ភ្នំពេញ៖ ស្ដ្រីម្នាក់ជាបុគ្គលិកក្រុមហ៊ុនបុរីដាយមិនហូម ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញចាប់បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីស៉ីដាច់លុយរបស់ក្រុមហ៊ុនលក់ផ្ទះល្វែងរាប់ម៉ឺនដុល្លារ ក្រោមរូបភាពដាក់បន្លំ QR code របស់ខ្លួន ពីលើ QR code ទម្រង់ដើមរបស់ក្រុមហ៊ុន។
បន្ទាប់ពីឃាត់ស្ដ្រីឈ្មោះ ឌឿន ពេជ្ររ៉ា អាយុ៣១ឆ្នាំ តាមបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ កែវ សុម៉ាលី ហើយនោះ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ បានបញ្ជូនខ្លួនជនសង្ស័យទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្ដន្ទាទោសតាមច្បាប់។
យោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះបានបញ្ជាក់ថា កាលពីអំឡុងខែតុលា ឆ្នាំ២០២១ ជនសង្ស័យបានចូលបម្រើការជាបុគ្គលិកផ្នែកលក់នៅក្នុងក្រុមហ៊ុន បុរីដាយមិនហូម។ ដោយមានការជឿទុកចិត្ត ជនរងគ្រោះបានប្រគល់ការងារលក់ផ្ទះចំនួន២ទីតាំង មានប្រមាណជាជាង៧០០ផ្ទះ ក្នុងតម្លៃចាប់ពីជាង៣ម៉ឺនដុល្លារទៅដល់ជាង១០ម៉ឺនដុល្លារឱ្យទៅជនសង្ស័យជាអ្នកគ្រប់គ្រង និងលក់ផ្ទាល់ជាមួយអតិថិជន។
ក្រោយពីលក់ផ្ទះអស់ជាច្រើន ជនសង្ស័យឈ្មោះ ឌឿន ពេជ្ររ៉ា បែរជាប្រមូលលុយពីអតិថិជនអស់ដោយមិនបានប្រគល់ប្រាក់ជូនជនរងគ្រោះឡើយ ថែមទាំងអនុញ្ញាតឱ្យម្ចាស់ផ្ទះ ៥គ្រួសារ ចូលនៅក្នុងបុរីដោយពុំមានការដឹងឮពីម្ចាស់បុរីនោះទេ។
ក្រោមរូបភាព នៃការប្រមូលលុយពីអតិថិជនដែលបានបង់លុយចូលមកក្រុមហ៊ុន ដោយស្ត្រីរូបនេះបានធ្វើវិក័្កយបត្រ័ឯកសារក្លែង និងដាក់ QR code របស់ខ្លួនលើទម្រង់ឯកសារដើមរបស់ក្រមហ៊ុន លើឯកសារក្លែងទើបបន្លំលួចលុយក្រុមហ៊ុនអស់រាប់សិបម៉ីនដុល្លារបាន។ ដោយសារតែទង្វើរបស់ជនសង្ស័យនេះ បានធ្វើឱ្យខូចប្រយោជន៍របស់ជនរងគ្រោះធ្ងន់ធ្ងរ ទើបជនរងគ្រោះសម្រេចដាក់ពាក្យប្ដឹងដើម្បីឱ្យសមត្ថកិច្ចជួយរកយុត្តិធម៌៕
ដោយ ៖ រ៉ារ៉ា