ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើករថយន្តលឿនបួងចង្កូតមិនទាន់ឡើងលើខឿនផ្លូវទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់មួយដើមរាបដល់ដី

ចែករំលែក៖

     ភ្នំពេញ ៖ បុរសម្នាក់រួមដំណើរជាមួយមនុស្សប្រុសស្រី៣នាក់ទៀត បានបើករថយន្តយ៉ាងលឿនមិនប្រយ័ត្នបួងចង្កូតឡើងលើខឿនផ្លូវទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់អស់មួយដើមរាបដល់ដី។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៣និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវ R៨ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

     ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាក Ford Ranger ពណ៌សមួយគ្រឿងពាក់ស្លាកលេខបន្ទាយមានជ័យ 2C-1777 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយមនុស្សប្រុសស្រី២នាក់ទៀត ធ្វើដំណើរតាមបណ្ដោយផ្លូវ R៨ ក្នុងទិសដៅពីលិចទៅកើតយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុពុំដឹងជាមានបញ្ហាអ្វីនោះទេ ស្រាប់តែរេចង្កូតទៅខាងស្តាំដៃឡើងលើខឿនផ្លូវជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមពេញទំហឹងបាក់រាបដល់ដី ចំណែកឯរថយន្តបង្កវិញបានក្រឡាប់ផ្ងារជើង តែសំណាងល្អមិនបង្កឱ្យមានគ្រោះថ្នាក់ដល់មនុស្សឡើយ។ ក្រោយកើតហេតុភ្លាមៗម្ចាស់រថយន្តបង្កនិងអ្នករួមដំណើរក៏បានគេចចេញពីកន្លែងកើតហេតុបាត់ស្រមោលអស់ទៅ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្រះចក បានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍រាជធានីឱ្យចុះមកធ្វើកំណត់ហេតុស្ទូចយករថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំឱ្យភាគីម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖