ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្ត​ព្រះសីហនុ​ ផ្តាំផ្ញើជូនប្រជាពលរដ្ឋត្រៀមឯកសារឱ្យបានគ្រប់គ្នា ដើម្បីចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្កនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដាខាងមុខនេះ!

ចែករំលែក៖

ខេត្ត​ព្រះសីហនុ ​៖​ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃភាពប័ណ្ណសំគាល់សិទ្ធិកាន់កាប់ដីធ្លី ឬបណ្ណសំគាល់សិទ្ធកាន់កាប់អចលនវត្ថុជូនប្រជាពលរដ្ឋភូមិ១ ភូមិ២ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ​ កាលពីព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣។ 

   លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តព្រះសីហនុ​ បានឱ្យដឹងថា ក្រុមការងារជំនាញធ្វើការវាស់វែងចុះបញ្ជីដីធ្លី ដើម្បីផ្ដល់ប័ណ្ណកម្មសិទ្ធិជូនបងប្អូនប្រជាពលរដ្ឋ ជាលទ្ធផល ការចុះបញ្ជីដីធ្លីនៅក្នុងភូមិ១ ភូមិ២ ឃុំកំពេញ លើក្បាលដីដែលគណៈកម្មការរដ្ឋបាលបានលើកសំណើផ្ដល់កម្មសិទ្ធិលើដីធ្លី ដើម្បីចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (បណ្ណកម្មសិទ្ធិ)សរុបមានចំនួន ៤៦៥ក្បាលដី ក្នុងចំណោមក្បាលដី ៤៨៩ក្បាលដី ក្នុងនោះ៖ ភូមិ១ មានចំនួន ២៤៤ក្បាលដី និងភូមិ២ មានចំនួន ២២១ ក្បាលដី។

    លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានពាំនាំការសាកសួរសុខទុក និងសេចក្តីនឹងរលឹកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពជា ជូនចំពោះប្រជាពលរដ្ឋដែលបានចូលរួមនាពេលនេះ។ យើងបានខិតខំកែសម្រួលចុះបញ្ជីដីធ្លីជូនបងប្អូនប្រជាពលរដ្ឋនៅឃុំកំពេញ ប្រសិនបើយើងមិនមានកាទំនាស់គ្នា ការចេញប័ណ្ណរហ័សលឿន ហើយប័ណ្ណដែលចេញជូនបងប្អូនប្រជាពលរដ្ឋនាពេលនេះមានជាង ៥០០ប័ណ្ណ ភូមិ១ និងភូមិ២ ដើម្បីមានសន្តិសុខប្រកបដោយសុវត្ថិភាព មុនចេញប័ណ្ណគណៈកម្មការដីធ្លី ត្រូវអនុវត្តតាមនីតិវិធី ៥យ៉ាងឈានទៅចេញប័ណ្ណ។ យើងចង់ឃើញប្រជាពលរដ្ឋដោះស្រាយបញ្ហាដីធ្លីក្រៅប្រព័ន្ធតុលាការស្របតាមគោលនយោបាយឈ្នះឈ្នះរបស់រាជរដ្ឋាភិបាល ដីធ្លីដែលចុះបញ្ជីហើយវាមានសុវត្ថិភាពក្នុងការប្រើប្រាស់ កាត់បន្ថយទំនាស់ដីធ្លីនៅក្នុងមូលដ្ឋាន អរគុណបងប្អូនប្រជាពលរដ្ឋដែលបានស្រុះស្រួលគ្នាទទួលយកប័ណ្ណទៅប្រើប្រាស់ ព្រោះប័ណ្ណនេះមានភាពងាយស្រួលក្នុងការប្រើប្រាស់ពង្រីកផលរបរ បង្កើតប្រាក់ចំណូល ការចុះបញ្ជីដីធ្លីពិតជាមានអត្ថប្រយោជន៍សម្រាប់ប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ ស្របតាមគោលនយោបាយដីធ្លី និងការកាន់កាប់ដោយស្របច្បាប់ សូមប្រុងប្រយ័ត្នថែរក្សាប័ណ្ណនេះឱ្យមានសុវត្ថិភាព។

    លោកអភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំឱ្យបងប្អូនប្រជាពលរដ្ឋមកទទួលសេវារដ្ឋបាលនៅតាមរដ្ឋបាលឃុំ សង្កាត់ ក្រុង ស្រុក និងខេត្ត ដើម្បីមានភាពងាយស្រួល និងអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ សូមណែនាំអប់រំកូន ចៅឱ្យមានការប្រុងប្រយ័ត្នអំពីគ្រោះថ្នាក់ចរាចរណ៍ ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅខេត្តព្រះសីហនុ បានឆក់យកអាយុជីវិតមនុស្សគួរឱ្យកត់សម្គាល់ ទោះបីរដ្ឋបាលខេត្តបានធ្វើការផ្សព្វផ្សាយ អប់រំ និងផ្ញើសារជាបន្តបន្ទាប់យ៉ាងណាក៏ដោយ គ្រោះថ្នាក់ចរាចរណ៍នៅតែកើតមានបានឆក់យកអាយុជីវិតប្រជាពលរដ្ឋមានដូចជា ខែមករា ស្លាប់ ៨នាក់ កុម្ភៈ ១៣នាក់ មីនា ៧នាក់ មេសា ៨នាក់ ខែឧសភា ត្រឹមថ្ងៃទី១៨ ស្លាប់ ១០នាក់ ដូច្នេះត្រូវពាក់មួកសុវត្ថិភាព ពាក់ខ្សែក្រវ៉ាត់ឱ្យបានត្រឹមត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានជាប់ជាប្រចាំ បើស្រឹវឹងសូមកុំបើកបរ បើបើកបរសូមកុំពិសារគ្រឿងស្រវឹង។

ក្នុងឱកាសនោះ​ លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើជូនប្រជាពលរដ្ឋដែលបានចូលរួមត្រូវត្រៀមឯកសារឱ្យបានគ្រប់គ្នា ដើម្បីចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្កនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខឱ្យទទួលបានលទ្ធផលល្អ ៕

ដោយ៖ សហការី


ចែករំលែក៖