ភ្នំពេញ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ម្សិលមិញនេះ បានឱ្យដឹងថា ចំនួនគោលដៅសរុប ១៦គោលដៅ មានយានយន្តចូលគោលដៅចំនួន ៦៣គ្រឿង ម៉ូតូ ៥៥គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៤៤គ្រឿង មានម៉ូតូចំនួន ៣៦គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការ ទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ។
ដោយឡែក នៅថ្ងៃដដែលនេះ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានចូលរួមសហការណ៍ជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង និងកម្លាំងកងរាជអាវុធហត្ថ បានចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ត្រួតពិនិត្យធ្វើតេស្តស្វែងរកសារធាតុញៀនផងដែរ។
ជាមួយគ្នានោះ កម្លាំងជំនាញ ក៏បានផ្សព្វផ្សាយណែនាំច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងបានចែកជូនសៀវភៅច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងឯកសារពាក់ព័ន្ធមួយចំនួន នៅត្រង់ចំណុចលើផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិរលួសលិច ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដេីម្បីស្វែងយល់អំពីការកាត់បន្ថយគ្រោះថ្នាក់ណាមួយជាយថាហេតុ៕
ដោយ៖សហការី