ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកទំនិញធុនធំបុកកិនបុរសម្នាក់ដើរឆ្លងផ្លូវបែកក្បាលស្លាប់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ រថយន្តធុនធំប្រភេទដឹកទំនិញបានបុកកិនបុរសម្នាក់បែកក្បាលធ្លាយខួរស្លាប់ ខណៈជនរងគ្រោះកំពុងដើរឆ្លងផ្លូវនៅវេលាម៉ោង៦និង២៥នាទីល្ងាច ថ្ងៃទី១៩ ខែ ឧសភាឆ្នាំ២០២៣ នៅមុខផ្សារកណ្តាលតាមបណ្តោយផ្លូវជាតិលេខ៥ ឋិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

    ពលរដ្ឋឃើញហេតុការណ៍ប្រាប់ថាៈ  ជនរងគ្រោះបានដើរឆ្លងផ្លូវជាតិលេខ៥ពីខាងត្បូងទៅខាងជើង  ស្របពេលរថយន្តធុនធំប្រភេទដឹកទំនិញពាក់ផ្លាកលេខភ្នំពេញ 3D.0407 បើកបរពីលិចទៅកើត បានកៀរនិងកិនជនរងគ្រោះបែកក្បាលធ្លាយខួរស្លាប់តែម្តង។

    ប្រភពបន្តថា ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណ មានអាយុប្រហែលជាង២០ឆ្នាំកម្ពស់១ម៉ែត្រ៦៥សង់ទីម៉ែត្រសម្បុរខ្មៅស្រអែម ពាក់អាវយឺតដៃខ្លីពណ៌ខៀវ ស្លៀកខោខូវប៊យ មានស្នាមសាក់ នៅកំភួនដៃខាងឆ្វេង។

នគរបាលក្រុងប៉ោយប៉ែតប្រាប់ថា រយៈពេល១ម៉ោងជាងនៅមិនទាន់ដឹងសាច់ញាតិនៅឡើយទេ ហើយនៅលើខ្លួនជនរងគ្រោះក៏គ្មានអត្តសញ្ញាណអ្វីសម្គាល់ខ្លួនដែរ ទើបកម្លាំងនគរបាលក្រុងប៉ោយប៉ែតបានសម្រេចយកសពទៅតម្កល់នៅវត្តផ្សារកណ្តាល ដើម្បីរង់ចាំសាច់ញាតិនៅពេលក្រោយ។ ចំណែកអ្នកបើកបររថយន្តខាងលើបានរត់គេចខ្លួនបាត់បន្សល់រថយន្តនៅកន្លែងកើតហេតុ ។

ក្រោយពីវាសវែងរួចសមត្ថកិច្ចសម្រេចយករថយន្តបង្កទៅទុកនៅកន្លែងអធិការដ្ឋាននគរបាលក្រុងដើម្បីរកមុខម្ចាស់ចូលខ្លួនដោះស្រាយតាមផ្លូវច្បាប់៕ 

ដោយ ៖ វណ្ណា


ចែករំលែក៖