ព័ត៌មានទាន់ហេតុការណ៍៖

ទៅបង់សំណាញ់ចង់បានត្រី​យកមក​បរិភោគ​ មានអី​លើកឡើង​ព្រឺក្បាល​ខ្ញាក​

ចែករំលែក៖

ខេត្តបាត់ដំបង៖ បុរស​ពីរ​នាក់​ដែលត្រូវ​ជាបងថ្លៃនិងប្អូនថ្លៃ​ បាននាំគ្នា​ទៅបង់សំណាញ់នៅក្នុងស្រះ​បំណង​ដើម្បី​បានត្រីយកមក​ធ្វើម្ហូបបរិភោគ​ ស្រាប់តែបង់បានត្រឹមតែបី​សំណាញ់​ក៏ប្រទះឃើញកាំភ្លើង១ដើមមានបង់៤ ក៏រាយការណ៍ជូនសមត្ថកិច្ចនៅស្រុកមោងឫស្សី​ចុះមកត្រួតពិនិត្យ​មើល​ភ្លាមៗតែម្តង។ 

    តាមប្រភពព័ត៌មានពី​មន្រ្តីនគរបាលមូលដ្ឋាន​ស្រុកមោងឫស្សី​បានឱ្យដឹងថា​ ហេតុការណ៍​ខាងលេីនេះ​បានកេីតឡេីង​កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ម្សិលមិញនេះ​ នៅចំណុចខាងត្បូងភូមិគរ ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ 

    ប្រភពដដែលបន្តថា​ មុនពេលកើតហេតុ​ មានប្រជាពលរដ្ឋចំនួន ០២នាក់ ១.ឈ្មោះ សឿន សុវណ្ណា ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិអូរគ្រៀត ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង និង២.ឈ្មោះ សឺន ឆៃឡេង ភេទប្រុស អាយុ ១១ឆ្នាំ រស់នៅភូមិអូរគ្រៀត ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង (ត្រូវជាប្អូនថ្លៃ) បាននាំគ្នាជិះម៉ូតូ១គ្រឿង ម៉ាកហុងដាវ៉េវអាល់ហ្វា ធុនសេ១០០ ពណ៍ខ្មៅ សេ៊រីឆ្នាំ២០១៩ ពាក់ផ្លាកលេខ ពោធិ៍សាត់ 1J-8478 ទៅបង់ត្រីនៅស្រះ (មិនស្គាល់ម្ចាស់) ពីខាងត្បូងភូមិគរ ឃុំព្រៃស្វាយ ខាងលិចផ្លូវលំក្រាលក្រួសក្រហមចម្ងាយប្រហែល១០ម៉ែត្រ បានបង់ចំនួន ០៣សំណាញ់ ក៏ជាប់កាំភ្លើងអាកាមួយដើមនិងបង់៤ ហើយបានមករាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស្វាយ នៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី។ 

    ក្រោយទទួលបានដំណឹងនេះភ្លាម សមត្ថកិច្ចបានចុះត្រួតពិនិត្យប្រទះឃើញកាំភ្លើង ០១ដើម ម៉ាក AK47 (ស្វាយបត់) ផលិតនៅប្រទេសចិន មានបង់ចំនួន០៤ និងគ្រាប់ចំនួន ១០០គ្រាប់ រុំដោយកន្សែងពោះគោពណ៍ស ច្រកក្នុងថង់ប្លាស្ទិកពណ៌ស រួចរាយការណ៍បន្តជូនមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា CMAC ដើម្បីយកទៅចាត់ការបន្ត។ 

    ឆ្លៀតក្នុងឱកាសនោះ នគរបាលស្រុកមោងឫស្សី អំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានទាំងអស់ សូមអោយមានការប្រុងប្រយ័ត្នខ្ពស់នូវយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ឬអាវុធខូចគុណភាពផ្សេងៗត្រូវរាយការណ៍ជាបន្ទាន់ជូនសមត្ថកិច្ចជៀសវាងការកើតមានគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌនិងអាវុធទាំងនោះជាយថាហេតុ៕

ដោយ​៖សហការី​


ចែករំលែក៖