ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងស្រីអង្គុយលក់ក្រឡានម្នាក់ត្រូវជនមិនស្គាល់មុខចាប់រុញចូលក្នុងរថយន្ត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ ក្មេងស្រីម្នាក់តែងតែអង្គុយលក់ក្រឡាននៅក្បែរស្ពានក្រឡក្នុងស្រុកមង្គលបូរីត្រូវជនមិនស្គាល់អត្តសញ្ញាណចាប់រុញចូលក្នុងរថយន្តនៅថ្ងៃទី១៩ខែឧសភាឆ្នាំ២០២៣នៅម្ដុំស្ពានក្រឡឋិតក្នុងភូមិគោកទន្លាប់ ឃុំបន្ទាយនាង ស្រុកមង្គលបូរី។

 តាមការរៀបរាប់ពីបុរសម្នាក់តាមទូរស័ព្ទនៅព្រឹកថ្ងៃទី២០ខែឧសភាឆ្នាំ២០២៣ឈ្មោះ ឆប សុធា អាយុ៤១ឆ្នាំត្រូវជាពូឱ្យដឹងថាៈ ក្មួយស្រីដែលត្រូវជនមិនស្គាល់មុខចាប់ដាក់រថយន្តមានឈ្មោះ ស៊ី នាន ភេទស្រីអាយុ២០ឆ្នាំមានប្ដីនិងមានកូនប្រុសមួយរស់នៅភូមិពោធិ៍រាង ឃុំអូរប្រសាទស្រុកមង្គលបូរី។

 បុរសខាងលើអះអាងថាៈ មុនកើតហេតុក្មួយរបស់គាត់តែងតែទៅលក់ក្រឡាននៅក្បែរស្ពានខាងលើជារៀងរាល់ថ្ងៃ លុះដល់ថ្ងៃកើតហេតុមានបុរស២នាក់ជិះរថយន្តហាយឡេនឌ័រពណ៌ប្រាក់ដែលមានស្លាកលេខកន្ទុយ១១បានប្រទាញប្រទួងគ្នាចាប់រុញចូលក្នុងរថយន្តរួចបើកសំដៅមកខេត្តបន្ទាយមានជ័យ តែមិនដឹងថាបន្តដំណើរទៅណាទៀតនោះឡើយ។

គាត់បញ្ជាក់ថាៈ ក្មេងស្រីខាងលើបានប្រាប់ម្ដាយកាលពីមិនទាន់បាត់ខ្លួនថាគាត់ធ្លាប់ស្គាល់បុរសទាំងពីរនាក់ថានៅក្រុងប៉ោយប៉ែតតែមិនដឹងថាផ្ទះជនសង្ស័យរូបនោះនៅភូមិអ្វី តែបុរសរូបនោះថាក្មួយគាត់មិនដែលមកប៉ោយប៉ែតនោះទេហើយការស្គាល់គ្នានោះតាមរយៈទិញក្រឡាន ទោះយ៉ាងណាគាត់ថាមិនគួរជនសង្ស័យនោះចាប់ក្មួយគាត់រុញចូលក្នុងរថយន្តនោះទេ ព្រោះក្មួយរបស់គាត់មិននៅលីវ ព្រោះគាត់មានប្ដីមានកូនប្រុសមួយរួចទៅហើយ តែការចាប់នោះអាចសង្ស័យយកទៅធ្វើបាបច្រើនជាង។ប៉ុន្តែក្រុមគ្រួសារកំពុងស្វែងរកនិងបានដាក់ពាក្យបណ្ដឹងទៅស្នងការនគរបាលខេត្តបន្ទាយមានជ័យដើម្បីស្វែងរកក្មួយរបស់គាត់និងជនសង្ស័យរួចហើយដែរ។

ហើយនឹងបានដាក់លេខទូរស័ព្ទដូចខាងក្រោមនេះបើបងប្អូនជួបប្រទះឃើញសូមជួយផ្ដល់ព័ត៌មានមកផងទូរស័ព្ទ#0884374747 ,069731555 ,085910002 ៕

ដោយ ៖ វណ្ណា


ចែករំលែក៖