តពោធិ៍សាត់ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានសម្តែងនូវមោទកភាព និងអនុមោទនាចំពោះការអភិវឌ្ឍរីកចម្រើនរបស់វត្តហ្លួង ដែលជាទីអារាមដ៏ចំណាស់ក្នុងដានប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ដែលមានអាយុកាលប្រមាណជាង៥០០ ឆ្នាំ ហើយឆ្លងកាត់សម័យកាលជាច្រើនជំនាន់ រាប់ចាប់ពីដំណាក់កាលនៃជម្លោះ និងសង្គ្រាមបែកបាក់ រហូតដល់សម័យតេជោ ជាសម័យកាលនៃភាពសុខសាន្ត និងការអភិវឌ្ឍរីកចម្រើន។ សព្វថ្ងៃ សមិទ្ធផលជាច្រើន រួមមាន ព្រះវិហារ, សាលាឆាន់, សារមន្ទីរ, ព្រះវិហារព្រះគោ-ព្រះកែវ, សាលាបាលី, ក្លោងទ្វារ និងរបងវត្ត ជាដើម បានកកើតដុះដាលនៅក្នុងទីអារាមជាទីគោរពសក្ការៈមួយនេះ ក្រោមបរិយាកាសនៃសន្តិភាព ស្ថិរភាព សេរីភាព និងជីវភាពសម្បូរសប្បាយរបស់ប្រជាពុទ្ធបរិស័ទ។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បញ្ជាក់ថា សម្តេចតេជោ គឺជាមេដឹកនាំប្រកបដោយធម៌ ដែលតែងប្រកាន់យកគោលការណ៍សច្ចធម៌ និយាយពិត ធ្វើពិត និងបម្រើពិត រួមជាមួយនឹងឆន្ទៈបង្រួបង្រួមជាតិ លើកតម្កើងសាមគ្គី ភាពជាតិ និងស្រឡាញ់អាណិតប្រជាពលរដ្ឋដោយមិនមានការរើសអើងបែងចែក។ លើសពីនេះ រាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចតេជោ តែងបានផ្តោតទៅលើការខិតខំអនុវត្តគោលនយោបាយបម្រើប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ ដោយព្យាយាមខិតខំកែលម្អចំណុចខ្វះខាតនានា សំដៅធ្វើយ៉ាងណាបន្តពង្រឹងបន្ថែមទៀតនូវលទ្ធភាពក្នុងដោះស្រាយបញ្ហាជូនប្រជា ពលរដ្ឋ ទាំងសមត្ថភាពក្នុងការឆ្លើយតបក្នុងស្ថានភាពគ្រោះវិបត្តិ និងការបន្តកសាងអភិវឌ្ឍជាតិនៅមុខបន្ថែមទៀត។
លោកបណ្ឌិត ហ៊ុន ម៉ាណែត សូមឲ្យប្រជាពលរដ្ឋចូល រួមទាំងអស់គ្នាក្នុងការថែរក្សា និងបន្តកសាងសមិទ្ធផលវិជ្ជមានបន្ថែមទៀត ក្រោមបរិយកាសសុខសន្តិភាព និងស្ថិរភាពដែលកំពុងមានសព្វថ្ងៃនេះ ដោយត្រូវដើរចៀសឱ្យផុតពីដានប្រវត្តិសាស្ត្រនៃសង្គ្រាមបែកបាក់រវាងខ្មែរ និងខ្មែរ ហើយរួមគ្នាជាកម្លាំងមហាសាគ្គីក្នុងការកសាងអភិវឌ្ឍជាតិ និងការលើកកម្ពស់កិត្យានុភាពជាតិឱ្យកាន់ តែខ្ពង់ខ្ពស់ និងល្បីខ្ទរខ្ទារទូទាំងសាកលលោក។ ទន្ទឹមនេះ ក៏សូមវេញបញ្ចូលគ្នារវាងទ្រឹស្តីសាសនា និងការ ប្រតិបត្តិឥរិយាបទជាក់ស្តែង ដើម្បីលើកកម្ពស់សច្ចភាព, សុច្ចរិតភាព, កុសលធម៌ ក៏ដូចជាគោលការណ៍សីល ធម៌-គុណធម៌ និងការគោរពស្រឡាញ់ឱ្យតម្លៃគ្នាទៅវិញ ទៅមក ដែលការណ៍នេះ គឺជាភាពចាំបាច់ និងមិនអាចខ្វះបានក្នុងនៅក្នុងសង្គមរស់នៅមួយប្រកបដោយភាពសុខដុមរមនាសម្រាប់ទាំងអស់គ្នា៕
ដោយ៖ សូរិយា