ព័ត៌មានទាន់ហេតុការណ៍៖

អកុសល​ម្ល៉េះ! បុរសម្នាក់ចេញពីធ្វើការជិះម៉ូតូត្រឡប់ទៅផ្ទះវិញ ស្រាប់តែដួលម៉ូតូត្រូវរថយន្តកុងតឺន័រកិនចំដងខ្លួនស្លាប់ភ្លាមៗ

ចែករំលែក៖

ភ្នំពេញ៖ បុរសជាជាងដែកម្នាក់បានជិះម៉ូតូចេញពីធ្វើការយ៉ាង​លឿនដោយមិនប្រយ័ត្ន​ ស្របនឹងផ្លូវកោងផងក៏ចាប់ហ្វ្រ័ងបង្ខំបណ្តាលឱ្យដួលម៉ូតូហើយខ្ទាតមនុស្សចូលទៅក្រោមរថយន្តកុងតីន័រកិនស្លាប់ភ្លាមៗនៅកន្លែងកើតហេតុគួរឱ្យរន្ធត់បំផុត។

​     ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង៥និង ២០នាទីល្ងាចថ្ងៃទី២០ ខែឧសភា​ ឆ្នាំ ២០២៣​ នៅត្រង់ចំណុចផ្លូវ៣០ម៉ែត្រស្ថិតនៅក្នុងភូមិធម្មត្រ័យ​ សង្កាត់ព្រៃស​ ខណ្ឌដង្កោ។

​    សពជនរងគ្រោះមានឈ្មោះ រិន ចន្ទី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាងដែក មានទីលំនៅភូមិជើងកូត ឃុំសូរភី ស្រុកបាទី ខេត្តតាកែវ។ 

​   តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា​ នៅមុនពេលកើតហេតុ​គេសង្កេតឃើញថាមេឃកំពុងតែធ្លាក់ភ្លៀង ហើយភ្លាមនោះដែរក៏មានបុរសជាជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដាឌ្រីម​ ពណ៌ខ្មៅ​មួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 1JE-7416តែម្នាក់ឯងធ្វើដំណើរតាមបណ្ដោយផ្លូវ ៣០ម៉ែត្រ​ក្នុងទិសដៅពីជើងទៅត្បូងយ៉ាងលឿន​ ខណៈមកដល់ចំណុចកើតហេតុ​ ស្របពេលផ្លូវកោងផង ក៏មានរថយន្តសណ្តោងទូកុងតឺន័រមួយគ្រឿងពណ៌សំបកឪឡឹក​ ពាក់ផ្លាកលេខ​  ភ្នំពេញ 3C-3976 ធ្វើដំណើរតាមបណ្ដោយផ្លូវ៣០​ម៉ែត្រដូចគ្នាក្នុងទិសដៅពីលិចទៅកេីត​ លុះមកដល់កន្លែងកើតហេតុក៏បានបួងចង្កូតបត់ឆ្វេង ពេលនោះបុរសជាជនរងគ្រោះដែលជិះម៉ូតូបានអកហ្សឺចាប់ហ្រ្វ័ងដួលម៉ូតូខ្ទាតមនុស្សចូលទៅក្រោមកង់រថយន្តបណ្ដាលឱ្យរថយន្តកិនពីលើចំទ្រូងស្លាប់មួយភ្លាមរំពេច​នៅកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម។​ ភ្លាមៗនោះអ្នកបើកបររថយន្តបង្កក៏បានបើកទ្វារចុះរត់គេចខ្លួនបាត់ស្រមោលបន្សល់តែរថយន្តនៅកន្លែងកើតហេតុ។

​    ក្រោយពេលកើតហេតុ​  សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយនឹងសមត្ថកិច្ចជំនាយចរាចរណ៍ខណ្ឌដង្កោ​ ចុះទៅដល់កន្លែងកើតហេតុក៏បានធ្វើការវាស់វែងយករថយន្តនិងម៉ូតូប្រគល់ទៅឲ្យការិយាល័យចរាចរណ៍ផ្លូវគោរាជធានីភ្នំពេញ  រ​ង់ចាំដោះស្រាយគ្នានៅពេលក្រោយ។​ ចំណែកសពជនរងគ្រោះ​ ត្រូវបានប្រកល់ឱ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖