ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលក្រសួងមហាផ្ទៃចាប់បញ្ជូនជនជាតិវៀតណាមប្រុសស្រី៦នាក់ទៅតុលាការពាក់ពន្ធករណីបង្ខាំង ធ្វើទារុណកម្ម និងជំរិតទារប្រាក់

ចែករំលែក៖

ភ្នំពេញ ៖ នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ បានចាប់ខ្លួនជនជាតិវៀតណាមប្រុសស្រីចំនួន៦នាក់បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីបង្ខាំង ធ្វើទារុណកម្ម និងជំរិតទារប្រាក់ពីជនរងគ្រោះជាជនជាតិវៀតណាមដូចគ្នា។ 

ជនសង្ស័យទាំង៦នាក់មាន ៖

១.ឈ្មោះ LE MING HAU ភេទប្រុស អាយុ២៦ឆ្នាំ

២.ឈ្មោះ TRAN VAN CONG ភេទប្រុស អាយុ៤១ឆ្នាំ

៣.ឈ្មោះ NGUYEN VAN SANG ភេទប្រុស អាយុ៤៣ឆ្នាំ

៤.ឈ្មោះ DO LUONG TRUNG ភេទប្រុស អាយុ២៥ឆ្នាំ 

៥.ឈ្មោះ NGUYEN VAN DUNG ភេទប្រុស អាយុ៤០ឆ្នាំ

៦.ឈ្មោះ THANH THUY ភេទស្រី អាយុ៤១ឆ្នាំ ។ 

សមត្តកិច្ចបង្ហើបឱ្យដឹងថា ការចាប់ខ្លួនជនសង្ស័យជាក្រុមចាប់ជំរិតខាងលើគឺធ្វើឡើងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ TRUONG VANCAN ភេទប្រុស ជាជនជាតិវៀតណាមដូចគ្នា បានប្តឹងចោទប្រកាន់ជនសង្ស័យទាំង៦នាក់ខាងលើពីបទបង្ខាំង ធ្វើទារុណកម្ម និងជំរិតទារប្រាក់ កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ ប្រព្រឹត្តនៅរាជធានីភ្នំពេញ ។ 

ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះហើយលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជាទៅលោកវរសេនីយ៍ឯក ឡេង ហួរ ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំកម្លាំងបើកការស៊ើបអង្កេត និងស្រាវជ្រាវរយៈពេល២ថ្ងៃក្រោយមក ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង៦នាក់ខាងលើនោះ ។ បន្ទាប់ពីចាប់ខ្លួន យោងតាមពាក្យបណ្តឹង និងចម្លើយជនសង្ស័យទាំងអស់ស៊ីចង្វាក់ពាក់ព័ន្ធទៅនឹងបទល្មើស សមត្តកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី។ 

មកដល់រសៀលថ្ងៃទី១៥ ខែឧសភានេះ ដំណើរការសាកសួរបានឆ្លងកាត់ពីស្ថាប័នអយ្យការហើយ ហើយសំណុំរឿងបានបន្តដល់ដៃខាងចៅក្រមស៊ើបសួរ តែមិនទាន់សម្រេចយ៉ាងនៅឡើយទេ ។ សមត្ថកិច្ចបន្តថា បើទោះបីជាយ៉ាងណាក្តីសំណុំរឿងព្រហ្មទណ្ឌឧក្រិដ្ឋមួយនេះ ជនត្រូវចោទមិនអាចគេចផុតពីការឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ននោះឡើយ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖