ភ្នំពេញ ៖ គេតែងតែបានឃើញថា, នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក មានបងប្អូនប្រជាពលរដ្ឋយើងជាច្រើន បានបង្កើតមុខរបរ លក់តាមប្រព័ន្ធអនឡាញ។ ករណីខ្លះ ជាមុខរបរមានភាពស្មោះត្រង់ , ករណីខ្លះទៀត បង្កើតជាមុខរបរមិនច្បាស់លាស់ ក្លាយទៅជាជម្លោះ , ខ្វះទំនុកចិត្តគ្នា រហូតដល់ចោទប្រកាន់ថាជាអំពើបោកប្រាស់ ។
ជាក់ស្ដែង បញ្ហាពូឈឹម លក់សាច់ក្រក មានអតិថិជនមួយចំនួនបានបង្ហោះ សង្ស័យថា, ពូឈឹម ផ្សព្វផ្សាយផ្សេង ដោយឡែកការលក់ មិនបានបំពេញដូចការនិយាយ ឬតាមករណីកក់ប្រាក់របស់អតិថិជន។
មានគណនី facebook មួយឈ្មោះថា , ( បឹង ស្នោរ ) បាន បង្ហោះថា, 🙏ជួយshareផងបងប្អូន ដើម្បីកុំអោយបងប្អូនប្រជាពលរដ្ឋយើងចាញ់បោកអាឈឹមបន្តទៅទៀត ប្រយ័ត្នចូលអន្ទាក់វា យកល្អកុំពាក់ព័ន្ធជាមួយក្រុមវា តែហ៊ានដាក់ទុនរកសុីជាមួយវា ច្បាស់ជាឈឺចាប់ជាមិនខាន អស់ទាំងលុយខាតបង់ទាំងពេលវេលា ពេលបានលុយដល់ដៃពួកវាហើយ គ្មានសាច់ក្រកអោយយើងលក់ដូចការសន្យារបស់វាទេ ពាក្យដែលវាថាសាច់ក្រកចេញមួយថ្ងៃៗរាប់ពាន់មុឺនគីឡូនោះសុទ្ធតែជាពាក្យកុហកបោកប្រាស់ដើម្បីទាក់ទាញចំណាប់អារម្មណ៍តែប៉ុណ្ណោះ ពេលលុយដល់ដៃ វាយកសាច់ក្រកមកអោយយើងលក់ម្តង2គីឡូម្តង3គីឡូ មិនបានតាមការកម្មង់របស់យើងទេ ហើយជួនកាលមួយអាទិត្យឬពីរអាទិត្យទើបយកសាច់ក្រកមកអោយ ចង់មានសាច់ក្រកលក់រឺអត់គឺវាអត់ខ្វល់ លើកចុងក្រោយរយ:ពេលប្រហែល2ខែ គ្មានសាច់ក្រកសូម្បីមួយដុំយកមកអោយ សំខាន់ឆាតមិនមើលហើយមិនខ្ចីតប អត់មានជម្រើសខ្ញុំក៏តាមសើបទៅដល់ផ្ទះរបស់វា ចម្លើយគឺអត់មានបុគ្គលិកធ្វើការ(អត់មានអ្នកធ្វើសាច់ក្រក) ចឹងវាផុសថាសាច់ក្រករបស់វាចេញរាល់ថ្ងៃរាប់សិបគីឡូ អាហ្នឹងយ៉ាងមិចវិញ? បងប្អូនជួយពិចារណាមើលទៅ ។
អ្វីៗសុទ្ធតែមានព្រំដែន ខ្ញុំខំអត់ធ្មត់អស់ដែនកំណត់ហើយ អស់រយៈពេលជាង5ខែកន្លងមកហើយដែលខ្ញុំទ្រាំនឹងទង្វើថោកទាបរបស់ពួកវា ខ្ញុំខំអត់ធ្មត់ទ្រាំនិងពាក្យកុហកបោកប្រាស់លេស100ជំពូករបស់ពួកវា បៀមការឈឺចាប់ព្រោះស្តាយកំលាំងញើសឈាមដែលខំរកដោយលំបាក សំណាងមួយដែលអត់តាមវាទៅជួលផ្ទះគេលក់សាច់ក្រកវា កុំអីវណ្ឌកបន្ថែមទៀត សរុបមកមានជនរងគ្រោះដោយសារទង្វើថោកទាបរបស់វាច្រើនណាស់ ពួកហ្អែងរកសុីបោកកំលាំងញើសឈាមគេ គង់តែវិនាសទេ កម្មពារមានពិត 🙏🙏🙏សូមអរគុណសម្រាប់ការចែករំលែក។
តាមរយៈនៃសំឡេងជនរងគ្រោះ បានផ្តល់បទសម្ភាសន៍ ជាមួយ គេហទំព័រ ព័ត៌មាន ក្នុងស្រុក គឺនិយាយ មិនទុកមុខទុកមាត់ អោយ ឈ្មោះ ឈឹម លក់សាច់ក្រកនោះឡើយ។ គឺចង់បញ្ជាក់ថា, ទោះជា ឈ្មោះឈឹម លក់សាច់ក្រក បកស្រាយយកត្រូវដោយខ្លួនឯងយ៉ាងណាក៏ដោយ ក៏អតិថិជន ដែលរងគ្រោះ បានលើកឡើងថា, ការបកស្រាយរបស់ឈ្មោះ ឈឹមលក់សាច់ក្រក និយាយគ្មានការពិត , ដោយពួកគាត់បានបញ្ចេញជាសារសំឡេងថា, “ខ្ញុំមិនមែនទើបនឹងចាប់ផ្ដើមរកស៊ីជាមួយគាត់ទេ តាមពិតយូរហើយ ! តាំងពីជំនាន់សាច់ ក្រកវាផ្ទុះ ឃើញល្បីហ្នឹង , មិនទាន់ឃើញព័ត៌មានមីងម្នាក់នៅព្រៃវែងចាញ់បោកនោះទេ ខ្ញុំក៏បានបោះទុនរកស៊ី ជាមួយ (ឈ្មោះឈឹម) “។ ដល់ពេលផ្ទុះព័ត៌មាន ក៏ស្រង៉ាកចិត្ត អស់កម្លាំងចិត្ត តែចេះតែប្រឹងលក់ទៅ , ប្រឹងលក់នេះ លក់ទាំងពិបាក តឹងទ្រូង , តឹងទ្រូងដូចអ្វីដែលបានបង្ហោះអញ្ចឹង , ដោយសារមិនយកមកប្រគល់តាមការកុម្ម៉ង់ , ដូចជាកម្មង់ 10 គីឡូក្រាម បែរជាយកមកឱ្យម្ដង 1 គីឡូ, បីគីឡូ, 5 គីឡូ , ហើយក៏មិនមែនយកមកឱ្យភ្លាមៗ តាមយើងកម្មង់ ដូចដែល (ឈ្មោះឈឹម) និយាយ នោះឡើយ។ យកមកឱ្យ លឿនបំផុត 3 ថ្ងៃ , យូរៗទៅមួយអាទិត្យ , យូរៗទៅកន្លះខែ , ហើយចុងក្រោយនេះ ជិតពីរខែគាត់អត់ខ្វល់តែម្តងរឿងសាច់ក្រកអោយយើង។ ជនរងគ្រោះបានបន្តថា, ខ្លួនបាន កក់ប្រាក់រហូតដល់ 2000 ដុល្លារ ដោយយល់ឃើញថា សាច់ក្រករបស់គាត់កាលនោះមិនទាន់មានឈ្មោះបោកគេទេ។ 2000$ ដុល្លារនេះ បាញ់លុយឲ្យប្រពន្ធរបស់គាត់ ។ បាញ់លុយឱ្យ2000$ ដុល្លារហើយ ស្អែកឡើងក៏ផ្ទុះរឿងនេះ ទទួលព័ត៌មានថាបោកលុយគេនៅព្រៃវែង ជិត 10000 ដុល្លារ ។
ជនរងគ្រោះបានបន្តថា, ខ្លួនបានលង់ខ្លួនបាត់ទៅហើយចាញ់បោក ទើបសួរទៅឈ្មោះ ឈឹម ថា, ម៉េចហើយបែរជាមានព័ត៌មានបែបនេះកើតឡើង, ឈ្មោះឈឹមនោះ ក៏ប្រាប់ថាមិនបាច់គិតអីទេ គេនិយាយជារឿងរបស់គេទៅ ! ។
សូមបញ្ជាក់ថា, បញ្ហារឿង (ឈឹមលក់សាច់ក្រក) ត្រូវបានបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក , គេហទំព័រ បានផ្សព្វផ្សាយព្រោងព្រាត រហូតដល់ឈ្មោះឈឹមលក់សាច់ក្រក ចេញវីដេអូ បកស្រាយ ប៉ុន្តែការបកស្រាយទាំងនោះ ត្រូវបានអតិថិជន ដែលជាជនរងគ្រោះ ថាឈ្មោះឈឹមនិយាយមិនពិត។
ទោះយ៉ាងណាក៏ដោយ នៅរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ ពូ ឈឹម លក់សាច់ក្រក ដែលមានគណនី ហ្វេសប៊ុក ឈ្មោះ ( អ្នកគាំទ្រពូឈឹម) អង្គភាពមជ្ឈមណ្ឌលព័ត៌មាន” នគរវត្ត” មិនអាចទាក់ទងសុំការបំភ្លឺបានទេ។ ប៉ុន្តែជិតប្រាំម៉ោងមុននេះ លើហ្វេសប៊ុក ឈ្មោះ ( អ្នកគាំទ្រពូឈឹម) បានបង្ហោះថា, បញ្ហាធ្លាប់ជួបច្រើនណាស់ហើយ តែយើងដោះជាប្រចាំ តូចដោះតាមតូច ធំដោះតាមធំដោយប្រាជ្ង បញ្ញាតាមកាល:ទេស: ហើយស្របតាមគោលការណ៍ច្បាប់ជាតិ។ អ្នកមិនពាក់ព័ន្ធ កុំចេះ កុំដឹង កុំយល់គ្រប់រឿង កុំធ្វើតួឯក កុំជោរតាមគេញោះ រឿងគេទុកឲ្យគេដោះ រឿងយើងចាំយើងដោះ កុំច្រឡំតួនាទី ការទទួលខុសត្រូវ ម្យ៉ាងវិញទៀត កុំចង់រែកពន្ធជួសគេ ដោះរឿងគ្រួសារយើងឲ្យ អស់សិនទៅ បើចង់គេងចំណេញប្រជាប្រិយភាពលើពូឈឹម ក៍ត្រូវចេះថ្លឹងមើលដែរ កុំឲ្យលើសពេកគ្រោះថ្នាក់ណាស់ ដូចពាក្យចាស់ពោលថា (សាច់មិនបានសុីយកឆ្អឹងព្យូរករ)។
សូមបញ្ជាក់ថា, នៅលើរូប ពូជឈឹមលក់សាច់ក្រក មានលេខទូរស័ព្ទ 061 222 111 , អង្គភាពមជ្ឈមណ្ឌលព័ត៌មាន” នគរវត្ត”ក៏បានធ្វើការទំនាក់ទំនងតាមលេខទូរស័ព្ទនេះ ហើយឆ្លើយតបថា, ខ្ញុំឈ្មោះ លានអាព្រី គីនីន លេខទូរស័ព្ទនេះជាលេខក្រុមហ៊ុន ហើយដែលខ្ញុំជាអ្នកកាន់ ក្រុមហ៊ុនសាច់ក្រកពូឈឹមក្ស័យធនហើយ ! រឿងអតីតកាលរបស់គាត់ពុំមានពាក់ព័ន្ធជាមួយ នឹងក្រុមហ៊ុនបច្ចុប្បន្នទេ ។ លោកបន្តថា អីចឹងទៅមើលការ ឡាយវីដេអូ របស់ខ្ញុំ ដែលខ្ញុំចាប់ផ្តើមចុះកិច្ចសន្យាជាមួយគ្នា ប្រហែលជា ៣ខែមុនទៅ ដូច្នេះរឿងក្រោយពី៣ខែហ្នឹង គឺមិនមានពាក់ព័ន្ធជាមួយ នឹងកិច្ចការងារនៅក្នុងផ្ទៃក្នុងក្រុមហ៊ុនរបស់ខ្ញុំទេ តាមពិតសាច់ក្រកនេះក្ស័យធនហើយ តែដោយសារ ខ្ញុំឃើញថា សាច់ក្រកនេះវាមានរសជាតិ វាមានទីផ្សារវាដើរហើយ ត្រង់ថា គាត់ដើរខុសគោលដៅ ឬយកលុយនោះមកប្រើខុសទីតាំងគោលដៅ នោះវាធ្វើអោយលេចរឿងរបស់គាត់ ! ខ្ញុំសូមអរគុណហើយ បានសួរ ។
សូមជម្រាបជូនថា, អតិថិជន ត្រូវសិក្សាឱ្យបានច្បាស់លាស់ ពីបុគ្គលិកលក្ខណៈរបស់បុគ្គល នៃក្រុមហ៊ុននីមួយៗ ជៀសវាងការខាតបង់ ដោយការទុកចិត្តជ្រុល ងាយរងគ្រោះ ខាតបង់ទ្រព្យសម្បត្តិ ពេលវេលា បន្សល់នៅតែការឈឺចុកចាប់នេះជាដើម ៕
ដោយ ៖ សហការី