ភ្នំពេញ ៖ ជនសង្ស័យ០៣នាក់ដែលបានលួចអាគុយពីរថយន្តរបស់ប្រជាពលរដ្ឋនៅពេលយប់ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ធ្វេីការឃាត់ខ្លួនកាលពីវេលាម៉ោង ៩និង ៥០នាទីព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០២៣ នៅតាមផ្លូវលំ ក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យ០៣នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនរួមមាន ៖ ទី១ ឈ្មោះឈុយ អឿន អាយុ២៩ឆ្នាំមុខរបរនិងស្នាក់នៅមិនពិតប្រាកដ ។ ទី២ ឈ្មោះ ចាប់ សារ៉េត អាយុ៣២ ឆ្នាំមុខរបរនិងទីលំនៅមិនពិតប្រាកដ ។ និងទី៣ ឈ្មោះ ស្អាត លផ្លា អាយុ ៣៩ ឆ្នាំមុខរបរនិងទីលំនៅមិនពិតប្រាកដ។ (ជនសង្ស័យទាំងបីនាក់មានសារធាតុញៀននៅនឹងខ្លួន)។
ចំណែកជនរងគ្រោះមានឈ្មោះ លី វ៉ាន់នី ភេទស្រី អាយុ ៤៣ឆ្នាំមុខរបរលក់ដូរ ស្នាក់នៅផ្ទះជួលក្រុម៣ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី ៣ ខណ្ឌមានជ័យ ។
លោកវរសេនីយ៍ត្រី ឯម ភារី នាយប៉ុស្ដិ៍រដ្ឋបាលស្ទឹងមានជ័យទី៣ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានបើករថយន្តមួយគ្រឿង យកមកចតនៅមុខបន្ទប់ជួលកន្លែងកើតហេតុខាងលើ និងបានចូលទៅដេកនៅក្នុងបន្ទប់ដូចសព្វដង ។ រហូតដល់ម៉ោង ១០និង ១៥នាទីយប់ទើបជនរងគ្រោះបានដឹងថាមានជនសង្ស័យបានមកលួចអាគុយពីរថយន្តរបស់គាត់ ពេលនោះគាត់ក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិនគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ដើម្បីឲ្យកម្លាំងសមត្ថកិច្ចជួយស្រាវជ្រាវរកចាប់ជនសង្ស័យ។
លុះដល់ព្រឹកថ្ងៃទី ១៣ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ៩ និង ៥០នាទីព្រឹកកម្លាំងសមត្ថកិច្ចក៏បានឃើញជនសង្ស័យទាំង៣នាក់ដេីរតាមផ្លូវលំភូមិទ្រា៤សង្កាត់ស្ទឹងមានជ័យទី ៣សមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យទាំងបីនាក់យកមកធ្វើការសាកសួងនាំនៅប៉ុស្តិ៍គរបាលស្ទឹងមានជ័យទី៣។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង៣នាក់បានឆ្លើយសារភាពថាពួកគេពិតជាបានលួចដោះអាគុយពីរថយន្តរបស់ប្រជាពលរដ្ឋពិតប្រាកដមែន។
បច្ចុប្បន្ននេះ ជនសង្ស័យទាំង៣នាក់ខាងលេី ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣កសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌមានជ័យដើម្បីចាត់ការបន្ត ៕
ដោយ ៖ ភារ៉ា ដង្កោ