ទីក្រុងបាងកក ៖ នេះបើយោងតាមសារព័ត៌មាន Bankok Post គិតត្រឹមម៉ោង៩ និង ១១នាទីយប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ នេះ ! ការរាប់សន្លឹកឆ្នោតបឋមនៅប្រទេសថៃ គណបក្សឆ្ពោះទៅមុខ (MFP) បាននាំមុខគេទាំងក្នុងមណ្ឌលបោះឆ្នោត និងការប្រកួតប្រជែកក្នុងបញ្ជីគណបក្ស បន្ទាប់មកគឺគណបក្សភឿថៃ និងគណបក្ស Bhumjaithai។
សូមបញ្ជាក់ថា, សន្លឹកឆ្នោតនៅតែបន្តរាប់នៅឡើយ ហើយលទ្ធផលក្រៅផ្លូវការត្រូវបានគេរំពឹងថានឹងមាននៅប្រហែលម៉ោង ១១យប់ នេះបើយោងតាមគណៈកម្មការរៀបចំការបោះឆ្នោតថៃ។
សូមជម្រាបជូនថា : ការបោះឆ្នោតសកលថ្នាក់ជាតិរបស់ប្រទេសថៃបានចាប់ផ្តើមដំណើរការហើយនៅថ្ងៃអាទិត្យ ទី១៤ ខែឧសភានេះ ដែលនេះគឺជាជំហានដ៏សំខាន់មួយទៀតរបស់ថៃក្នុងការជ្រើសតាំងសមាជិកសភាទាំង ៥០០អាសនៈដែលនឹងឈានឆ្ពោះទៅរកការបង្កើតរដ្ឋាភិបាលអាណត្តិថ្មីនេះ។
គួរបញ្ជាក់ថា បើតាមការបញ្ជាក់់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថៃបានឱ្យដឹងថា ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតសរុបមានចំនួនជាង ៥២លាននាក់ ខណៈការបោះឆ្នោតនឹងបញ្ចប់់នៅវេលាម៉ោង ៥ល្ងាចនេះ។
ក្នុងចំណោមពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតចំនួន ៥២លាននាក់នេះ មានពលរដ្ឋប្រមាណ ២លាននាក់បានចុះឈ្មោះបោះឆ្នោតមុនកាលកំណត់កាលពីថ្ងៃទី០៧ ខែឧសភារួចរាល់ហើយ។
គួរបញ្ជាក់ទៀតថា សមាជិកសភារបស់ថៃទាំង ៥០០នាក់ មាន ៤០០រយនាក់នឹងត្រូវបានជ្រើសរើសចេញពីសំឡេងឆ្នោតនៅតាមមណ្ឌលបោះឆ្នោតនីមួយៗ ខណៈ១០០នាក់ទៀតនឹងត្រូវបានជ្រើសរើសពីបញ្ជីគណបក្សជាតិ គឺជាការដែលបេក្ខជនតំណាងរាស្រ្តត្រូវបានជ្រើសរើសចេញពីបញ្ជីដែលរៀបចំដោយគណបក្សរៀងៗខ្លួន ដោយផ្អែកលើសម្លេងសរុបដែលគណបក្សទទួលបាន។
ក្នុងការបោះឆ្នោតនៅតាមមណ្ឌលនេះ មានអាសនៈសភាចំនួន ៤០០ ត្រូវបានបម្រុងទុកសម្រាប់ការបែងចែក ខណៈបេក្ខជនតំណាងរាស្រ្តរហូតដល់ ៤,៧១០នាក់នឹងប្រកួតប្រជែងអាសនៈតាមមណ្ឌលនេះ ស្របពេលដែលក្នុងបញ្ជីគណបក្សជាតិ មានបេក្ខជនតំណាងរាស្ត្រជិត ១.៩០០នាក់ មកពី ៦៧គណបក្សផ្សេងគ្នា។
សម្រាប់ប្រជាពលរដ្ឋជាអ្នកបោះឆ្នោតម្នាក់ៗនឹងទទួលបានសន្លឹកឆ្នោតចំនួន ២សន្លឹក គឺមួយសម្រាប់មណ្ឌលបោះឆ្នោត និងមួយទៀតសម្រាប់បញ្ជីគណបក្ស។
គួរបញ្ជាក់ថា នៅក្នុងរាជធានីបាងកក ដែលមានប្រជាជនសរុបជាង ១១លាននាក់ បានចាប់ផ្តើមដំណើរការបោះឆ្នោតនៅម៉ោង ៨ព្រឹក ខណៈប្រជាពលរដ្ឋបាននាំគ្នាសម្រុកទៅបោះឆ្នោតយ៉ាងគគ្រឹកគគ្រេងនៅតាមបណ្ដាមណ្ឌលបោះឆ្នោតនីមួយៗ៕
ដោយ ៖ សិលា