នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Kyodo News នៅថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០២៣ ដោយប្រភពពីរដ្ឋាភិបាលអាមេរិកនិងជប៉ុនបានបង្ហើបឱ្យដឹងនាថ្ងៃសុក្រនេះថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី នឹងធ្វើដំណើរមកចូលរួមដោយផ្ទាល់ក្នុងកិច្ចប្រជុំកំពូល G7 ដែលកំពុងប្រារព្ធឡើងនៅទីក្រុងហ៉ីរ៉ូស៉ីម៉ានៃប្រទេសជប៉ុន។
ប្រសិនបើជាការណ៍ពិតមែននោះ វានឹងក្លាយជាដំណើរទស្សនកិច្ចលើកដំបូងបង្អស់របស់លោកប្រធានាធិបតីអ៊ុយក្រែនមកកាន់តំបន់អាស៉ី គិតចាប់តាំងពីរុស្ស៉ីបានបើកការឈ្លានពានទៅលើអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២។ កន្លងមករដ្ឋាភិបាលជប៉ុនបានប្រាប់ឱ្យដឹងថា លោក ហ្សេលេនស្គី នឹងចូលរួមក្នុងការពិភាក្សានៃកិច្ចប្រជុំ G7 តាមប្រព័ន្ធវីដេអូអនឡាញនៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ។ នៅពេលលោក ហ្វូមីអុ គីស៉ីដា នាយករដ្ឋមន្រ្តីជប៉ុន បានបំពេញទស្សនកិច្ចមិនប្រកាសជាមុនទៅកាន់ទីក្រុងកៀវកាលពីថ្ងៃទី២១ ខែមីនា ដើម្បីជួបជាមួយលោក ហ្សេលេនស្គី លោក គីស៉ីដា ក៏បានឱ្យដឹងដែរថា លោក ហ្សេលេនស្គី បានសន្យាចូលរួមកិច្ចប្រជុំ G7 តាមអនឡាញ។
កិច្ចប្រជុំកំពូល G7 មានរយៈពេលសរុប៣ថ្ងៃ គឺចាប់ពីថ្ងៃសុក្រនេះ ដល់ថ្ងៃអាទិត្យ។ ក្នុងខែឧសភានេះ លោក ហ្សេលេនស្គី ក៏ទើបតែបានធ្វើទស្សនកិច្ចទៅកាន់អ៉ីតាលី អាល្លឺម៉ង់ បារាំង និងចក្រភពអង់គ្លេសផងដែរ ខណៈមេដឹកនាំនៃប្រទេសទាំង៤ ឥឡូវកំពុងតែស្ថិតក្នុងប្រទេសជប៉ុន សម្រាប់កិច្ចប្រជុំ G7។ ក្រុមមេដឹកនាំ G7 នឹងត្រូវពិភាក្សាគ្នា អំពីសង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន ហើយសេចក្តីថ្លែងការណ៍រួមត្រូវគេរំពឹងថានឹងរំលេចពីសាមគ្គីភាពរបស់ G7 ក្នុងការបន្តគាំទ្រដល់ទីក្រុងកៀវ ហើយដាក់ទណ្ឌកម្មបន្ថែមកាន់តែខ្លាំងទៅលើទីក្រុងមូស្គូ៕
ដោយ៖ ធីរីណា(រូបថត ៖ TTXVN-VNA)