ភ្នំពេញ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានទូលថ្វាយនូវសារលិខិតថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧០ យាងចូល ៧១ព្រះវស្សា របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង។
សារលិខិតថ្វាយព្រះពរនោះ មានខ្លឹមសារថា ៖ «នៅក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧០ យាងចូល ៧១ ព្រះវស្សារបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ខ្ញុំម្ចាស់ និងសហការីទាំងអស់ នៃកាកបាទក្រហមកម្ពុជា មានសេចក្តីសោមនស្សរីករាយឥតឧបមា សូមព្រះបរមរាជានុញ្ញាតលំឱនកាយថ្វាយនូវព្រះរាជសព្ទសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនា ថ្វាយ ព្រះករុណាថ្លៃវិសេស ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមស្តេចទ្រង់ប្រកបដោយព្រះរាជសុខភាពល្អពេញបរិបូរណ៍ ព្រះពលានុភាពមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា និងចម្រើនព្រះជន្មាទីឃាយុយឺនយូរ ជាងរយព្រះវស្សា ដើម្បីស្តេចគង់ប្រថាប់ជាមហាម្លប់ដ៏ត្រជាក់ត្រជំសម្រាប់ប្រជានុរាស្រ្តជ្រកកោន ជាភិយ្យោភាពតរៀងទៅ។
ក្នុងអភិមង្គលដ៏វិសេសវិសាលនេះ ខ្ញុំម្ចាស់ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាតអភិវន្ទ ថ្វាយនូវព្រះរាជ កតញ្ញុ កតវេទិតាធម៌ និងព្រះវិសុទ្ធគុណដ៏ធំធេងក្រៃលែង ចំពោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលស្តេចទ្រង់តែងតែយាងបំពេញព្រះរាជសកម្មភាពជាប្រវត្តិសាស្ត្រ ក្នុងពុទ្ធចក្រ និងអាណាចក្រ ដង្ហែតាមព្រះរាជគន្លងគំរូវីរភាពនៃ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ។ លើសពីនេះទៅទៀត ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ស្តេចទ្រង់តែងតែយាងបំពេញព្រះរាជបូជនីយកិច្ច ពង្រឹងសុខសន្តិភាព ការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងពង្រីកចំណងមិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការអន្តរជាតិទូលំទូលាយ ធ្វើឱ្យកិត្យានុភាពមាតុភូមិកម្ពុជាកាន់តែល្បីរន្ទឺ នៅលើឆាកអន្តរជាតិ។
ក្នុងវរោកាសដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ ខ្ញុំម្ចាស់ និងសហការី សូមលើកហត្ថប្រណម្យឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ តេជះបារមីនៃវត្ថុស័ក្តិសិទ្ធិនានាក្នុងលោក ព្រមទាំងដួងព្រះវិញ្ញាណក្ខន្ធអតីត ព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេស ទេវតាឆ្នាំថ្មី ឆ្នាំថោះ ព្រះនាម កិមិរាទេវី សូមជួយអភិបាលគ្រងរក្សា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសូមព្រះអង្គព្រះរាជប្រកបដោយព្រះពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។»
ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងនៃសារលិខិតថ្វាយព្រះពររបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទូលថ្វាយ ព្រះករុណា ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ៖