ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ម្នាក់​របួសស្រាលម្នាក់​ បន្ទាប់ពីជិះម៉ូតូឌុបគ្នាយ៉ាងលឿន​ជ្រុល​ទៅ​បុក​រថយន្ត​បត់​ឆ្លង​ផ្លូវ​

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរស​ពីរនាក់​បានជិះ​ម៉ូតូ​ឌុបគ្នាយ៉ាងលឿន​ ​ដោយមិន​ប្រយ័ត្ន​ក៏ជ្រុលទៅបុក​រថយន្ត​មួយគ្រឿងដែល​កំពុង​បត់​ឆ្វេង​ឆ្លង​ផ្លូវ​បណ្តាល​ឱ្យបុរសអ្នកជិះម៉ូតូម្នាក់​ស្លាប់​ភ្លាមៗ​និង​ម្នាក់​ទៀត​រងរបួស​ស្រាល​ កាល​ពី​វេលាម៉ោង​៤ទៀបភ្លឺ​ឈានចូលថ្ងៃ​ទី​១៥​ ខែឧសភា​ ​ឆ្នាំ​២០២៣​ ត្រង់ចំណុច​ក្បែរស្ពាន​ទី​៦​ តាមបណ្ដោយ​ផ្លូវ​ជាតិ​លេខ​៦​ ក្នុង​សង្កាត់​ព្រែក​លាភ​ ខណ្ឌ​ជ្រោយ​ចង្វា រាជធានីភ្នំពេញ​ ។ 

​     ជន​រងគ្រោះ​ដែល​ស្លាប់​មាន​ឈ្មោះ​ ខន​ ដាវីត​ ភេទ​ប្រុស​ អាយុ​ ១៩​ឆ្នាំ​  មុខរបរ​ជាង​ជួសជុល​រថយន្ត​​។ ចំណែក​ឯ​ជនរងគ្រោះ​ដែល​រងរបួស​មានឈ្មោះ​ វិត​ ចិត្រា​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ មុខរបរ​ កម្មករ​រោងចក្រ  ពួកគេ​ទាំង​ពីរ​នាក់​មាន​ស្រុកកំណើត​នៅភូមិ​ជេីង​ព្រៃ​ ស្រុក​ស្រី​សន្ធរ​ ខេត្ត​កំពង់​ចាម​។ 

​    បេីតាមប្រភព​ព័ត៌មាន​ពី​កន្លែង​កេីតហេតុ​បានឱ្យ​ដឹង​ថា នៅមុន​ពេល​កេីតហេតុ​គេឃេីញ​រថយន្ត​មួយគ្រឿង​ម៉ាក​ FORD RANGER ពណ៌ស​ ពាក់ផ្លាកលេខ​ ភ្នំពេញ​2BO-3069​ បេីកបរដោយបុរសម្នាក់​ធ្វើ​ដំណើរតាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៦​ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​ ខណៈមកដល់ចំណុច​កេីតហេតុ​ ក៏បាន​បត់ឆ្វេង​ឆ្លង​ទៅ​ផ្លូវ​បេតុង​​ជិត​ផុត​ទៅ​ហើយ​ ក៏ស្រាប់​តែមាន​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដាឌ្រីម​ ស៊េរី​ឆ្នាំ​២០១៨​ ពណ៌ខ្មៅ​ ពាក់ផ្លាកលេខ​ ភ្នំពេញ​1GX-5919​ជិះ​ដោយ​បុរសពីរនាក់ឌុបគ្នាតាមបណ្តោយ​ផ្លូវ​ជាតិ​លេខ​៦​ ទិសដៅ​បញ្រ្ចាស​គ្នា​ជាមួយ​រថយន្ត​ ​ក្នុង​ល្បឿន​យ៉ាង​លឿន​ រួច​ក៏​បាន​ជ្រុល​ទៅ​បុក​រថយន្ត​ចំផ្នែកខាងក្រោយ​ចំហៀង​ខាង​ស្ដាំ​ពេញទំហឹង​ បណ្តាល​ឱ្យ​អ្នក​បេីកបរ​ម៉ូតូ​បែក​ក្បាល​ស្លាប់ភ្លាម​ៗ​ និងអ្នក​រួម​ដំណើរ​រងរបួស​ស្រាល​ ។ ចំណែក​ឯ​ម៉ូតូ​បាន​រងការ​ខូចខាត​ផ្នែក​ខាងមុខ​យ៉ាង​ដំណំ​ រីឯរថយន្ត​បានក្រពឹត​ផ្នែក​ខាង​ក្រោយ​ចំហៀង​ខាង​ស្ដាំ​ ។  

​   តាម​សម្តី​ពី​បុរស​ដែល​រួម​ដំណើរជាមួយ​ជនរងគ្រោះ​ដែលស្លាប់បាន​ឱ្យដឹង​ថា​ ពួកគេ​ទាំងពីរ​នាក់​ជា​មិត្តភក្តិ​នឹង​គ្នា ហេីយ​នៅ​មុន​ពេល​កេីតហេតុ​ ពួកគេបាន​ជិះ​ម៉ូតូ​ចេញ​មក​ពី​លេង​ស្រុក​កំណើត​នៅខេត្ត​កំពង់ចាម​ ដោយបាន​ជិះ​ប្រញាប់​ទៅ​ធ្វើការ​នៅ​ឯ​ម្ដុំលូប្រាំ រាជធានីភ្នំពេញវិញ លុះ​ជិះ​មកដល់​ចំណុច​កេីតហេតុ​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​ខាងលេីនេះតែម្ដង​ ។  

​     ក្រោយពេលកេីតហេតុ​ សមត្ថកិច្ច​មូលដ្ឋាន​និងសមត្ថកិច្ចជំនាញ​បាន​សហការគ្នាចុះធ្វេីការ​វាស់វែង​យក​រថយន្ត​និង​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​ការិយាល័យចរាចរណ៍ផ្លូវគោក​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ដេីម្បីរង់ចាំ​ធ្វើការ​ដោះស្រាយ​។  ចំណែក​សពជន​រងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ធ្វេីកំណត់ហេតុ​ប្រគល់​ឱ្យទៅ​ក្រុម​គ្រួសារ​ដឹក​យកទៅ​ធ្វើ​បុណ្យ​ទៅ​តាម​ប្រពៃណី​ ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖