ព័ត៌មានទាន់ហេតុការណ៍៖

លោក ស សុខា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំង អតីតយុទ្ធជន និវត្តជន អាចារ្យ គណៈកម្មការវត្ត និងអ្នកប្រកបរបរក្រៅប្រព័ន្ធ សរុបចំនួន ១ ៨៦១នាក់

ចែករំលែក៖

ខេត្តព្រៃវែង ៖ នាព្រឹកថ្ងៃចន្ទ ៣កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣នេះ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំង អតីតយុទ្ធជន និវត្តជន អាចារ្យ គណៈកម្មការវត្ត និងអ្នកប្រកបរបរក្រៅប្រព័ន្ធ សរុបចំនួន ១ ៨៦១នាក់ ក្នុងស្រុកពាមជរ ខេត្តព្រៃវែង។

ក្នុងនាមសម្តេចក្រឡាហោម ស ខេង ឧបនាយក​រដ្ឋមន្ត្រី និងជាប្រធានក្រុមការងារ លោក ស សុខា បានថ្លែងអំណរគុណ កោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះមន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងស្រុកពាមជរដែលខិតខំបំពេញការងារតាមតួនាទីភារកិច្ចរៀងៗខ្លួន ប្រកប​ដោយស្មារតីទទួលខុសត្រូវខ្ពស់សំរេច បានសមិទ្ធផលនានាជាច្រើន ធ្វើឱ្យស្រុកមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ចូលរួមអនុវត្តសម្រេចដោយជោគជ័យនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។​

លោកក៏បានបង្ហាញការដឹងគុណ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះ​អតីតយុទ្ធជន និងនិវត្តជនទាំងអស់ក្នុងស្រុកពាមជរ ដែលបានតស៊ូលះបង់ ​ធ្វើពលិកម្មយ៉ាងលំបាកលំបិន ចូលរួមនាំមកនូវ​សន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងវឌ្ឍនភាពសង្គម ដូចសព្វថ្ងៃ។ លោកបានគូសបញ្ជាក់ថាថ្នាក់ដឹកនាំជាតិ ក៏ដូចជាយុវជនជំនាន់ក្រោយ បានកត់ត្រាក្នុងបេះដូង និងចងចាំ​ទុកជាប្រវត្តិសាស្ត្រនូវគុណបំណាច់ និងស្នាដៃរបស់អតីតយុទ្ធជន និងនិវត្តជនគ្រប់ជំនាន់ក្នុងការរួមចំណែកដើម្បីបុព្វហេតុជាតិ និងប្រជាជន។ 

  លោក បានគូសបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយ​គតិបណ្ឌិត​របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយ និងវិធានការ​នានាដោយមានការគាំទ្រ និងការចូលរួមពីមន្ត្រីរាជការ កងកម្លាំង​មានសមត្ថកិច្ច អាជ្ញាធរគ្រប់លំដាប់ថ្នាក់និងប្រជាពល  ក្នុងនោះរួមទាំងក្នុងស្រុកពាមជរផងដែរ ធ្វើឱ្យប្រទេសជាតិអាចជម្នះបាននូវបញ្ហាប្រឈមនានាជាសាកល រួមទាំងជំងឺកូវីដ-១៩ ព្រមទាំងទប់ស្កាត់បាននូវរាល់ឧបាយកលទុច្ចរិតរបស់ក្រុមប្រឆាំងជ្រុលនិយម រក្សាបានសុខសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

នាឱកាសនោះដែរ លោក ស សុខា ក៏បានជម្រាបជូនអង្គពិធីអំពីសមិទ្ធផលរយៈពេល៥ឆ្នាំ របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៦ និងទិសដៅការងារដែលត្រូវបន្តខិតខំប្រឹងប្រែងរួមគ្នា សម្រេចឱ្យបានក្នុងឆ្នាំ២០២៣ និងសម្រាប់រយៈពេល ៥ឆ្នាំខាងមុខ ព្រមទាំងបង្ហាញសុទិដ្ឋិនិយម​ថាតាមរយៈការគាំទ្រ ការចូលរួមរបស់ប្រជាពលរដ្ឋ និងការប្តេជ្ញាចិត្តខិតខំបំពេញកិច្ចការងាររបស់​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កម្ពុជានឹងបន្តអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ស្របតាមគោលដៅរំពឹងទុកក្នុងរយៈពេល ៥ឆ្នាំ ខាងមុខ៕

ដោយ ៖ សហការី


ចែករំលែក៖