ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ អនុញ្ញាតិឱ្យប្រធានក្រុមប្រឹក្សាភិបាលសមាគមកម្ពុជា-ចិន ដើម្បីផ្លាស់ប្តូរការអប់រំ ចូលជួបសំដែងការគួរសម

ចែករំលែក៖

ភ្នំពេញ​៖​ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអនុញ្ញាតិឱ្យលោក កាវ ជាន (Mr. Gao Jian) ប្រធានក្រុមប្រឹក្សាភិបាល សមាគមកម្ពុជា ចិន ដើម្បីផ្លាស់ប្តូរការអប់រំ CCEEA ដឹកនាំគណ:ប្រតិភូចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង នាព្រឹក ថ្ងៃចន្ទ ៣កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ។

ថ្លែងក្នុងឱកាសនោះ លោក កាវ ជាន បានថ្លែងកោតសសើរចំពោះការអភិវឌ្ឍន៍ ឆាប់រហ័សរបស់ព្រះជាណាចក្រកម្ពជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ និងពាំនាំនូវការសាកសួរសុខទុកពីសំណាក់បក្ស និងរដ្ឋាភិបាលចិន ជូនចំពោះសម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដោយសេចក្តីនឹករលឹក។

លោក កាវ ជាន បានបង្ហាញអំពីបំណងរបស់លោកក្នុងការបង្កើតសាកលវិទ្យាល័យបច្ចេកទេសមួយ ផ្នែកវិទ្យាសាស្ត្រ នៅព្រះរាជាណាចក្រកម្ពុជា ដែលមានការទទួលស្គាល់ពីរដ្ឋាភិបាលកម្ពុជា-ចិន ។ សាកលវិទ្យាល័យនេះនឹងផ្តល់ឱកាសប្រទេសទាំងពីរបានស្វែងយល់កាន់តែច្បាស់លើវិស័យសិក្សាធិការ និងវិស័យវិទ្យាសាស្ត្រ និងបានបង្កើននូវបច្ចេកទេសក្នុងការសិក្សាស្រាវជ្រាវបានថែមមួយកម្រិតទៀត ។ 

ជាការឆ្លើយតប សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា ចំណងមិត្តភាព កម្ពុជា-ចិន គឺជាមិត្តដែកថែប ប្រទេសទាំងពីរបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹង និងជម្រុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ កម្ពុជា-ចិន រួមទាំងគំនិតផ្តួចផ្តើមលើគោលការណ៍ ផ្លូវនិងខ្សែរក្រវ៉ាត់ របស់លោកប្រធាន​ ស៊ី​ ជិនពីង ឱ្យទទួលបានជោគជ័យឡើងដល់បំណុចកំពូលថ្មីៗជានិច្ច។ 

សម្តេចកិត្តិសង្គហបណ្ឌិត​ បានបន្តទៀតថា ៖ ចំពោះគម្រោងបង្កើតសកលវិទ្យាល័យបច្ចេកទេស គឺសម្តេចមានការគាំទ្រយ៉ាងពេញទំហំ ចំពោះគំនិតផ្តួចផ្តើមនេះ ។ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានជម្រាបជូន លោក កាវ ជាន ត្រូវធ្វើសំណើរទៅកាន់ លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ និងយុវជននិងកីឡា ដើម្បីពិភាក្សាលើគម្រោងនេះឱ្យបានស៊ីជម្រៅបន្ថែមទៀត ៕

ដោយ​៖ សហការី​


ចែករំលែក៖